ព័ត៌មានជាតិ

តុលាការខេត្តមណ្ឌលគិរី ចាប់ខ្លួនកម្មកររបស់អ្នកចាត់ការទូទៅក្រុមហ៊ុន 7NG ៨ នាក់ ពាក់ព័ន្ធបញ្ហាដីធ្លី

By ឌឹ ខេមបូឌា ដេលី

October 15, 2019

សាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចបន្តនីតិវិធីដោយសួរនាំកម្មកររបស់ឧកញ៉ា ស្រី ចន្ធូ ដែលជាអ្នកចាត់ការទូទៅក្រុមហ៊ុន 7NG ចំនួន៨នាក់ ពាក់ព័ន្ធនឹងសកម្មភាពដាំបង្គោលថ្មព័ទ្ធយកដីចំការរបស់រដ្ឋក្នុងខេត្តភាគឦសាន្តមួយនេះ។

ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា អះអាងប្រាប់សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD នៅថ្ងៃនេះថា ខាងលោក និងខាងរដ្ឋបាលព្រៃឈើខេត្ត បានឃាត់ខ្លួនកម្មកររបស់ឧកញ៉ា ស្រី ចន្ធូ ចំនួន៨នាក់ កាលពីថ្ងៃម្សិលមិញ ពាក់ព័ន្ធការធ្វើសកម្មភាពដាំបង្គោលថ្ម និងដាំដើមឈើព័ទ្ធយកដីចំការស្រល់របស់រដ្ឋបាលព្រៃឈើ ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្ដមណ្ឌលគិរី។

ប្រភពដដែលលើកឡើងថា ខាងតុលាការកំពុងបន្តនីតិវិធីសាកសួរជាមុនសិន ដើម្បីរកឱ្យឃើញអ្នកពាក់ព័ន្ធពិតប្រាកដ មុននឹងឈានទៅអនុវត្តតាមច្បាប់ទៅលើជនប្រព្រឹត្តល្មើស។

កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ អភិបាលស្រុកស្រុកអូររាំង លោក នង នណ្ណាវី បានចេញលិខិតផ្ទេរកម្មសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ចំការស្រល់របស់រដ្ឋ នៅខាងមុខទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអូររាំង ស្ថិតនៅភូមិពូរាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្ដមណ្ឌលគិរីទៅឲ្យឧកញ៉ា ស្រី ចន្ធូ។

ដីចម្ការស្រស់ ដែលជាដីរបស់រដ្ឋក្នុងខេត្តនេះ រងការរំលោភបំពានកាន់តែច្រើនឡើងៗ ក្រោមស្លាកនៃការបោះបង្គោលព័ទ្ធ ក្នុងបំណងយកធ្វើជាកម្មសិទ្ធិឯកជនជាបន្តបន្ទាប់៕