អង្គការសង្គមស៊ីវិល និងសហជីព ជិត១០ស្ថាប័នផ្សេងគ្នា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបង្ហាញការខកចិត្តជាខ្លាំង ក្រោយពេលសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គមឬ ប.ស.ស មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងមិនបានផ្តល់ឱកាសដល់តំណាងពួកគេក្នុងការចូលរួមពិគ្រោះយោបល់។
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការ សមាគម និងសហជីពទាំងនោះកាលពីថ្ងៃម្សិលមិញ បានលើកឡើងថាកាលពីថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩ ពួកគេបានដាក់លិខិតរួមមួយមកលោក ហេង សំរិន ប្រធានរដ្ឋសភាក្នុងបំណងស្នើសុំអត្ថបទសេចក្តីព្រាងច្បាប់មួយនេះ និងស្នើសុំឲ្យមានការពិគ្រោះយោបល់ពេញលេញជាមួយអ្នកពាក់ព័ន្ធគ្រប់វិស័យឡើងវិញ។
យ៉ាងនេះក្តីពួកគេថា ជាអកុសលរហូតមកទល់ពេលនេះពួកគេ មិនទាន់បានទទួលបានសេចក្តីព្រាងច្បាប់នេះនៅឡើយ ហើយស្រាប់តែបានឃើញសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាជាតិបានបញ្ជាក់ពីការលើកយកសេចក្តីព្រាងច្បាប់នេះ និងសេចក្តីព្រាងច្បាប់មួយចំនួនទៀតមកពិភាក្សា និងអនុម័តកាលពីថ្ងៃទី ៨ តុលាទៅវិញ។
ក្នុងសេចក្តីថ្លែងការណ៍រួមដដែល ស្នើដោយទទូចជាថ្មីទៀតសូមឲ្យស្ថាប័ននីតិប្បញ្ញត្តិធ្វើការពិចារណាឡើងវិញ ដោយពន្យារពេលនៃការអនុម័តសេចក្តីព្រាងច្បាប់នេះ ហើយផ្សព្វផ្សាយសេចក្តីព្រាងច្បាប់នេះជាសាធារណៈនិងធ្វើការពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធឲ្យបានពេញលេញ ជាពិសេសតំណាងកម្មករនិយោជិត និងសហគមន៍ដែលធ្វើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីធានាបាននូវប្រសិទ្ធភាពចំពោះអ្នកទទួលផលប្រយោជន៍ និងផលប៉ះពាល់ដោយសារច្បាប់នេះ។
សេចក្តីថ្លែងការណ៍រួមនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ ពីរដ្ឋសភាឯកបក្សបានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម កាលពីថ្ងៃទី ៨ តុលា។
សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គមមាន ១១ ជំពូក និង ១០៧ មាត្រា បន្ទាប់ពីច្បាប់នេះត្រូវបានគណៈរដ្ឋមន្ត្រីបញ្ជូនមកកាន់រដ្ឋសភាជាតិ ដើម្បីបន្តនីតិវិធីកាលពីថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០១៩។
ជាមួយគ្នានេះក្រុមអង្គការសមាគមទាំងនោះបានលើកឡើងថា ស្របតាមគោលការណ៍នីតិរដ្ឋដែលឈរលើមូលដ្ឋានគណនេយ្យភាព និងតម្លាភាពក្នុងសង្គមក្នុងន័យនេះគណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានផ្តល់ជាអនុសាសន៍ថា កម្ពុជាគួរតែធានាឱ្យបាននូវតម្លាភាពក្នុងដំណើរការធ្វើច្បាប់ ឬ តាក់តែងច្បាប់ និងដាក់រាល់សេចក្តីព្រាង ឬស្នើច្បាប់ទាំងអស់ឱ្យសាធារណជនរកបានដើម្បីជួយសម្រួលដល់ការសន្ទនា និងការជជែកពិភាក្សាជាសាធារណៈដោយប្រជាពលរដ្ឋជាមួយអ្នកតំណាងរបស់ខ្លួនពិនិត្យឲ្យបានល្អិតល្អន់ និងស៊ីជម្រៅជាមុន។
ទោះបីជាយ៉ាងនេះក្តីច្បាប់នេះក៏បានរួចផុតដៃរដ្ឋសភាទៅហើយ និងបានបញ្ជូនបន្តទៅស្ថាប័នព្រឹទ្ធសភា ដើម្បីសម្រេចអនុម័ត។ ក្រោយពីព្រឹទ្ធសភា អនុម័តជាឯកច្ឆ័ន្ទ ច្បាប់នេះ នឹងរង់ចាំការឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រខ្មែរបន្តទៀត បន្ទប់មកច្បាប់នេះនឹងមានសុពលភាពដើម្បីប្រើប្រាស់ជាផ្លូវការ៕