32 C
Phnom Penh

តុលាការចេញដីកាចាប់ខ្លួនអតីតចៅសង្កាត់សាលាកំរើក ខេត្តសៀមរាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការខេត្តសៀមរាប បានចេញដីកាមួយទៀត ដោយបង្គាប់ឲ្យចាប់ខ្លួនអតីតចៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មកពីគណបក្សសង្រ្គោះជាតិដែលមានវ័យក្មេងជាងគេ និងមានប្រជាប្រិយភាពមួយរូប ក្រោមបទចោទរួមគំនិតក្បត់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃម្សិលមិញ បានសម្រេចចេញដីកាបង្គាប់ឱ្យចាប់ខ្លួន អតីតចៅសង្កាត់សាលាកំរើកគណបក្សសង្រ្គោះជាតិ លោក ជិន សុខង៉ែង ។

ការចេញដីកាចាប់ខ្លួននេះ ក្រោយពេលតំណាងអយ្យការអមសាលាដំបូងខេត្តនេះចោទលោក ពីបទរួមគំនិតក្បត់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល ក្រោមផែនការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី នៅថ្ងៃទី ៩វិច្ឆិកា ដោយមានការអំពាវនាវ និងប្រើថវិកាប៉ុនប៉ងបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ ដើម្បីចូលរួមអនុវត្តផែនការនេះ។

កាលពីថ្ងៃទី១៦សីហាឆ្នាំ២០១៩ មានអតីតសកម្មជននិងមន្ត្រីជាប់ឆ្នោតគណបក្សសង្រ្គោះជាតិ បានទៅជួបលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី។

វីដេអូ និងរូបថតនៃការជួបជុំនោះ ក៏ត្រូវបានអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចែកចាយនៅលើទំព័រហ្វេសប៊ុករបស់លោក។

ក្រោយការវិលត្រឡប់ពីការជួបលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ីនោះ អតីតមន្ត្រីជាប់ឆ្នោតទាំងនោះ ក៏ត្រូវបានសមត្ថកិច្ច និងតុលាការ លោកហ៊ុន សែន ចាប់ខ្លួន និងចោទប្រកាន់ជាបន្តបន្ទាប់ ក្រោមហេតុផលថាបានទទួលបញ្ជាសម្ងាត់ក្នុងការផ្តួលរំលំរដ្ឋាភិបាល ដោយចាប់ផ្តើមពីអតីតមេឃុំបុស្សខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម មកពីគណបក្សសង្រ្គោះជាតិគឺ លោក ហ៊ុន សុខគង់ មុនគេ។

អាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ ចំនួន ៥០០៧អាសនៈ ដែលបានមកពីការបោះឆ្នោតឃុំ-សង្កាត់ ត្រូវបាត់បង់ទាំងស្រុង បន្ទាប់ពីគណបក្សប្រឆាំងមួយនេះត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី ១៦ខែវិច្ឆិកា ឆ្នាំ២០១៧។

មកទល់ថ្ងៃទី ១៤ តុលា ឆ្នាំ២០១៩ យ៉ាងហោចណាស់មានអតីតមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៤៥នាក់ ត្រូវបានចាប់ឃុំខ្លួនដាក់ពន្ធនាគារ៕  

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស