27 C
Phnom Penh

ទីបំផុត អ៊ីរ៉ង់រត់ទៅសុំអង្វរសហភាពអឺរ៉ុបជួយបញ្ចុះបញ្ចូលអាមេរិកដកទណ្ឌកម្មមកលើខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ FNA បានចុះផ្សាយនៅថ្ងៃទី២ ខែតុលាដោយស្រង់សម្ដីអនុរដ្ឋមន្រ្ដីការបរទេសអ៊ីរ៉ង់ Seyed Abbas Araqchi មកចុះផ្សាយថាអ៊ីរ៉ង់អំពាវនាវទៅបណ្ដាប្រទេសសហភាពអឺរ៉ុបឱ្យជួយធ្វើយ៉ាងណាគាបសង្កត់ ឬក៏បញ្ចុះបញ្ចូលសហរដ្ឋអាមេរិក អោយដកទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសអ៊ីរ៉ង់។

អនុរដ្ឋមន្រ្ដីការបរទេសបានបញ្ជាក់ដូចនេះថា សហប្រតិបត្តិការរវាងអ៊ីរ៉ង់ និងប្រទេសមហាអំណាច៥ទៀតដូចជារុស្ស៊ីចិនបារាំងអង់គ្លេសនិងអាល្លឺម៉ង់គឺបរាជ័យទៅហើយដោយសារតែមិនអាចគាបសង្កត់សហរដ្ឋអាមេរិកឱ្យដកទណ្ឌកម្មមកលើប្រទេសអ៊ីរ៉ង់បាននោះទេ។

លោកអនុរដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា សហគមន៍អន្តរជាតិត្រូវតែស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បើទោះជាសហរដ្ឋអាមេរិកដកខ្លួនពីកិច្ចព្រមព្រៀងនេះក៏ដោយ។

លោកថា ខណៈនេះអ៊ីរ៉ង់និងសហភាពអឺរ៉ុបបានយល់ស្របនឹងគ្នាជាមួយនឹងមហាអំណាចចិន និងរុស្ស៊ីថាត្រូវឱ្យមានកិច្ចព្រមព្រៀងនេះរស់ឡើងវិញទោះបីជាអាមេរិកបានដើរចេញពីកិច្ចព្រមព្រៀងនេះក៏ដោយ។

លោកបានបញ្ជាក់ទៀតថា ការពិតអ៊ីរ៉ង់បានអនុវត្តយ៉ាងពេញលេញទៅតាមស្មារតីនៃកិច្ចព្រមព្រៀងនេះដោយមានការឃ្លាំមើលពីភ្នាក់ងារអាតូមិច របស់អង្គការសហប្រជាជាតិទៀតផង។

ប៉ុន្ដែលោកថាការដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់នោះគឺក្រុងវ៉ាស៊ីនតោនបានរំលោភលើកិច្ចព្រមព្រៀងនេះយ៉ាងធ្ងន់ធ្ងរ។ក្នុងន័យនេះសហរដ្ឋអាមេរិកបានប្រព្រឹត្តមកលើអ៊ីរ់ង់គឺក្រោមលេសនៃការឈ្លានពានតែប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់បានប្រកាសថាបើអាមេរិកនៅតែបន្ដដាក់ទណ្ឌកម្មមកលើខ្លួនទៀតនោះគឺអ៊ីរ៉ុងនឹងដើរចេញពីកិច្ចព្រមព្រៀងនេះ។ តេអ៊ីរ៉ង់ចង់ឃើញសហភាពអឺរ៉ុបដែលជាសហគមន៍អន្ដរជាតិដ៏ធំមួយនេះ បញ្ចុះបញ្ចូលឱ្យអាមេរិកដកទណ្ឌកម្មមកលើខ្លួនឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

អ៊ីរ៉ង់ តាមរយៈប្រធានាធិបតី ហាសានរ៉ូហានី បានប្រកាសថា សហភាពអឺរ៉ុបត្រូវតែចូលរួមទទួលខុសត្រូវចំពោះបរាជ័យនៃការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥នេះ។

ជាការកត់សម្គាល់ ការបង្ហាញនូវភាពទន់ភ្លន់ដែលមើលទៅទីក្រុងតេអេរ៉ង់ហាក់ដូចជាទទួលស្គាល់ថាខ្លួនរងទុក្ខវេទនាដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក។ ប៉ុន្តែនៅជាមួយគ្នានេះអ៊ីរ៉ង់ក៏បរាជ័យផងដែរនៅឯមហាសន្និបាតអង្គការសហប្រជាជាតិដោយសារតែមិនអាចបញ្ចុះបញ្ចូលគណៈប្រតិភូនៃបណ្ដាប្រទេសដែលជាសម្ព័ន្ធភាពរបស់ខ្លួនឱ្យប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់  សហរដ្ឋអាមេរិក។

ជាការកត់សម្គាល់ទៀតនោះ លោកប្រធានាធិបតី ហាសានរ៉ូហានីបើទោះជាលោកថ្លែងសុន្ទរកថា ជាភាសាអង់គ្លេសទាញឱ្យមានការចាប់អារម្មណ៍ពីគណប្រតិភូជាច្រើនក៏ដោយ ហើយសេចក្ដីថ្លែងការណ៍របស់គាត់វាយប្រហារទៅលើសហរដ្ឋអាមេរិកក៏មើលទៅមិនអាចធ្វើឱ្យគណៈប្រតិភូនៃប្រទេសច្រើនទៀតបានគាំទ្រដែរ។

មកដល់ពេលនេះស្ថានការណ៍នៅលើឈូងសមុទ្រពែក្សនៅតែតានតឹងនៅឡើយខណៈកងទ័ពអាមេរិកបានដាក់ពង្រាយនៅបណ្ដាប្រទេសជុំវិញអ៊ីរ៉ង់រួចរាល់អស់ហើយ ដែលនេះត្រូវបានមើលឃើញថាជាសកម្មភាពនៃការឆ្ពោះទៅរកសង្គ្រាមជាមួយនឹងអ៊ីរ៉ង់។

រដ្ឋមន្រ្ដីការបរទេសអាមេរិក Mike Pompeo បាននិយាយថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនៅតែបន្ដគាបសង្កត់ទៅលើប្រទេសអ៊ីរ៉ង់គ្រប់រូបភាពទាំងអស់ក្នុងនោះការដាក់ទណ្ឌកម្មគឺត្រូវតែបង្កើនប្រសិទ្ធភាពថែមទៀត។

លោករដ្ឋមន្រ្ដីបានបន្ដថា ការដែលអ៊ីរ៉ង់មិនព្រមចរចាជាមួយអាមេរិកគឺមានន័យថា អ៊ីរ៉ង់មិនបោះបង់ចោលមហិច្ឆតាវាតទីក្នុងតំបន់និងការពង្រីកសក្ដានុពលសព្វាវុធតាមរយៈការលួចចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលជាធាតុនៃការបង្កើតក្បាលនុយក្លេអ៊ែរ។

ថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិលោកដូណាល់ត្រាំបានវាយប្រហារទៅលើសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ថាជារដ្ឋគួរឱ្យភ័យខ្លាចនៅតំបន់មជ្ឈឹមបូព៌ាព្រោះប្រទេសនេះតែងតែគំរាមកំហែងទៅលើប្រទេសជិតខាង៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស