34 C
Phnom Penh

សកម្មជនព្រៃឈើ ថារដ្ឋាភិបាលនៅតែគ្មានចំណាត់ការលើក្រុមហ៊ុនដីសម្បទាន និងក្រុមហ៊ុនកែច្នៃឈើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនព្រៃឈើ អះអាងថា ព្រៃឈើនៅតំបន់ព្រៃឡង់នឹងរងការវិនាសបន្ថែមទៀត ប្រសិនបើរដ្ឋាភិបាលមិនព្រមចាត់វិធានការលើក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ស៊ីងបាយអូទិច(Think Bio Teck)  និងក្រុមហ៊ុនកែច្នៃឈើ Angkor Plywood  Company ដែលរកឃើញថាបានកាប់ឈើនៅតំបន់ព្រៃអភិរក្សមួយនេះ ។

សកម្មជនព្រៃឈើលោក ហេង ស្រស់ យល់ថា មូលហេតុដែលរដ្ឋាភិបាលមិនព្រមចាត់វិធានការក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងក្រុមហ៊ុនកែច្នៃឈើទាំងពីរនេះ អាចដោយសារមានអ្នកធំ ឬអ្នកមានអំណាចនៅពីក្រោយ ក្រុមហ៊ុនទាំងនេះតែម្តង។  

ការលើកឡើងនេះ ក្រោយពេលរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ កាលពីថ្ងៃទី ១៦ កញ្ញា បានផ្ញើលិខិតមួយទៅរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ ដោយបានលើកឡើងពីរបាយការណ៍របស់សហគមន៍អឺរ៉ុប និងUSAID ប្រចាំកម្ពុជា ស្តីពីការកាប់ដើមច្បោះជ័រ និងឈើមានតម្លៃផ្សេងទៀតពីតំបន់ព្រៃឡង់ដោយខុសច្បាប់ ពីសំណាក់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច Think Bio Teck។

ឈើដែលកាប់ចេញពីតំបន់ព្រៃឡង់ ក្បែរដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមួយនេះ ត្រូវបានកែច្នៃដោយក្រុមហ៊ុន Angkor Plywood  Company។

លោក សាយ សំអាល់ បានប្រាប់ឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មថាទីតាំងក្រុមហ៊ុន Think Bio Teck ថា មិនស្ថិតនៅក្នុងដែនអភិរក្សព្រៃឡង់ទេ។ លោកបន្តថាទីតាំងក្រុមហ៊ុននេះ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានឡើយ ប៉ុន្តែស្ថិតនៅក្នុងដែនគ្រប់គ្រងរបស់ក្រសួងកសិកម្ម។

លោកអះអាងថា នឹងធ្វើលិខិតអន្តរាគមន៍ទៅអភិបាលខេត្តពាក់ព័ន្ធ ដើម្បីរៀបចំក្រុមការងារចម្រុះ ចុះពិនិត្យមើល និងចាត់វិធានការចាំបាច់នានាពាក់ព័ន្ធករណីនេះ។

លោក សាយ សំអាល់ អះអាងថាប្រសិនបើមានការរកឃើញថា ក្រុមហ៊ុនទាំងនេះ បានកាប់ឈើនៅក្នុងតំបន់ព្រៃឡង់មែន នោះក្រសួងរបស់លោក និងក្រសួងកសិកម្ម នឹងស្នើសុំទៅរដ្ឋាភិបាលដើម្បីចាត់វិធានការបន្ត។

ប៉ុន្តែសកម្មជនព្រៃឈើ លោក ហេង ស្រស់ បានស្នើឱ្យរដ្ឋាភិបាលស្រាវជ្រាវករណីនេះ ប្រកបដោយឆន្ទៈពិតប្រាកដ ឈរលើប្រយោជន៍ប្រជាសហគមន៍ និងជាតិទាំងមូល។

លោក បន្ថែមថា ដើម្បីឱ្យព្រៃឈើនៅតំបន់ព្រៃឡង់អាចនៅគង់វង្សបាន រដ្ឋាភិបាលត្រូវបញ្ឈប់ការផ្តល់លិខិតអនុញ្ញាត ឬប្រកាស PC និង LP ទាំងអស់។ លើសពីនេះ រដ្ឋាភិបាលត្រូវបិទក្រុមហ៊ុនកែច្នៃឈើទាំងអស់នៅក្បែរៗតំបន់ព្រៃឡង់ ព្រមទាំងស្រាវជ្រាវរាល់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅក្បែរតំបន់ព្រៃឡង់ទាំងអស់ ប្រសិនបើរកឃើញថាក្រុមហ៊ុនទាំងនោះជាប់ពាក់ព័ន្ធការបំផ្លាញព្រៃឈើនៅតំបន់ព្រៃអភិរក្សនេះ រដ្ឋត្រូវមានវិធានការ ឬឈានទៅដកអាញ្ញាប័ណ្ណរបស់ក្រុមហ៊ុនទាំងអស់នោះតែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស