30 C
Phnom Penh

អាជ្ញាធរក្រុងភ្នំពេញបន្តចាប់ខ្លួន អតីតមន្ត្រីមូលដ្ឋានគណបក្សសង្រ្គោះជាតិបន្ថែមទៀត ក្រោយមានការបញ្ជាពីលោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតមន្ត្រីជាប់ឆ្នោតមូលដ្ឋានគណបក្សសង្រ្គោះជាតិ៣នាក់ទៀតហើយ ដែលត្រូវបានអាជ្ញាធរលោកហ៊ុន សែន ចាប់ខ្លួន ដោយពីរនាក់ត្រូវបានចាប់ខ្លួនកាលពីយប់មិញ និងម្នាក់ទៀតត្រូវបានចាប់ខ្លួននៅថ្ងៃទី៨ ខែតុលានេះ។

អតីតសកម្មជនគណបក្សសង្រ្គោះជាតិ ដែលកំពុងរត់ភៀសខ្លួននៅក្រៅប្រទេស លោក ស៊ុម សីហា បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោកថា ចាប់តាំងពីយប់ថ្ងៃម្សិលមិញនិងរសៀលថ្ងៃអង្គារនេះ យ៉ាងហោចណាស់មានអតីតមន្ត្រីជាប់ឆ្នោតគណបក្សប្រឆាំងចំនួន៣ នាក់ ត្រូវបានចាប់ខ្លួន។ 

អតីតមន្ត្រីជាប់ឆ្នោតបក្សប្រឆាំងទាំងនោះរួមមាន អ្នកស្រី ទិត្យ សុផាត ជាចៅសង្កាត់រងទី១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីខាងគណបក្សសង្រ្គោះជាតិ។ ទី២ លោក ឃិន សុខហៀង ជាអតីតចៅសង្កាត់ព្រែកប្រា ខ័ណ្ឌច្បាអំពៅ មកពីគណបក្សសង្រ្គោះជាតិ និងទី៣ លោក ហម វុទ្ធី ជាអតីតសមាជិកក្រុមប្រឹក្សាស្រុក បាធាយ ខេត្តកំពង់ចាម ដោយលោកត្រូវបានចាប់ខ្លួននៅក្បែរព្រលានយន្តហោះពោធិ៍ចិនតុង រាជធានីភ្នំពេញ។

អតីតសកម្មជនរូបនេះ លើកឡើងថាពួកគាត់ទាំងបីនាក់ ត្រូវបានចាប់ខ្លួនដោយមិនទាន់ដឹងមូលហេតុ និងស្នើឱ្យអង្គការជាតិនិងអន្តរជាតិតាមដានករណីនេះ។

សមត្ថកិច្ចបញ្ជាក់ថា ការចាប់អតីតចៅសង្កាត់រងទី១បក្សប្រឆាំងរូបនេះ ធ្វើឡើងតាមដីកាបញ្ជាឱ្យចាបខ្លួនរបស់តុលាការ ពាក់ព័ន្ធបទចោទ រួមគំនិតក្បត់ជាតិ។

កាលពីថ្ងៃម្សិលមិញ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញប្រកាសព័ត៌មានមួយបញ្ជាក់ថា តុលាការជាន់ទាបមួយនេះម្រេចចោទប្រកាន់លើឈ្មោះ គ្រយ សុខេមរិទ្ធ។  ឈ្មោះ សេង ខន, ឈ្មោះ ទិត្យ សុជាតិ, ឈ្មោះ រឿង សំណាង, ឈ្មោះ យិន សុខហៀង ព្រមទាំងគូកន ពីបទ រួមគំនិតក្បត់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោមផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី នៅថ្ងៃទី ៩វិច្ឆិកា ។

មកទល់ថ្ងៃនេះ មានអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិជិត៥០នាក់ហើយ ត្រូវបានអាជ្ញាធរចាប់ និងឃុំខ្លួន ព្រមទាំងចោទប្រកាន់ពីបទរួមគំនិតក្បត់ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល តាមការចង់បានរបស់លោកហ៊ុន សែន។

កាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន បានបញ្ជាឱ្យកងទ័ពចេញប្រតិបត្តិការ ដើម្បីកម្ទេចក្រុមអ្នកទាំងឡាយណាដែលប្រកាសគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃទី ៩ វិច្ឆិកា។ លោកថា ការប្រកាសគាំទ្រឬ ធ្វើយុទ្ធនាការគាំទ្រណាមួយ ស្មើនឹងចូលរួមផ្តួលរំលំរដ្ឋាភិបាល។ ជាងនេះទៅទៀតលោកថែមទាំងបញ្ជាឱ្យកងកម្លាំងប្រើអំពើហិង្សាលើក្រុមនោះតែម្តង ដោយសារលោកបានប្រើភាសាថា ឃើញមួយវ៉ៃមួយ នៅហ្នឹងកន្លែងតែម្តង ដោយពុំចាំបាច់មានដីកា ឬ មិនចាំបាច់ចាប់ខ្លួនឡើយ។

លោកហ៊ុន សែន ក្រៅពីព្រមានកម្ទេចអ្នកក្នុងស្រុក លោកក៏បានព្រមានតាមចាប់ខ្លួនអតីតសកម្មជនបក្សប្រឆាំងដែលកំពុងរស់នៅប្រទេសថៃផងដែរ។ 

ទោះបីជាមានការចាប់ចង់ ចោទប្រកាន់ លើអតីតកូនចៅរបស់ខ្លួនឥតឈប់ឈរបែបនេះ តែសម្រាប់អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី វិញ នៅតែបន្តវាយប្រហារ និងមានបំណងចង់ផ្តួលរំលំលោក ហ៊ុន សែន ឥតឈប់ឈរ។

ជាក់ស្តែងនៅថ្ងៃនេះ លើទំព័រហ្វេសប៊ុករបស់ខ្លួន លោក សម រង្ស៊ី បានលើកឡើងថា  ការងើបឈរដោយប្រជារាស្ត្រ ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោកហ៊ុន សែន ដែលលោកហៅថាជារបបផ្តាច់ការ និងខុសច្បាប់សព្វថ្ងៃ គឺជាជម្រើសតែមួយគត់ សម្រាប់អ្នកប្រជាធិបតេយ្យខ្មែរ ដែលចង់បានការផ្លាស់ប្តូរឈានទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។

ទោះបីជាយ៉ាងនេះក្តី អ្នកវិភាគចាស់វស្សា លោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងថា ប្រសិនបើការវិលត្រឡប់របស់ សម រង្ស៊ី គឺជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជាតិ រដ្ឋាភិបាលត្រូវប្រកាសដាក់ប្រទេសក្នុងភាពអាសន្នតែម្តង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស