40.9 C
Phnom Penh

អាមេរិកអំពាវនាវឱ្យដកអាសនៈរបស់វេណេហ្សូ អេឡានៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី១៧ ខែតុលាសប្ដាហ៍នេះ នឹងមានការបោះឆ្នោតជ្រើសរើសសមាសភាពថ្មីឬអាចបន្ដសមាសភាពចាស់ឡើងវិញដែលជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

ចំពោះប្រទេសវេណេហ្សូអេឡាបានក្លាយជាប្រធានបទដ៏ក្ដៅគគុកនៅពេលដែលសមាជិកនៃគណៈប្រតិភូរបស់មហាសន្និបាតអង្គការសហប្រជាជាតិត្រូវធ្វើការបោះឆ្នោតដើម្បីបន្ដអាណត្តិរបស់ប្រទេសនេះឡើងវិញ ឬក៏ត្រូវដកហូតអាសនៈតែម្ដង។

ដោយមើលឃើញពីប្រទេសវេណេហ្សូអេឡាកំពុងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ សហរដ្ឋអាមេរិកនៅថ្ងៃទី១៤ ខែតុលានេះ បានបញ្ចូនលិខិតទៅកាន់មហាសន្និបាតរបស់អង្គការសហប្រជាជាតិដោយអំពាវនាវឱ្យដកហូតអាសនៈរបស់វេណេហ្សូអេឡាចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិតែម្ដង គឺមិនត្រូវទុកឱ្យអង្គុយនៅទៀតឡើយ។

សេតវិមានបានបង្ហាញក្ដីសង្ឃឹមថាប្រទេសជាសមាជិកនឹងបោះឆ្នោតដកការគាំទ្រមិនឱ្យរបបផ្ដាច់ការនៃប្រទេសវេណេហ្សូអេឡាមានអាសនៈបន្ដទៀតនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថារបបលោកម៉ាឌូរ៉ូកំពុងតែបិទបាំងនិងគាបសង្កត់សិទ្ធិសេរីភាពធ្ងន់ធ្ងរទៅលើក្រុមគណបក្សប្រឆាំង។ ក្នុងនោះអ្នកទោសនយោបាយជិត ៥រយនាក់ត្រូវបានចាប់ និងឃុំខ្លួន។

ឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Jon Piechowski បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថាសហរដ្ឋអាមេរិកជឿជាក់ថាការបោះឆ្នោតជ្រើសរើសសមាសភាពនៃសមាជិករបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងមិនត្រូវជ្រើសរើសយកប្រទេសរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ឱ្យបន្ដអង្គុយនៅឯអង្គការសិទ្ធិមនុស្សអន្ដរជាតិដ៏ធំទៀតទេ។

អ្នកនាំពាក្យរូបនេះក៏បានអំពាវនាវឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិត្រូវរួមគ្នាការពារសិទ្ធិរបស់ពលរដ្ឋនៃប្រទេសវេណេហ្សូអេឡាក៏ដូចជាពិភពលោកទាំងមូល។

សមាជិកអង្គការសហប្រជាជាតិនឹងបោះឆ្នោតជ្រើសរើសសមាសភាពថ្មីមកពីទ្វីបអាមេរិកខាងត្បូងដោយបេក្ខជនមានបីប្រទេសគឺប្រេស៊ីល   កូស្ដារីកា និងវេណេហ្សូអេឡា។ សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សមាន៤៧ ប្រទេសដែលតំណាងឱ្យតំបន់នៃទ្វីបទាំង៥ក្នុងពិភពលោក។

សហរដ្ឋអាមេរិកគឺជារដ្ឋាភិបាលមួយក្នុងចំណោមរដ្ឋាភិបាលជាង៥០ទៀតដែលបានគាំទ្រមេបក្សប្រឆាំងលោក វ័នហ្កៃដូ ធ្វើជាប្រមុខរដ្ឋស្ដីទីនៃប្រជាជនវេណេហ្សូអេឡា ហើយកំពុងតែរុញលោកម៉ាឌូរ៉ូអោយចាកចេញពីតំណែង។ សហរដ្ឋអាមេរិកចាត់ទុករបបលោកម៉ាឌូរ៉ូជារបបខុសច្បាប់ដោយសារតែរៀបចំការបោះឆ្នោតពុំមានបេក្ខជនមកពីគណបក្សប្រឆាំងចូលរួម។

ចំណែកអង្គការណ Human rights watch និង អង្គការអន្ដរជាតិដទៃទៀតក៏បានចេញសេចក្ដីថ្លែងការណ៍អំពាវនាវ ឱ្យសមាជិកអង្គការសហប្រជាជាតិ បោះឆ្នោតគាំទ្រប្រទេសកូស្ដារីកាជំនួសប្រទេសវេណេហ្សូអេឡាដែលរំលោភសិទ្ធិមនុស្ស។ កាលពីថ្មីៗនេះស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet បានបញ្ចេញរបាយការណ៍ដោយបង្ហាញថា របបលោកម៉ាឌូរ៉ូ បានជាប់ចោទពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិដោយសារតែការសម្លាប់ក្រៅប្រព័ន្ធច្បាប់  អំពើទារុណកម្ម និងការចាប់ពង្រត់ក្រុមគណបក្សប្រឆាំង។ យ៉ាងណាក៏ដោយតំណាងនៃរបបលោកម៉ាឌូរ៉ូនៅអង្គការសហប្រជាជាតិបានច្រានចោលរបាយការណ៍លោកស្រីបាឆាលែត។

នៅក្នុងប្រទេសវេណេហ្សូអេឡាបច្ចុប្បន្នស្ថិតក្នុងស្ថានភាពវិបត្តិធ្ងន់ធ្ងរដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងតែក្រឡាប់ហើយវិបត្តិនយោបាយធ្ងន់ធ្ងរឡើងៗ។ ក្រុមគណបក្សប្រឆាំងដឹកនាំដោយលោកវ័ន្តកៃដូ បានប្រកាសបង្កើតរដ្ឋាភិបាល ស្រមោល ។

កាលពីសប្ដាហ៍មុន រដ្ឋាភិបាលរបស់បក្សប្រឆាំង ទទួលបានប្រាក់ជំនួយ ជាង ៥៦៨ លានដុល្លារ ពីសហរដ្ឋអាមេរិក។

សម្រាប់សហរដ្ឋអាមេរិក មិនត្រឹមដាក់ទណ្ឌកម្មដោយកាត់ផ្ដាច់ជំនួយមនុស្សធម៌ទៅអោយរដ្ឋាភិបាលវេណេហ្សូអេឡា ប៉ុណ្ណោះទេ ប៉ុន្តែ អាមេរិកបានដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើប្រទេសនេះយ៉ាងធ្ងន់ធ្ងរ ដែលនាំអោយរបបលោកម៉ាឌូរ៉ូ សឹងតែដួលរំលំម្ដងម្កាលទៅហើយ។

ប្រេសិតរបស់លោកប្រធានាធិបតីត្រាំទទួលបន្ទុក វេណេហ្សូអេឡា លោក Elliot Abram បានព្យាករណ៍ថា របបលោកម៉ាឌូរ៉ូនឹងមិនត្រូវបានអនុញ្ញតិអោយ រស់ដល់ឆ្នាំ២០២០ឡើយ។ លោកថា ពិភពលោក មិនត្រូវបន្តគាំទ្ររបបរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនេះដែរ។

ក្នុងការថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៤ កាលពីចុងខែកញ្ញា អនុប្រធានាធិបតី នៃរបបលោកម៉ាឌូរ៉ូ បានជួបនូវរឿងអាម៉ាស់ជាខ្លាំងដោយសារតែប្រតិភូ នៃបណ្ដាប្រទេសនានា បាននាំគ្នាដើរចេញ ពីសាលប្រជុំ ដែលសឹងតែរកអ្នកអង្គុយស្ដាប់មិនចង់     បាន។

នេះជាការវាយប្រហារការទូតធ្ងន់ណាស់ ទៅលើរបបលោក ម៉ាឌូរ៉ូ មុន ការបោះឆ្នោតរបស់សមាជិកនៃបណ្ដាប្រទេសសមាជិកអង្គការសហប្រជាជាតិដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៧តុលានេះ ថាតើត្រូវទុកអាសនៈអោយរបបលោកម៉ាឌ៉ូបន្តអង្គុយទៀតឬត្រូវដកហូតមកវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស