33 C
Phnom Penh

រដ្ឋាភិបាលប្រទេសសាធារៈណរដ្ឋ Czech ថាបញ្ហា EBA ជារឿងសំខាន់សម្រាប់កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលប្រទេសសាធារណរដ្ឋ Czech តាមរយៈនាយករដ្ឋមន្ត្រីរបស់ខ្លួនគឺ លោក Andrej  Babis បានប្រាប់នាយករដ្ឋមន្ត្រីកម្ពុជាថា បញ្ហាដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប គឺជាបញ្ហាសំខាន់សម្រាប់ប្រទេសកម្ពុជា។

ការអះអាងថ្នាក់ដឹកនាំ Czech នេះ ធ្វើឡើងក្នុងធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅទីក្រុង  ‎Prague‎ កាលពីថ្ងៃម្សិលមិញ។

នាយករដ្ឋមន្ត្រីឆែក លោក Andrej  Babis បានឱ្យដឹងតាមរយៈអ្នកបកប្រែថា បញ្ហា EBA គឺជាឧបករណ៍ដ៏មានសារសំខាន់ ដែលកម្ពុជាគប្បីបង្ហាញនូវជំហរវិជ្ជមានពាក់ព័ន្ធបញ្ហានេះ ហើយលោកនឹងលើកឡើងបញ្ហានេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអឺរ៉ុប ក្នុងកម្រិតក្រុមប្រឹក្សារដ្ឋ

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីដដែល បានប្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  ថា ការលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាបញ្ហាអាទិភាពនៃគោលនយោបាយការបរទេសរបស់សាធារណរដ្ឋCzech ផងដែរ។

ក្រៅពីថ្លែងអំណគុណដល់ប្រទេស Czech លោក ហ៊ុន សែន ក៏សង្ឃឹមថានឹងទទួលបានយុត្តិធម៌ពីសហភាពអឺរ៉ុបពាក់ព័ន្ធទៅនឹងវិធានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលលោកធ្លាប់អះអាងជាច្រើនសារថាមិនបារម្ភ និងមិនអោនក្បាលចំពោះបរទេសឡើយ ដើម្បីជាថ្នូរនឹងការអនុគ្រោះអ្វីនោះទេ។

លើសពីនេះទៅទៀត លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យមន្ត្រីក្រោមឱវាទរបស់ខ្លួន ត្រៀមកម្ទេចរចនាសម្ព័ន្ធគណបក្សសង្រ្គោះជាតិឱ្យសាបសូន្យ មិនឱ្យក្រុមនេះអាចចូលរួមការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ ២០២៣បានឡើយ ប្រសិនបើទណ្ឌកម្មសេដ្ឋកិច្ចរបស់អឺរ៉ុបបានដាក់មកលើកម្ពុជាមែន។

ទោះបីជាទណ្ឌកម្មសេដ្ឋកិច្ចបរទេសមិនទាន់ដាក់មកលើកម្ពុជាក្តី ប៉ុន្តែរដ្ឋាភិបាលលោកហ៊ុន សែន កំពុងកម្ទេចរចនាសម្ព័ន្ធគណបក្សសង្រ្គោះជាតិកាន់តែខ្លាំងឡើយ គឺ តាមរយៈចាប់ចង ចោទប្រកាន់ លើអតីតសកម្មជន និងមន្ត្រីជាប់ឆ្នោតគណបក្សប្រឆាំងនេះជាបន្តបន្ទាប់ និងមានសភាពកាន់តែខ្លាំងក្លាឡើង ក្រោមហេតុផលអនុវត្តច្បាប់ បញ្ចៀសការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។

ទាំងសហរដ្ឋអាមេរិក និង អឺរ៉ុប បានលើកឡើងពីការបំផ្លាញមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្នុងរយៈពេលដឹកនាំប្រទេសរយៈពេល២ឆ្នាំចុងក្រោយ ពីសំណាក់រដ្ឋាភិបាលលោកហ៊ុន សែន។

ជាក់ស្តែងការចាប់ឃុំខ្លួន ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ការរំលាយគណបក្ស ការដាក់បម្រាមមន្ត្រីជាន់ខ្ពស់បក្សនេះ ចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ  ព្រមទាំងការដកហូតតំណែងមន្ត្រីជាប់ឆ្នោតគណបក្សសង្រ្គោះជាតិតាំងពីថ្នាក់ឃុំ រហូតដល់ថ្នាក់តំណាងរាស្ត្រយកទៅចែកជូនគណបក្សផ្សេងកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧។

លើសពីនេះ ការបំបិទសិទ្ធិសេរីភាពជួបជុំបញ្ចេញមតិ ការរឹតត្បិតសិទ្ធិបំពេញការងាររបស់សហគមន៍ សហជីព និងអង្គការសង្គមស៊ីវិល ព្រមទាំងការគាបសង្កត់កាន់តែធ្ងន់ធ្ងរលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស