អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យលោក សារ៉ូ សុវិជ័យ ជំរុញឲ្យស្នេហាជាតិទាំងឡាយកុំដេកលង់លក់ក្នុងសុបិនដែលមិនមែនជាការពិត ពាក់ព័ន្ធនឹងគំរោងវិលត្រឡប់របស់លោក សមរង្ស៊ី ទៅប្រទេសកម្ពុជានៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខ។
លោកបន្តថាគំរោងវិលត្រឡប់របស់លោក សមរង្ស៊ី ទៅកាន់ប្រទេសកម្ពុជាវិញគ្រាន់តែជារូបភាពបំភ័ណ្ឌស្ថានការណ៍ ដែលរចនាឡើងដោយលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ ក្រោយពីមានការបែកធ្លាយរូបភាពនៃការលេងល្បែងស៊ីសងរបស់ លោក អេង ឆៃអ៊ាង នៅលើបណ្តាញសង្គមហ្វេសប៊ុក។
លោក សារ៉ូ សុវិជ័យ អះអាងថា អ្វីដែលសំខាន់ចំពោះមុខ គឺអ្នកដែលស្រឡាញ់ប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិត្រូវរួបរួមគ្នាជាធ្លុងមួយឲ្យរឹងមាំជាមុនសិន ដោយមិនត្រូវស្ថិតនៅក្នុងសុបិនដែលលង់លក់ទៅតាមការការញាក់របស់អ្នកនយោបាយនោះឡើយ។ ជាងនេះទៅទៀត លោកបានអំពាវនាវឲ្យតួអង្គនយោបាយសំខាន់ៗរបស់បក្សប្រឆាំង ដូចជាលោក សមរង្ស៊ី និងលោក កឹម សុខា ត្រូវប្រកាសអំពីការរួបរួមគ្នា ហើយត្រូវបញ្ឈប់វប្បធម៌លាបពណ៌រវាងគ្នានឹងគ្នា។
លោកបន្តថា ប្រសិនបើគ្មានការរួបរួមរវាងក្រុមអ្នកប្រជាធិបតេយ្យទេ កុំសង្ឃឹមឲ្យសោះថាបក្សប្រឆាំងអាចរំដោះប្រទេសជាតិចេញពីកណ្តាប់ដៃលោក ហ៊ុន សែន បានសម្រេចនោះ។
កាលពីសប្តាហ៍មុនមេដឹកនាំចលនានិស្សិតរូបនេះ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ស្ថានការណ៍បែកបាក់ផ្ទៃក្នុងនៅក្រៅប្រទេស និងការរុញច្រានដល់ផ្លូវទាល់បែបនេះ ដោយសារមនុស្សជំនិតម្នាក់នឹងលោក សម រង្ស៊ី គឺ លោក អេង ឆៃអ៊ាង។ លោកថា អនុប្រធានគណបក្សប្រឆាំងរូបនេះ កំពុងរុញច្រានលោក សម រង្ស៊ី ឲ្យធ្លាក់ក្នុងជ្រោះមរណៈ ដោយបានរួមចំណែកបំបែកសំឡេងគាំទ្រនៅក្រៅប្រទេស ជាពិសេសនៅឯនាយសមុទ្រ និងនៅកូរ៉េខាងត្បូងឱ្យបែកជាស្ថាពរ ហើយជំរុញឲ្យលោក សមរង្ស៊ី វិលទៅកម្ពុជាវិញ ដើម្បីបំភ័ណ្ឌព័ត៌មានបែកធ្លាយអំពីការលេងល្បែងស៊ីសងរបស់លោក ប៉ុណ្ណោះ។
លោក អេង ឆៃអ៊ាង បានប្រាប់សាព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី០២ ខែតុលាថា ការអះអាងរបស់ លោក សារ៉ូ សុវិជ័យ ជារឿងអត់ប្រយោជន៍ ហើយលោកក៏មិនចង់តបតអ្វីនោះដែរ។ លោកបន្តថាប្រសិនបើលោកចាញ់ក៏មិនខាត ហើយបើលោកឈ្នះក៏មិន ចំណេញ។
ទោះជាយ៉ាងណាក៏ដោយលោក សារ៉ូ សុវជ័យ អះអាងថា លោក អេង ឆៃអ៊ាង ជាមនុស្សជំនិតបំផុតបានក្លាយទៅជាអ្នកបំផ្លាញលោក សមរង្ស៊ី យ៉ាងខ្លាំងបំផុតដោយសារតែវិធីសាស្រ្ត ដុតផ្ទះទាំងមូលដើម្បីចំអិនពងមាន់មួយសំបុក៕