38 C
Phnom Penh

មន្រ្តីយោធាជាច្រើនបានសំរេចចិត្តបោះបង់តួនាទីរបស់ខ្លួនដើម្បីជ្រើសរើសយកងារជាឧកញ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិឲ្យដឹងថា យ៉ាងហោចណាស់មានមន្ត្រីយោធា ២៤ នាក់ បានស្ម័គ្រចិត្តបោះបង់តួនាទីក្នុងជួរកងកម្លាំងប្រដាប់អាវុធ ដើម្បីបន្តយកងារជាឧកញ៉ា និងមានមន្ត្រី ៧៥ នាក់ទៀត បានស្ម័គ្រចិត្តបោះបង់ងារជាឧកញ៉ាដើម្បីបន្តតួនាទីក្នុងជួរកងកម្លាំងប្រដាប់អាវុធ។

កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៩ លោក ហ៊ុន សែនបានដាក់បទបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធរួមមានទាហាន នគរបាល និងកងរាជអាវុធហត្ថត្រូវជ្រើសរើសជាបន្ទាន់ថាតើត្រូវយកងារជាឧកញ៉ាឬមួយយកតួនាទីរបស់ខ្លួន។

កាសែត Phnom Penh post បានដកស្រង់សម្តីរបស់លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិចុះផ្សាយថា ក្រសួងមួយនេះបានបញ្ចប់មុខងារមន្ត្រី ២៤ នាក់ ដែលបានស្ម័គ្រចិត្តបោះបង់តួនាទីក្នុងជួរកងកម្លាំងប្រដាប់អាវុធដើម្បីបន្តយកងារជាឧកញ៉ា ហើយថាមន្ត្រី ៧៥ នាក់ទៀត បានសម្រេចបន្តតួនាទីក្នុងជួរកងកម្លាំងប្រដាប់អាវុធដោយបានស្ម័គ្រចិត្តបោះបង់ងារជាឧកញ៉ា។

ក្នុងចំណោមកងកម្លាំងប្រដាប់អាវុធទាំង ៧៥ នាក់ដែលយល់ព្រមបោះបង់ងារជាឧកញ៉ាមានចាប់តាំងពីថា្នក់នាយឧត្តមសេនីយ៍ រហូតដល់វរសេនីយ៍ទោ ដែលក្នុងនោះរួមមានលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ឧត្តមសេនីយ៍ ឃុន វុធ ឧត្តមសេនីយ៍ ចៅ ផល្លី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ឧត្តមសេនីយ៍ អ៊ុយ សារិន អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ ឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស និងនាយទាហាននៃកងយោពលខេមរភូមិន្ទចំនួន ៧០ រូបផ្សេងទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស