នកវិភាគនយោបាយនៅក្រៅប្រទេសបានលើកឡើងថា ប្រសិនបើលោក សម រង្ស៊ី មិនបានចូលប្រទេសកម្ពុជាតាមការសន្យារបស់លោក និងក្រុមមន្រ្តីរបស់លោកទេ គឺមានន័យថាលោកប្រៀបដូចជាអ្នកបំផ្លាញស្មារតី និងការជឿជាក់របស់អ្នកគាំទ្រប្រជាធិបតេយ្យខ្មែរទៅវិញ។
លើកឡើងនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន អ្នកវិភាគនយោបាយលោក គឹម សុខ បានបង្ហោះវីដេអូរបស់លោក សម រង្ស៊ី ដោយថា សារនយោបាយរបស់អតីតមេបក្សប្រឆាំងនេះ ស្ដាប់មើលទៅ គឺជាសារព្យាយាមបង្ហាញការតាំងចិត្ត ក្នុងផែនការមាតុភូមិនិវត្តន៍របស់គាត់ ដែលទន់ភ្លន់និងប្រាកដប្រជាជាងមុន។
លោកបន្តថា ការកំណត់ពេលចូលស្រុករបស់លោក សម រង្ស៊ី មិនខុសទេ ក្នុងន័យនយោបាយជាតិ ហើយគាត់ត្រូវតែចូលតាមការសន្យា បើទោះបីជាយុទ្ធវិធីរបស់គាត់ ក្នុងរយៈពេលចុងក្រោយនេះ បានដើរចូលអន្ទាក់របស់លោក ហ៊ុន សែន ខ្លះៗ ក៏ដោយ។
យ៉ាងនេះក្តី លោក គឹម សុខ យល់ថាលោក សម រង្ស៊ី នឹងក្លាយជាអ្នកបំផ្លាញស្មារតីនិងការជឿជាក់របស់អ្នកគាំទ្រប្រជាធិបតេយ្យខ្មែរ ប្រសិនបើលោក មិនបានចូលស្រុកតាមការសន្យាទេ ពីព្រោះមានអ្នកស្រឡាញ់ប្រជាធិបតេយ្យច្រើនណាស់ កំពុងរង់ចាំដំណើរនៃការចូលស្រុករបស់ក្រុមលោក ។
លោកថា ការរង់ចាំរបស់ពលរដ្ឋនោះគឺដើម្បីបង្ហាញសមត្ថភាពនិងយុទ្ធវិធី ដឹកនាំចលនាងើបឡើងអនុវត្តសិទ្ធិស្របច្បាប់របស់ពលរដ្ឋ ក្នុងគោលដៅតស៊ូប្តូរលោក ហ៊ុន សែន ចេញពីតួនាទីជានាយករដ្ឋមន្ត្រី ដែលដណ្ដើមបានដោយខុសច្បាប់។
ម្តងនេះ លោក គឹម សុខ ថា ប្រជាពលរដ្ឋខ្មែរ ទំនងជាលែងចង់ស្ដាប់ហេតុផលដែលគ្រាន់តែនិយាយតៗគ្នាថា “មិនមែនមិនចូលទេ ប៉ុន្តែចូលមិនបាន” ទៀតនោះឡើង។
ប៉ុន្តែនៅក្នុងវីដេអូខ្លី បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ១២ តុលា លោក សម រង្ស៊ី បញ្ជាក់ជំហរច្បាស់ថា លោកនឹងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសនឹងចូលប្រទេសកម្ពុជាឱ្យបាននៅថ្ងៃទី ៩ វិច្ឆិកា ទោះបីជាបច្ចុប្បន្នមានការចាប់ចងអតីតមន្ត្រីរបស់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ក្តី។ លោកបានហៅការធ្វើទុក្ខបុកម្នេញលើអតីតមន្ត្រី និងសកម្មជនរបស់ខ្លួន ពីសំណាក់រដ្ឋាភិបាលលោកហ៊ុន សែន ថាជារឿងកំសាកបំផុត។
លោកសម រង្ស៊ី ក៏បានអំពាវនាវជាថ្មីទៀត ឱ្យពលរដ្ឋចូលរួមដំណើរវិលចូលស្រុករបស់លោកឱ្យបានច្រើន ដោយថាជាការឆក់យកឱកាសនេះ ដើម្បីរួបរួមគ្នា ឈានទៅរកការផ្លាស់ប្តូរជាវិជ្ជមានឱ្យបាន ពិសេសការយកអំណាចពីក្រញាំដៃ លោក ហ៊ុន សែន ទៅសងប្រជាពលរដ្ឋខ្មែរវិញ។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យកងកម្លាំង ពិសេសកងទ័ពចេញធ្វើសកម្មភាពកម្ទេចសកម្មភាពគាំទ្រការវិលចូលស្រុករបស់លោក សម រង្ស៊ី នៅក្នុងប្រទេស ដោយលោកបានញុះញង់ឱ្យកងទ័ពប្រើហិង្សាលើក្រុមទាំងនោះទៀតផង គឺថាវ៉ៃនឹងកន្លែងតែម្តង ដោយមិនចាំបាច់មានដីកាពីតុលាការនោះទេ៕