29 C
Phnom Penh

លិខិតជូនការីនិពន្ធដោយ លោក ហឿន វ៉ឹក៖ សហគមន៍ខ្មែរក្នុងទីក្រុងតាកូម៉ានៃរដ្ឋវ៉ាស៊ីនតុនថ្កោលទោសលោក ហ៊ុន សែន ករណីចុះកិច្ចព្រមព្រៀមព្រំដែនជាមួយវៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការចុះហត្ថលេខារបស់ លោកហ៊ុន សែន ជាមួយមេដឹកនាំវៀតណាមកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ជុំវិញលទ្ធផលនៃការបោះបង្គោលព្រុំដែនរវាងប្រទេសទាំងពីរ បាន៨៤% នោះ គឺជាការបំផ្លាញជាតិធ្ងន់ធ្ងរ។

កិច្ចព្រមព្រៀងព្រំដែននេះ បានធ្វើអោយមានការលើកឡើងពីក្រុមអ្នកតាមដានសង្គមថា បានធ្វើអោយបាត់ទឹកដីខ្មែរជាច្រើននិងពុំមានតម្លាភាពសំរាប់ពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេស ដោយសារការចុះហត្ថលេខានោះ ធ្វើឡើងខណៈគណបក្សប្រជាជនកម្ពុជាកំពុងគ្រប់គ្រងរដ្ឋសភាជាតិដោយបក្សតែមួយតាមរយៈការបោះឆ្នោតខុសច្បាប់កាលពីខែកក្កដា ឆ្នាំ២០១៨។

ក្រៅពីនេះ របបលោកហ៊ុន សែនពុំបានបង្ហាញរបាយការណ៍នៃកិច្ចព្រមព្រៀងនោះជាសាធារណៈឡើយ រីឯប្រធានគណកម្មការព្រំដែននៃរបបផ្តាច់ការបច្ចុប្បន្ន គឺលោក វ៉ា គីមហុង និយាយថា «ទំហំដីនៃប្រទេសកម្ពុជាគឺ១៨១ ០៣៥គីឡូម៉ែត្រការ៉េ ប៉ុន្តែនៅពេលវាស់ជាក់ ស្តែង យើងឃើញលទ្ធផលសល់ប៉ុន្មាន ចាំគិតតទៅទៀត»។ នេះគឺជាសំដីគ្មានការទទួលខុសត្រូវរបស់មន្ត្រី លោកហ៊ុន សែន!

បើតាមលោកវ៉ា គីមហុងៈ កិច្ចព្រមព្រៀងលើព្រុំដែន៨៤%នេះ គឺធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងបំពេញបន្ថែមឆ្នាំ២០០៥ ដែលផ្តល់សុពលភាពដល់កិច្ចព្រមព្រៀងកម្ពុជា-វៀតណាម ឆ្នាំ១៩៨៥។ កិច្ចព្រមព្រៀងឆ្នាំ១៩៨៥ គឺជាកិច្ចព្រមព្រៀងខុសទាំងច្បាប់ជាតិ និងអន្តរជាតិ ពីព្រោះកាលណោះកម្ពុជាស្ថិតក្រោមនឹមអាណានិគមយួន ហើយរដ្ឋាភិបាលលោក ហ៊ុន សែន ពេលនោះពុំទទួលបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិឡើយ។

លើសពីនេះទៀត កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ក្នុងឧបសម្ពន្ធ័ទី៥ មាត្រតា១ ចំណុច២-ឃ បានតំរូវអោយកម្ពុជាលប់ចោលនូវកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យភាពនៃដែនដីរបស់ខ្លួន។

នេះបានសេចក្តីថា រាល់កិច្ចព្រមព្រៀងរវាងកម្ពុជាជាមួយបរទេសមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ត្រូវចាត់ទុកជាមោឃៈ។ ប៉ុន្តែលោកហ៊ុន សែន បានធ្វើអោយកិច្ចព្រមព្រៀងព្រំដែនក្នុងឆ្នាំ១៩៨៥ ជាមួយួនរស់ឡើងវិញតាមរយៈការចុះហត្ថលេខារបស់គាត់លើកិច្ចព្រមព្រៀងបន្ថែមឆ្នាំ២០០៥ ក្រោយពេលគាត់គ្រប់គ្រងអំណាចតែម្នាក់ឯងបន្ទាប់ពីធ្វើរដ្ឋប្រហារដណ្តើមអំណាចក្នុងឆ្នាំ១៩៩៧។ នៅពេលនេះ លោកហ៊ុន សែន បានចុះហត្ថលេខាលើការបោះបង្គោលព្រំដែនជាមួយយួនបាន៨៤% ដោយផ្អែកលើកិច្ចព្រមព្រៀងបន្ថែមឆ្នាំ២០០៥នោះទៀត ក្រោយពេលដែលគាត់រំលាយគណបក្សសង្គ្រោះជាតិដើម្បីគ្រប់គ្រងសភាតែម្នាក់ឯង។ ដូច្នេះ ការចុះហត្ថលេខារបស់លោកហ៊ុន សែននាថ្ងៃទី៥ ខែតុលាកន្លងទៅនេះគឺជារឿងខុសច្បាប់និងជាទង្វើក្បត់ជាតិ។

ការដែលលោកហ៊ុន សែនចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រំដែនទាំងបំពានឆន្ទៈពលរដ្ឋខ្មែរបែបនេះគឺជាការដើម្បីបំរើផលប្រយោជន៍យួន ដើម្បីបំពេញមហិច្ឆិតាដំណើរឆ្ពោះមកទិសខាងលិចរបស់យួន និងដើម្បីអាចឲ្យយួនជួយការពារអំណាចរបស់គាត់ដើម្បីគ្រប់គ្រងខ្មែរ ដូចសមយ័លោកម្ចាស់បាត់ដំបងគ្រប់គ្រងខ្មែរបំរើសៀមអញ្ចឹងដែរ។

សូមជំរាបថាខ្លឹមនៃលិខិតមកកាន់ការីនិពន្ធដែលរៀបរាងឡើងដោយ លោក ហឿន វ៉ឹក ប្រធានអង្គការសម្លេងខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ (KVD) ក្នុងទីក្រុងតាកូម៉ា នៃរដ្ឋវ៉ាស៊ីនតុន សហរដ្ឋអាមេរិកនេះ មិនបានឆ្លុះបញ្ចាំងទស្សនៈរបស់សាព័ត៌មាន The Cambodia Daily នោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស