សមត្ថកិច្ចលោកហ៊ុន សែន បន្តចាប់ខ្លួន និងចោទប្រកាន់អតីតមន្ត្រីគណបក្សសង្រ្គោះជាតិបន្ថែមទៀត

អាជ្ញាធរមានសមត្ថកិច្ច របស់លោក ហ៊ុន សែន នៅថ្ងៃនេះ បានបន្តចាប់ខ្លួន និងចោទប្រកាន់អតីតមន្ត្រីនិងសកម្មជនគណបក្សសង្រ្គោះជាតិពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលបន្ថែមទៀត។

អតីតមន្ត្រី និងសកម្មជនបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួននៅថ្ងៃនេះ រួមមានលោក អន សាវេន ប្រធានប្រតិបត្តិស្រុកកំពង់សៀម ខេត្តកំពង់ចាម គណបក្សសង្រ្គោះជាតិ និងអ្នកស្រី លី គីមហ៊ាង ហិរញ្ញិកប្រតិបត្តិស្រុកនិងសមាជិកក្រុមប្រឹក្សាស្រុកកំពង់សៀម ។

ដោយឡែក យុវជនគណបក្សសង្រ្គោះជាតិ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោក ឈឹម ម៉ារ៉ាឌី ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អតីតមន្ត្រីនិងសកម្មជនគណបក្សសង្រ្គោះជាតិ ដែលកំពុងរត់ភៀសខ្លួនទៅក្រៅប្រទេសលើបណ្តាញសង្គមហ្វេសប៊ុក។  

ការចាប់ខ្លួនអតីតមន្ត្រីគណបក្សសង្រ្គោះជាតិនៅខេត្តកំពង់ចាមទាំងពីររូប ធ្វើឡើងតាមដីការបញ្ជាឱ្យចូលខ្លួនពីរដាច់ដោយឡែកពីគ្នា របស់ព្រះរាជអាជ្ញាអមសាលាដូងខេត្តកំពង់ចាម លោក ហួត វុទ្ធី ដែលធ្វើឡើងនៅថ្ងៃនេះ។

ក្នុងដីកាបញ្ជាឱ្យចូលខ្លួន ព្រះរាជអាជ្ញាខេត្តកំពង់ចាម លោក ហួត វុទ្ធី បានចោទប្រកាន់ លោក អន សាវេន និងអ្នកស្រី លី គីមហ៊ាង ពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៥៣ និង ៤៩៥នៃក្រមព្រហ្មទណ្ឌ ។

ដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារូបនេះហាក់ធ្វើឡើងដោយតក់ក្រហល់ ព្រោះដីកានោះគឺចេញថ្ងៃនេះ ហើយបញ្ជាឱ្យអ្នកទាំងពីរត្រូវចូលខ្លួនឱ្យបានមុនថ្ងៃនេះតែម្តង។

ដោយឡែកនៅខេត្តក្រចេះវិញ តុលាការខេត្តនេះបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយសម្រេចចោទប្រកាន់លើអតីតសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ឈ្មោះ ទ្រី ស៊ាងអ៊ី ភេទស្រី ពីបទរួមគំនិតក្បត់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់នេះ ដោយតុលាការអះអាងថាស្ត្រីរូបនោះបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ ស៊ាងអ៊ីត្បូងឃ្មុំ ស្រលាញ់ ដើម្បីចូលរួមក្នុងផែនការផ្តួលរំលំរដ្ឋាភិបាល ក្រោមឧបាយកលផែនការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី នៅថ្ងៃទី ៩ វិច្ឆិកា។ 

ការចាប់ខ្លួន និងចោទប្រកាន់លើអតីតសកម្មជនបក្សប្រឆាំងនេះ ក្រោយពេលលោក ហ៊ុន សែន បានព្រមានកម្ទេចក្រុមប្រឆាំងទាំងឡាយណាដែលហ៊ានធ្វើយុទ្ធនាការគាំទ្រ ការវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃទី ៩ វិច្ឆិកា។

ក្រោយការប្រកាសផែនការវិលចូលប្រទេសរបស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ មកទល់ពេលនេះយ៉ាងហោចណាស់មានអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិប្រមាណ៥០នាក់ហើយ ត្រូវបានអាជ្ញាធរចាប់ និងឃុំខ្លួន ហើយមានខ្លះទៀតបានរត់គេចខ្លួនទៅក្រៅប្រទេស ព្រមទាំងចោទប្រកាន់ពីបទរួមគំនិតក្បត់ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។

អ្នកឃ្លាំមើលបញ្ហាសង្គម លោក គឹម សុខ បានលើកឡើងដោយណែនាំទៅលោកហ៊ុន សែនថា  មេដឹកនាំឆ្លាត គេមិនគួរសាកល្បងនឹងការឈឺចាប់ចំពោះប្រជារាស្ត្រនោះទេ។ លោកបន្តថា ប្រសិនបើដល់ដំណាក់កាលធ្លាក់ដួល ដោយពុំមានការសម្រុះសម្រួលក្នុងផ្ទៃក្នុងជាតិជាមុនទេ សូម្បីតែឱកាសលាក់ខ្លួន ក៏គ្មានផង ដោយលោកថាកុំស្រមៃដល់លទ្ធភាពស្ដារមុខមាត់ខ្លះឡើងវិញនោះ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.