38.1 C
Phnom Penh

តុលាការក្រុងភ្នំពេញសម្រេចកាត់ទោសអតីតសកម្មជនបក្សសង្រ្គោះជាតិម្នាក់ឱ្យជាប់ពន្ធនាគារ១ឆ្នាំ កន្លះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលើសកម្មជនអតីតបក្សសង្គ្រោះជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុលោក ម៉ៃ ហុងស្រៀង ឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំកន្លះ ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍។

ការសម្រេចនេះធ្វើឡើងក្នុងបន្ទប់សវនាការ នៃការប្រកាសសាលក្រមលើសំណុំរឿងអតីតសកម្មជនខេត្តព្រះសីហនុរូបនេះកាលពីថ្ងៃម្សិលមិញ។  

មេធាវីការពារក្តីលោក ម៉ៃ ហុងស្រៀង គឺលោក កែត ឃី បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ដែលចុះផ្សាយនៅថ្ងៃនេះ ថា តុលាការសម្រេចប្រកាស សាលក្រមដោយផ្តន្ទាទោសកូនក្តីរបស់លោកឱ្យជាប់ពន្ធនាគាររយៈ ១ ឆ្នាំកន្លះ ពីបទញុះញង់ឲ្យមានអំពើឧក្រិដ្ឋជាអាទិ៍។ លោកបន្តថា ១ បទល្មើសទៀតគឺញុះញង់ធ្វើឲ្យមានការរើសអើង ត្រូវបានទម្លាក់ចោល។

មេធាវីការពារក្តីរូបនេះ អះអាងថា លោកនឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចនេះ ព្រោះវាអយុត្តិធម៌ចំពោះកូនក្តីរបស់ខ្លួនដោយសារកូនក្តី        របស់លោក មិនបានញុះញង់ឲ្យមានបទល្មើសនោះឡើយ។ លោកថា ការសម្រេចរបស់តុលាការនេះ គឺជាការសម្រេចឃុំខ្លួនមនុស្ស ដែលគ្មានកំហុស។

កាលពីចុងខែកក្កដាលោក ម៉ៃ ហុងស្រៀង ត្រូវបានសមត្ថកិច្ចរបបក្រុងភ្នំពេញចាប់ខ្លួននៅតាមបណ្ដោយផ្លូវលេខ ២០០៤ ខណ្ឌពោធិ៍សែនជ័យ រាជធានី-ភ្នំពេញ ក្រោយពេលលោកភៀសខ្លួនពីការឡោមព័ទ្ធនៅខេត្តព្រះសីហនុ។

លោក ម៉ៃ ហុងស្រៀង គឺជាអតីតសកម្មជនបក្សប្រឆាំងមួយរូប ដែលមានភាពលេចធ្លោប្រចាំខេត្តព្រះសីហនុ ដោយហ៊ាននិយាយរិះគន់រដ្ឋាភិបាលពីភាពអសកម្មឥតសច្ចៃមាត់ ជុំវិញបញ្ហាព្រំដែន អំពើពុករលួយ ជនអន្តោប្រវេសន៍វៀតណាម និងចិនខុសច្បាប់។ លើសពីនេះ បញ្ហាយុវជនគ្មានការងារធ្វើគ្រប់គ្រាន់នៅក្នុងប្រទេសកម្ពុជាដែលមានប្រាក់ខែសមរម្យ ហើយត្រូវបង្ខំចិត្តទៅធ្វើជាកម្មករនៅក្រៅប្រទេស ព្រមទាំងបញ្ហាជាច្រើនទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស