31 C
Phnom Penh

លោក ហ៊ុន សែន ប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយវៀតណាមឱ្យកាន់តែខ្លាំងខ្លា ខណៈទំនោដឹកនាំប្រទេសរបស់លោកបោះពួយកាន់តែខ្លាំងទៅរកចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបង្ហាញជំហរក្សាទំនាក់ទំនង និងកាន់តែពង្រឹងកិច្ចការនេះឱ្យកាន់តែខ្លាំងខ្លា និងយូរអង្វែងបន្ថែមទៀត ជាមួយប្រទេសវៀតណាម។ ការបង្ហាញជំហនេះ ធ្វើឡើងនៅមុខថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នករកស៊ីវៀតណាមផងដែរ។

ថ្លែងក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងអ្នកវិនិយោគិនវៀតណាមនៅថ្ងៃនេះ ក្នុងទឹកដីវៀតណាម លោក ហ៊ុន សែន លើកឡើងថា កម្ពុជា និងវៀតណាមមានទំនាក់ទំនងល្អនឹងគ្នាជាយូរលង់ណាស់មកហើយ។

លោកថា កម្ពុជានៅចងចាំជាដរាប និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះជំនួយឧបត្ថម្ភគ្រប់បែបយ៉ាងពីសំណាក់ប្រជាជននិងកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងការជួយរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងការចូលរួមស្តារ និងការកសាងកម្ពុជាពីគំនរផេះផង់ឡើងវិញ។

ជាមួយគ្នានេះការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងទំនាក់ទំនងជាប្រចាំនៃប្រជាជននៃប្រទេសទាំងពីរបានបង្ហាញយ៉ាងពិតប្រាកដពីភាពអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នានិងគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសេដ្ឋកិច្ចសង្គមនយោបាយនិងការទូត។

ការប្រកាសជំហកម្ពុជារបស់លោកហ៊ុន សែន ជាថ្មីទៀតនេះ ក្រោយពេលគេសង្កេតឃើញថាកម្ពុជា កំពុងបោះពួយឥតងាករេទៅរកប្រទេសជាសត្រូវនឹងប្រទេសវៀតណាម គឺ ប្រទេសចិនកុម្មុយនីស្ត។

នៅចំពោះមុខថ្នាក់ដឹកនាំចិន លោក ហ៊ុន សែន ក៏តែងតែប្រកាសថាចិន ជាមិត្តដែកថែបរបស់កម្ពុជា ហើយទំនាក់ទំនងកម្ពុជា-ចិន ក៏បានឡើងដល់កំពូលថែមទៀតផង។

យ៉ាងនេះក្តី  ព័ត៌មានអន្តរជាតិជាបន្តបន្ទាប់ បានដាក់ការសង្ស័យថា កម្ពុជាបានផ្តល់មូលដ្ឋានយោធាដល់ចិន ក្រោយពេលចិនកំពុងសាងសង់ព្រលានយន្តហោះដ៏ធំមួយ និងកំពង់ផែទឹកជ្រៅក្នុងទឹកដីកោះកុង ដើម្បីជាមូលដ្ឋានទ័ពជើងទឹកចិនផងដែរ។

លើសពីនេះ សារព័ត៌មាន The South China Morning post កាលពីពេលថ្មីៗនេះ ក៏បានបង្ហើបថា កម្ពុជា-ចិន បានចុះកិច្ចព្រមព្រៀងសម្ងាត់មួយដើម្បីផ្តល់មូលដ្ឋានយោធាទ័ពជើងទឹកដល់ចិន នៅតំបន់សមុទ្ររាមក្នុងខេត្តព្រះសីហនុ។ 

ទោះបីជាយ៉ាងនេះក្តី ក្រុមអ្នកវិភាគស្ថានការនយោបាយក្នុងប្រទេស និងអន្តរជាតិ លើកឡើងថា បញ្ហានេះ កាន់តែធ្វើឱ្យវៀតណាមព្រួយបារម្ភ ព្រោះប្រសិនបើការចោទប្រកាន់នោះជាការពិតនឹងគំរាមកំហែងដល់សន្តិសុខប្រទេសខ្លួន និងប្រទេសក្នុងតំបន់ ព្រមទាំងធ្វើឱ្យប្រទេសរបស់ខ្លួនខាតប្រយោជន៍ដ៏ធំធេង នោះគឺបំណងចង់គ្រប់គ្រងប្រទេសក្នុងតំបន់ឥណ្ឌូចិនជាលក្ខណៈយូរអង្វែង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស