នាវាមួយរបស់អ៊ីរ៉ង់ដែលកំពុងដឹកប្រេងនៅលើសមុទ្រក្រហមកៀកនឹងឆ្នេរអារ៉ាប់ប៊ីសាអូឌីតរងការបាញ់ដោយកាំជ្រួចចំនួនពីរគ្រាប់កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១១ ខែតុលា បណ្តាលឲ្យប្រេងនៅលើនាវានោះផ្ទុះហិនហោច នៅជិតនឹងកំពង់ផែសាអូឌីត។ រហូតមកទល់ពេលនេះ គេមានការសង្ស័យទៅលើប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលអាចជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីរ៉ង់។
សារព័ត៌មានអន្ដរជាតិ មានដូចជា BBC CNN ជាពិសេស ទីភ្នាក់សារព័ត៌មាន របស់ អ៊ីរ៉ង់ IRNA បានចុះផ្សាយ ថា នាវានេះ មានឈ្មោះថា Sinopa ជាកម្មសិទ្ធិនៃក្រុមហ៊ុនជាតិប្រេងកាតរបស់អ៊ីរ៉ង់។ មានការសង្ស័យថា ដំបូងគឺទៅលើប្រទេសអារ៉ាប់ប៊ីសាអូឌីត តែមន្រ្ដីនៃប្រទេសនេះមិនទាន់អាចធ្វើការឆ្លើយតបបាននោះទេ។
ក៏ប៉ុន្ដែទូរទស្សន៍ជាតិអ៊ីរ៉ង់បានស្រង់ប្រភពពីក្រុមហ៊ុននាវាដឹកប្រេងអ៊ីរ៉ង់ដោយបាន សង្កត់ន័យធ្ងន់ធ្ងរថា ប្រហែលជាការវាយប្រហារដោយម៉ីស៊ីលមកលើនាវានោះតែម្ដង ស្របពេលដែលនាវានោះកំពុងធ្វើដំណើរនៅសល់តែប្រមាណ១០០គីឡូម៉ែត្រទៀតប៉ុណ្ណោះនឹងទៅដល់ឆ្នេរនៃប្រទេសអារ៉ាប៊ីសាអូឌីត។
ភ្នាក់ងារសារព័ត៌មានប្រទេសនេះជឿជាក់ថាហេតុការណ៍នេះកើតឡើងនោះតាមរយៈការវាយប្រហាររបស់ក្រុមភេរវកម្មខ្ចីដៃ ចំពេលដែលមជ្ឈឹមបូព៌ាមានកម្លាំងទ័ពនិងសព្វាវុធទំនើបៗរបស់អាមេរិកដែលបានដាក់ពង្រាយលើឈូងសមុទ្រពែក្សហើយនោះ ។
នៅមុនហេតុការណ៍នេះប៉ុន្មានខែ អ៊ីរ៉ង់បានធ្វើការវាយប្រហារនិងរឹបអូស នាវា របស់អង់គ្លេសលើឈូងសមុទ្រអូម៉ង់ ហើយភាពតានតឹងចុងក្រោយគឺនៅពេលដែលរោងចក្រចម្រាញ់ប្រេងរបស់អារ៉ាប់ប៊ីសាអូឌីត ពីរកន្លែងរងការវាយប្រហារ ដែលកាលណោះអារ៉ាប់ប៊ីសាអូឌីតថាគ្មាននរណាផ្សេងក្រៅពីអ៊ីរ៉ង់ដែលបង្កវិចេ្ឆទកម្មនេះឡើយ។
ភ្លាមៗ ក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់បានអះអាងថា ពុំមានក្រុមនាវិករបស់ខ្លួនណាម្នាក់រងរបួសឡើយ ប៉ុន្តែហេតុការណ៍នេះកើតមានឡើង នៅចំពេលដែលអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតកំពុងមានភាពតានតឹងនឹងគ្នានៅឡើយ បន្ទាប់ពីយន្ដហោះ ១៨គ្រឿង និងមីស៊ីល ០៧គ្រាប់វាយប្រហារលើរោងចក្រប្រេងអ៉ារ៉ាប៊ីសាអូឌីត កាលពីខែកញ្ញាកន្លងទៅ។
សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានចោទថាអ៊ីរ៉ង់ថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ រួមទាំង ការវាយប្រហារលើកប៉ាល់ដឹកប្រេងពីរគ្រឿង នៅតំបន់ឈូងសមុទ្រ កាលពីខែមិថុនា និងខែកក្កដា ក៏ដូចជាកប៉ាល់ដឹកប្រេងបួនគ្រឿងផ្សេងទៀតកាលពីខែឧសភា។ ប៉ុន្តែអ៊ីរ៉ង់បានទាត់ចោលរាល់ ការចោទប្រកាន់។
ស្ថានភាពនៅឈូងសមុទ្រពែក្សពេលនេះនៅតែក្ដៅគគុកជាខ្លាំង រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានធ្វើការស៊ើបអង្កេតដោយរកឃើញថា អ៊ីរ៉ង់នៅតែបន្ដដឹកប្រេងទៅកាន់ប្រទេសស៊ីរីដែលជាប្រទេសពិភពលោកដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅហើយនោះ។ ក្រោយពីអ៊ីរ៉ង់មិនបានរាងចាលការដែលអង់គ្លេសរឹបអូសយកនាវារបស់ខ្លួនម្ដងពេលដែលលួចដឹកប្រេងទៅប្រទេសនោះ ទើបហេតុការណ៍នេះ បានកើតឡើងចំលើ ប្រទេសអ៊ីរ៉ង់តែម្ដង។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា កងនាវាទី៥ របស់អាមេរិក បានទទួលព័ត៌មានអំពីការវាយប្រហារលើនាវារបស់អ៊ីរ៉ង់នៅថ្ងៃនេះ ។ប៉ុន្តែអ្នកនាំពាក្យកងនាវានេះ មិនបាននិយាយលំអិតអ្វីទេ។
បណ្ដាញផ្សាយព័ត៌មានមួយទៀត Press TV គឺបានចុះផ្សាយដោយស្រង់សំដី Saheb Sadeghi លោក ជាប្រធានទំនាក់ទំនងសាធារណៈនៃក្រុមប្រេងជាតិអ៊ីរ៉ង់ មកថា គឺកាំជ្រួចនោះ បានបាញ់ចេញពីទឹកដី អារ៉ាប់ប៊ីសាវអូឌិត ដែលលោកថាវានានេះ ស្ថិតនៅលើសមុទ្រក្រហមនៃដែនទឹកជាប់ឆ្នេរសមុទ្រនៃប្រទេស អារ៉ាប់ប៊ីសាវអូឌិត ។ ក្រសួងការបរទេស អ៊ីរ៉ង់បានចេញសេចក្ដីថ្លែងការណ៍ថា ដោយការវាយប្រហារនេះ គឺជាល្បែងដ៏គ្រោះថ្នាក់ ដែលអ៊ីរ៉ង់នឹងមិនអត់ឱនឡើយ។
មានការព្រមានថា សង្រ្គាមលើឈូងសមុទ្រពែក្សអាចនឹងឆាបឆេះ បើ ភាគីពាក់ព័ន្ធមិនប្រកាន់នូវភាពអត់ធ្មត់។ ទីភ្នាក់ងារ អាតូមមិច អន្តរជាតិ IAEA ព្រមានថា ដំណើរទៅរកសង្រ្គាមមើលទៅ កាត់ខិតចូលមកដល់ហើយ ៕