30 C
Phnom Penh

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិអះអាងថា ការភ្នាល់គ្នាជាមួយលោក ហ៊ុន ម៉ាណែត ជារឿងគ្មានបានការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិអះអាងថាលោកសមរង្ស៊ី មិនចាំបាច់ចំណាយក្នុងការភ្នាល់គ្នាជាមួយលោក ហ៊ុន ម៉ាណែត នាំខាតពេលនោះទេ ប៉ុន្តែទាមទារឲ្យលោក ហ៊ុន ម៉ាណែត ខិតខំធ្វើយ៉ាងជំរុញឲ្យមានដំណើរការប្រជាធិបតេយ្យនៅកម្ពុជាវិញទៅ ទើបជាការប្រសើ។

អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បានប្រាប់សាព័ត៌មាន The Cambodia Daily កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា ថា ប្រសិនបើចង់ឲ្យលោក សមរង្ស៊ី លាឈប់ពីជីវិតនយោបាយលុះត្រាតែលោក ហ៊ុន ម៉ាណែត ប្រាប់ទៅឪពុករបស់លោកគឺលោក ហ៊ុន សែន ថា ត្រូវតែស្តារប្រជាធិបតេយ្យឡើងវិញ និងធានាឲ្យមានការបោះឆ្នោតឡើងវិញដែលលោក សមរង្ស៊ី និងលោក កឹម សុខា អាចចូលរួមដំណើរការបោះឆ្នោតនោះបានដោយស្មើភាពគ្នា។ លោកបន្តថាប្រសិនបើពលរដ្ឋខ្មែរពេលនោះលែងបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ដូច្នេះមានន័យថាលោក សមរង្ស៊ី នឹងអស់ឥទ្ធិពលនយោបាយ ដូចគណបក្ស ហ្វ៊ុនស៊ិនប៉ិចអញ្ចឹងដែរ។

ទោះជាយ៉ាងណាក៏ដោយលោក អេង ឆៃអ៊ាង មិនបានបញ្ជាក់អំពីភស្តុតាងសញ្ញាបត្រក្លែងក្លាយរបស់លោក ហ៊ុន ម៉ាណែតនោះទេ ក្រោយពីលោក សមរង្ស៊ី ចោទប្រកាន់ថា សញ្ញាបត្រយោធារបស់លោក ហ៊ុន ម៉ាណែត ពីសកលវិទ្យាល័យយោធាអាមេរិក West Point ជាសញ្ញាបត្រក្លែងក្លាយនោះ។

កាលពីថ្ងៃទី២៨ ខែកញ្ញា បាននិយាយជាសាធារណៈទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកនៅសហរដ្ឋអាមេរិក បានចោទថា សញ្ញាបត្រដែលលោកទទួលបានពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point ជាសញ្ញាបត្រក្លែងក្លាយ និងគ្រាន់តែជាសញ្ញាបត្រការទូតសម្រាប់ផ្តល់ឲ្យនិស្សិតយោធាបរទេសដើម្បីជាការលើកទឹកចិត្តតែប៉ុណ្ណោះ ហើយនិស្សិតបរទេសមិនបាច់ខំរៀនក៏បានចូលនិងបានជាប់ដោយងាយដែរ។

សាព័ត៌មាន The Cambodia Daily បានព្យាយាមសុំការបំភ្លឺពីលោក សមរង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិជុំវិញការចោទប្រកាន់នេះដែរ ប៉ុន្តែលោកមិនលើកទូរស័ព្ទ។

កាលពីថ្ងៃទី៣០ ខែកញ្ញា កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត កូន បានប្រកាសជាសាធារណៈដោយបបួលភ្នាល់ជាមួយលោក សម រង្ស៉ី ពាក់ព័ន្ធការចោទប្រកាន់ថា សញ្ញាបត្រពីសាលា West Point របស់លោក ហ៊ុន ម៉ាណែត ជាសញ្ញាបត្រក្លែងក្លាយ។

លោក ហ៊ុន ម៉ាណែត ប្រកាសភ្នាល់ដោយដាក់លក្ខខណ្ឌថា នឹងលាលែងតួនាទីទាំងអស់ក្នុងជួរកងកម្លាំងប្រដាប់អាវុធ ហើយធ្វើជាប្រជាជនស៊ីវិលជារៀងរហូត ចំណែកលោក សម រង្ស៉ី លាឈប់ពីនយោបាយជារៀងរហូត។

លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នេះថា ការភ្នាល់គ្នាជាសាធារណៈ ជារឿងមួយដែលលោកមិនសូវចង់ធ្វើទេ ប៉ុន្តែពេលខ្លះគ្មានជម្រើសផ្សេងក្នុងការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក។

លោក ហ៊ុន ម៉ាណែត អះអាងថា ក្នុងនាមលោកជាក្មេងជំនាន់ក្រោយម្នាក់លោក យល់ថា លោក សម រង្ស៊ី ដែលបានតាំងខ្លួនជាអ្នកនយោបាយជើងចាស់ និងជាអ្នកចេះដឹងខ្ពស់មានសញ្ញាបត្រពីប្រទេសបារាំង ប្រាកដមិនខ្លាចនឹងការភ្នាល់គ្នាទេដើម្បីការពារនូវអ្វីដែលគាត់ហ៊ាននិយាយជាសាធារណៈនោះទេ ប្រសិនបើលោកពិតជាចង់រក្សាតម្លៃជាគំរូដល់អ្នកគាំទ្ររបស់គាត់ ជាពិសេសយុវជនជំនាន់ក្រោយ។

ប៉ុន្តែប្រសិនបើសិនជាលោក សម រង្ស៊ី មិនហ៊ានភ្នាល់ ឬមិនអាចបង្ហាញនូវភស្តុតាងដើម្បីការពារនូវអ្វីដែលគាត់បាននិយាយនោះទេ គាត់នឹងបង្ហាញថា គាត់ជាអ្នកនយោបាយម្នាក់ដែលចាស់តែអាយុ មានចំណេះដឹងខ្ពស់តែនៅលើក្រដាសសញ្ញាបត្រ គ្មានការទទួលខុសត្រូវ និងគ្មានភាពជាគំរូដល់យុវជនជំនាន់ក្រោយឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស