38 C
Phnom Penh

លោក ហ៊ុន ម៉ាណែត បបួលលោក សមរង្ស៊ី ភ្នាល់គ្នាករណីការចោទប្រកាន់សញ្ញាបត្ររបស់លោក ក្លែងក្លាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន ម៉ាណែត បបួលលោក សមរង្ស៊ី ភ្នាល់គ្នាករណីការចោទប្រកាន់សញ្ញាបត្ររបស់លោក ក្លែងក្លាយ

ប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត កូន បានប្រកាសជាសាធារណៈដោយបបួលភ្នាល់ជាមួយលោក សម រង្ស៉ី ពាក់ព័ន្ធការចោទប្រកាន់ថា សញ្ញាបត្រពីសាលា West Point របស់លោក ហ៊ុន ម៉ាណែត ជាសញ្ញាបត្រក្លែងក្លាយ។

លោក ហ៊ុន ម៉ាណែត ប្រកាសភ្នាល់ដោយដាក់លក្ខខណ្ឌថា នឹងលាលែងតួនាទីទាំងអស់ក្នុងជួរកងកម្លាំងប្រដាប់អាវុធ ហើយធ្វើជាប្រជាជនស៊ីវិលជារៀងរហូត ចំណែកលោក សម រង្ស៉ី លាឈប់ពីនយោបាយជារៀងរហូត។

លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នេះថា ការភ្នាល់គ្នាជាសាធារណៈ ជារឿងមួយដែលលោកមិនសូវចង់ធ្វើទេ ប៉ុន្តែពេលខ្លះគ្មានជម្រើសផ្សេងក្នុងការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក។

ការបបួលភ្នាល់របស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងក្រោយពីលោក សមរង្ស៊ី កាលពីថ្ងៃទី២៨ ខែកញ្ញា បាននិយាយជាសាធារណៈទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកនៅសហរដ្ឋអាមេរិក បានចោទថា សញ្ញាបត្រដែលលោកទទួលបានពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point ជាសញ្ញាបត្រក្លែងក្លាយ និងគ្រាន់តែជាសញ្ញាបត្រការទូតសម្រាប់ផ្តល់ឲ្យនិស្សិតយោធាបរទេសដើម្បីជាការលើកទឹកចិត្តតែប៉ុណ្ណោះ ហើយនិស្សិតបរទេសមិនបាច់ខំរៀនក៏បានចូលនិងបានជាប់ដោយងាយដែរ។

សាព័ត៌មាន The Cambodia Daily បានព្យាយាមសុំការអធិប្បាយពីលោក សមរង្ស៊ី និងលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែរ ប៉ុន្តែលោកមិនលើកទូរស័ព្ទ។

លោក ហ៊ុន ម៉ាណែត អះអាងថា ក្នុងនាមលោកជាក្មេងជំនាន់ក្រោយម្នាក់លោក យល់ថា លោក សម រង្ស៊ី ដែលបានតាំងខ្លួនជាអ្នកនយោបាយជើងចាស់ និងជាអ្នកចេះដឹងខ្ពស់មានសញ្ញាបត្រពីប្រទេសបារាំង ប្រាកដមិនខ្លាចនឹងការភ្នាល់គ្នាទេដើម្បីការពារនូវអ្វីដែលគាត់ហ៊ាននិយាយជាសាធារណៈនោះទេ ប្រសិនបើលោកពិតជាចង់រក្សាតម្លៃជាគំរូដល់អ្នកគាំទ្ររបស់គាត់ ជាពិសេសយុវជនជំនាន់ក្រោយ។

ប៉ុន្តែប្រសិនបើសិនជាលោក សម រង្ស៊ី មិនហ៊ានភ្នាល់ ឬមិនអាចបង្ហាញនូវភស្តុតាងដើម្បីការពារនូវអ្វីដែលគាត់បាននិយាយនោះទេ គាត់នឹងបង្ហាញថា គាត់ជាអ្នកនយោបាយម្នាក់ដែលចាស់តែអាយុ មានចំណេះដឹងខ្ពស់តែនៅលើក្រដាសសញ្ញាបត្រ គ្មានការទទួលខុសត្រូវ និងគ្មានភាពជាគំរូដល់យុវជនជំនាន់ក្រោយឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស