26 C
Phnom Penh

អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា លោក ហ៊ុន សែន ជាមនុស្សក្បត់ជាតិក្រោយចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែនជាមួយវៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតអ្នកជាប់ឃុំមនសិការ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន បានលើកឡើងថា ការចោទប្រកាន់លោក កឹម សុខា លោក សម រង្ស៊ី និងសកម្មជនគណបក្សប្រឆាំងថា ក្បត់ជាតិនោះ គឺ មិនត្រឹមត្រូវតាមនិយមន័យនេះឡើយ។

លោកអះអាងថា និយមន័យក្បត់ជាតិដែលត្រឹមត្រូវ គឺការចុះហត្ថលេខារបស់លោក ហ៊ុន សែន កាត់ទឹកដីខ្មែរឱ្យវៀតណាម កាលពីថ្ងៃ៥ តុលា ទៅវិញទេ ទើបគេហៅថាក្បត់ជាតិយ៉ាងពិតប្រាកដ។

អតីតអ្នកទោសមនសិការដែលរិះគន់រឿងព្រំដែនឥតសច្ចៃមាត់ រូបនេះ ក៏បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ថាលោកត្រូវពាក់បូរពណ៌ខ្មៅ ដើម្បីកាន់ទុក្ខ នៃការបាត់បង់ទឹកដីខ្មែរនៅតាមព្រំដែនទៅក្នុងដៃវៀតណាមយ៉ាងពិតប្រាកដ។

លោកថា ការបាត់បង់ដីខ្មែរនោះ  ដោយសារការចុះហត្ថលេខារវាងលោក ហ៊ុន សែន និង នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វ៊ុក ស្តីពីការទទួលស្គាល់បង្គោលព្រំដែននៃប្រទេសទាំងពីរ ដែលបោះបានចំនួន៨៤%។

អតីតអ្នកតំណាងរាស្ត្របក្សសង្រ្គោះជាតិរូបនេះ ថា ការបាត់បង់ទឹកដីខ្មែរពេលនេះ នឹងបាត់បង់ជារៀងរហូតដូចការស្លាប់របស់មនុស្សអញ្ចឹងដែរ ប្រសិនបើគ្មានគណបក្សស្នេហាជាតិ ដូចជាគណបក្សសង្រ្គោះជាតិដឹកនាំប្រទេសដើម្បីសើរើការបោះបង្គោលព្រំដែនឡើងវិញនោះទេ។ លោកប្រកាសកាន់ទុក្ខសោកនៃការបាត់បង់ដីខ្មែរក្បែរព្រំដែនទៅលើដៃវៀតណាមនេះរយៈពេល១សប្តាហ៏ ដោយចាប់ផ្តើមពីថ្ងៃទី ៥ ខែតុលាតទៅ។

សេចក្តីប្រកាសព័ត៌មានរួមរវាងកម្ពុជា-វៀតណាម កាលពីថ្ងៃទី ៥ តុលា ឱ្យដឹងថារដ្ឋាភិបាលប្រទេសទាំងពីរ បានចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ២ ទាក់ទងនឹងបញ្ហាព្រំដែនរួមលើការងារខណ្ឌសីមាព្រំដែន។ ភាគីទាំង ២ ក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការស្តីពីការគ្រប់គ្រងព្រំដែនដោយផ្អែកលើយន្តការ និងក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សេចក្ដីថ្លែងការណ៍ដដែលនេះបានឲ្យដឹងថានៅថ្ងៃទី ៥ ខែ តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ៊្វុកបានធ្វើជាសហប្រធានសន្និសីទស្ដីពីការពិនិត្យឡើងវិញលើការងារខណ្ឌសីមាព្រំដែនកម្ពុជា-វៀតណាម តាំងពីឆ្នាំ ២០០៦ និងចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ២ ទាក់ទងនឹងបញ្ហាព្រំដែននោះផងដែរ។

សេចក្តីថ្លែងការណ៍រួមនេះបានឲ្យដឹងទៀតថា ឯកសារចំនួន ២ នោះមានសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥។ ទី២ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

សេចក្តីថ្លែងការណ៍ដដែលនេះបន្ថែមថា ភាគីទាំង ២ បានយកចិត្តទុកដាក់ជាពិសេសចំពោះការចុះហត្ថលេខានៃឯកសារច្បាប់ទាំង ២ ដែលទទួលស្គាល់ពីវឌ្ឍនភាពនៃការខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោកដែលសម្រេចបានមកដល់បច្ចុប្បន្ន ប្រមាណ ៨៤% និងបានបញ្ជាក់ជាថ្មីថា សកម្មភាពនេះបានរំឭកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែនគោករវាងប្រទេសទាំង ២។ ភាគីទាំង ២ បានឯកភាពផងដែរក្នុងការបញ្ចប់នូវការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនលើកំណាត់ព្រំដែនដែលនៅសេសសល់នាពេលអនាគតឆាប់ៗនេះ។

លោក ហ៊ុន សែន បានថ្លែងដោយមោទនៈភាពនៅចំពោះថ្នាក់ដឹកនាំវៀតណាម និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទាំង ២ ដែលមានវត្តមាននៅក្នុងពិធីចុះហត្ថលេខាសន្ធិសញ្ញាបំពេញបន្ថែមនៅទីក្រុងហាណូយកាលពីថ្ងៃទី៥ ខែតុលា ថា ដំណោះស្រាយព្រំដែនរវាងប្រទេសទាំង ២ បានបោះជំហ៊ានទៅមុខដោយមោទនៈ និងប្រកបដោយភាតរភាព។

កាលពីថ្ងៃទី ៥ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយដោយ ប្រកាសមិនទទួលស្គាល់ការបោះបង្គោលព្រំដែនប្រទេសកម្ពុជា-វៀតណាមនោះឡើយ។ គណបក្សប្រឆាំងមួយនេះ បានចាត់ទុកការចុះកិច្ចព្រមព្រៀងគ្នារឿងបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលបានបោះរួចចំនួន ៨៤%នោះថា ជាការចុះហត្ថលេខាកាត់ទឹកដីខ្មែរឲ្យវៀតណាមដោយស្របច្បាប់។

ចំណែកគណបក្សខ្មែរឈ្នះ របស់លោក សួង សុភ័ណ្ឌ កាលពីថ្ងៃទី៦តុលា ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសប្រឆាំងដាច់ខាតនិងមិនទទួលស្គាល់នូវលទ្ធផលបោះបង្គោលព្រំដែន ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាជាមួយវៀតណាម ព្រមទាំងកិច្ចព្រៀមព្រៀងដែលចុះទទួលស្គាល់លទ្ធផល៨៤% កាលពីថ្ងៃទី៥តុលា រវាងរដ្ឋាភិបាលប្រទេសទាំងពីរនោះឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស