33 C
Phnom Penh

លោក ហ៊ុន សែន ប្រកាសឱ្យពលរដ្ឋចូលរួមយុទ្ធនាការហូបអំបុកនៅថ្ងៃទី៩ វិច្ឆិកា ដើម្បីត្រៀមបង្ក្រាបចលនាវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយកថ្ងៃទី ៩ វិច្ឆិកា ជាថ្ងៃធ្វើយុទ្ធនាការហូបអំបុកទូទាំងប្រទេស ដើម្បីជាការឆ្លើយតបទៅនឹងយុទ្ធនាការគាំទ្រការវិលត្រឡប់ចូលស្រុក របស់លោក សម រង្ស៊ី ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រនិស្សិតនៅសាលាមួយនារាជធានីភ្នំពេញនៅព្រឹកនេះ លោក ហ៊ុន សែន បានអះអាងថា ពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក និងសំពះព្រះខែ នៅឆ្នាំ២០១៩នេះ នឹងប្រារព្ធធ្វើជាធម្មតាដោយភ្ជាប់ពីថ្ងៃទិវាបុណ្យឯករាជ្យជាតិ៩ ខែវិច្ឆិកា តែម្តង ទោះបីជាទឹកស្រកនៅកម្រិតប៉ុណ្ណោះក៏ដោយ។

លើសពីនេះ លោកក៏បានប្រកាសឱ្យពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ចូលរួមយុទ្ធនាការហូបអំបុកទូទាំងប្រទេសនេះ ដូចគ្នាទៅនឹងយុទ្ធនាការហូបនំបញ្ចុកកាលពីខែមិថុនាដែរ ប៉ុន្តែលើកនេះ លោកបានឱ្យដាក់ឈ្មោះយុទ្ធនាការនោះថា ជាការពិសារអំបុកដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ។ បន្ថែមពីនេះ លោក ហ៊ុន សែន ក៏បានព្រលយថា យុទ្ធនាការនេះ ក៏ជាការដើម្បីត្រៀមសំពងក្បាលក្រុមដែលគាំទ្រលោក សម រង្ស៊ី និងលោក សម រង្ស៊ី ពេលនោះតែម្តងប្រសិនបើហ៊ានចូលស្រុកមែននោះ។ ការប្រកាសរបស់សម្ដេច ហ៊ុន សែន នេះធ្វើឡើងក្រោយពីអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សរបស់ខ្លួននៅក្រៅប្រទេសបានកំណត់យកថ្ងៃទី ៩ ខែវិច្ឆិកា ដើម្បីវិលត្រឡប់ចូលមកកម្ពុជាឱ្យខាងតែបាន។

ម្យ៉ាងក៏បន្ទាប់ពីមានការរិះគន់ថា រដ្ឋាភិបាលនឹងផ្អាកពិធីអុំទូក ដោយសារបញ្ហានយោបាយ ព្រោះខ្លាចក្រុមអតីតបក្សប្រឆាំងនាំគ្នាមកប្រមូលផ្តុំកាន់តែច្រើននៅពេលនោះផងដែរ។ ពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក និងសំពះព្រះខែ នៅឆ្នាំ២០១៩នេះ នឹងប្រារព្ធឡើងនៅថ្ងៃទី១០ ដល់១២ វិច្ឆិកា។

ពិធីនេះ ទើបចាប់ផ្តើមរៀបចំនៅឆ្នាំមុន ក្រោយពេលរដ្ឋាភិបាលបានសម្រេចផ្អាករយៈពេល៣ឆ្នាំជាប់ៗគ្នា ក្រោមហេតុផលថាទឹកជំនន់ធំធ្វើឱ្យប៉ះពាល់ពលរដ្ឋច្រើន ហើយរដ្ឋាភិបាលត្រូវយកកញ្ចប់ថវិកាទាំងនោះ ជួយពលរដ្ឋរងគ្រោះ ព្រមទាំងបញ្ហាទឹកតូចមិនអាចអ៊ុំទូកកើតជាដើម។ ប៉ុន្តែក្រុមអ្នកវិភាគលើកឡើងថា ការផ្អាកពិធីបុណ្យដ៏ធំមួយនេះជាច្រើនឆ្នាំជាប់ៗគ្នា ព្រោះតែរឿងនយោបាយ ត្បិតរដ្ឋាភិបាលលោកហ៊ុន សែន ខ្លាចក្រុមប្រឆាំងយកឱកាសនោះដើម្បីប្រឆាំងរដ្ឋាភិបាលតែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស