តុលាការខេត្តកំពុងចាមសំរេចចោទប្រកាន់បុរសពីរនាក់ពីបទរួមគំនិតក្បត់ពាក់ព័ន្ធនឹងគំរោងវិលត្រឡប់របស់លោក សមរង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខ។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមនៅថ្ងៃពុធនេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយបង្ហាញអំពីការចោទប្រកាន់លើបុរស ២នាក់ ពាក់ព័ន្ធនឹងបទល្មើសក្បត់ ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ក្រោមគំរោងមាតុភូមិនិវត្តន៍របស់លោកសមរង្ស៊ី។
តំណាងអយ្យការបានបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានសម្រេចធ្វើការចោទប្រកាន់ឈ្មោះ ដុង សុវណ្ណារិទ្ធ ភេទប្រុស អាយុ៤៧ឆ្នាំ និងឈ្មោះ ហម វុទ្ធី ភេទប្រុស អាយុ ៤៧ ឆ្នាំ(គេចខ្លួន) ពីបទ រួមគំនិតក្បត់-តាមបញ្ញត្តិ មាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បានសម្រេចធ្វើការឃុំខ្លួនបណ្តោះអាសន្នលោក ដុង សុវណ្ណារិទ្ធ ចំណែក លោក ហម វុទ្ធី បានរត់គេចខ្លួនបាត់។
កាលពីព្រឹកថ្ងៃទី០៩ ខែតុលា នេះដែរ សមត្ថកិច្ចកិច្ចខេត្តកំពង់ស្ពឺ បានចាប់ខ្លួនមនុស្ស២នាក់ ដែលគេស្គាល់ថា ជាអតីតអនុប្រធានប្រតិបត្តិបក្សសង្គ្រោះជាតិ (CNRP) ២រូបនៅខេត្តកំពង់ស្ពឺពីបទ «ធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ និងញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលប្រព្រឹត្តនៅភូមិដូនពេញ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
បុរសទាំងពីរនាក់នោះមានឈ្មោះ អ៊ុ យ៉ុង ភេទប្រុស អាយុ៦១ឆ្នាំ និង ឈ្មោះ ពុយ តាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត។
កាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញប្រកាសព័ត៌មានមួយបញ្ជាក់ថា តុលាការបានសម្រេចចោទប្រកាន់លើឈ្មោះ គ្រយ សុខេមរិទ្ធ។ ឈ្មោះ សេង ខន, ទិត្យ សុជាតិ, រឿង សំណាង, យិន សុខហៀង និងមនុស្សមួយចំនួនទៀតពីបទ រួមគំនិតក្បត់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ក្រោមផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី នៅថ្ងៃទី ៩វិច្ឆិកា ។
មកទល់ថ្ងៃនេះ មានអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិជិត៥០នាក់ហើយ ត្រូវបានអាជ្ញាធរចាប់ និងឃុំខ្លួន ព្រមទាំងចោទប្រកាន់ពីបទរួមគំនិតក្បត់ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល តាមការចង់បានរបស់លោកហ៊ុន សែន។
កាលពីថ្ងៃច័ន្ទ លោក ហ៊ុន សែន បានបញ្ជាឱ្យកងទ័ពចេញប្រតិបត្តិការ ដើម្បីកម្ទេចក្រុមអ្នកទាំងឡាយណាដែលប្រកាសគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃទី ៩ វិច្ឆិកា។ លោកថា ការប្រកាសគាំទ្រឬ ធ្វើយុទ្ធនាការគាំទ្រណាមួយ ស្មើនឹងចូលរួមផ្តួលរំលំរដ្ឋាភិបាល។
ជាងនេះទៅទៀតលោកថែមទាំងបញ្ជាឱ្យកងកម្លាំងប្រើអំពើហិង្សាលើក្រុមនោះតែម្តង ដោយសារលោកបានប្រើភាសាថា ឃើញមួយវ៉ៃមួយ នៅហ្នឹងកន្លែងតែម្តង ដោយពុំចាំបាច់មានដីកា ឬ មិនចាំបាច់ចាប់ខ្លួនឡើយ។
ទោះបីជាមានការចាប់ចង់ ចោទប្រកាន់ លើអតីតកូនចៅរបស់ខ្លួនឥតឈប់ឈរបែបនេះ តែសម្រាប់អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី វិញ នៅតែបន្តវាយប្រហារ និងមានបំណងចង់ផ្តួលរំលំលោក ហ៊ុន សែន ឥតឈប់ឈរ។
លោក សម រង្ស៊ី ព្រមាថា ការងើបឈរដោយប្រជារាស្ត្រ ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោកហ៊ុន សែន ដែលលោកហៅថាជារបបផ្តាច់ការ និងខុសច្បាប់សព្វថ្ងៃ គឺជាជម្រើសតែមួយគត់ សម្រាប់អ្នកប្រជាធិបតេយ្យខ្មែរ ដែលចង់បានការផ្លាស់ប្តូរឈានទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា៕