លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា កម្ពុជា កំពុងពិភាក្សាជាមួយរដ្ឋាភិបាលប្រទេសCzech ដែលប្រទេសសម្ព័ន្ធមិត្តចាស់របស់ខ្លួន ក្នុងការទិញ យន្តហោះស៊ើបការណ៍សម្ងាត់ និងអាវុធបន្ថែមពីរដ្ឋាភិបាលមួយនេះ ដើម្បីពង្រឹងវិស័យសន្តិសុខ និងការពារជាតិ។
ថ្លែងក្នុងពិធីសិន្និសីទកាសែតរួមគ្នារវាងរដ្ឋាភិបាលប្រទេសទាំងពីរកាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែនបញ្ជាក់ថា កម្ពុជាកំពុងពិភាក្សាជាមួយភាគីរដ្ឋាភិបាលឆែក ដើម្បីសិក្សាលើលទ្ធភាពទិញយន្តហោះ និងអាវុធទាំងនោះបន្ថែមទៀត។
លោកឱ្យដឹងថា កាលពីពេលមុននេះ កម្ពុជាបានទិញយន្តហោះស៊ើបការណ៍សម្ងាត់ ធន់ L-39 ចំនួន៦គ្រឿងរួចទៅហើយ។ លោកបង្ហើបទៀតថា កាលពីថ្ងៃម្សិលមិញ លោកក៏បានស្នើសុំពិភាក្សាអំពីលទ្ធភាពកម្ពុជា អាចទិញនូវយន្តហោះស៊ើបការណ៍ L-39 ប្រភេទថ្មី ៣ ទៅ ៤គ្រឿងបន្ថែមទៀត រួមទាំងអាវុធមួយចំនួន ដែលកម្ពុជាកំពុងនាំចូល ដូចជាអាវុធធុនស្រាល ដើម្បីពង្រឹងក្នុងវិស័យទំនាក់ទំនងសន្តិសុខ និងការពារជាតិរបស់កម្ពុជា។
ក្នុងដំណើរទស្សនៈកិច្ចនៅប្រទេស Czech រដ្ឋាភិបាលប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើ ឯកសារសំខាន់ៗចំនួនពីររួមមានអនុស្សារណៈនៃការយោគយល់គ្នា ឬ MOU ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារអនុវត្តគម្រោងសុខាភិបាល Czech និង MOU រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មឆែក។
លោក ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចនៅតាមបណ្តាប្រទេសនានានៅតំបន់អឺរ៉ុបខាងកើតរយៈពេល៥ថ្ងៃគឺ ចាប់ថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ខែតុលា។ ក្នុងដំណើរទស្សនកិច្ចនោះ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ជួបជាមួយមេដឹកនាំសាធារណរដ្ឋ Czech ហុងគ្រី និងសាធារណរដ្ឋប៊ុលការីផងដែរ។
កាលពីឆ្នាំ២០១៧កន្លងមក ផលិតផលសរុបក្នុងស្រុក GDPរបស់សាធារណរដ្ឋឆែកមានចំនួន ៣៧៥,៩ ពាន់លានដុល្លាអាមេរិក ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ ៣៥,៥០០ ដុល្លាអាមេរិកក្នុងមួយឆ្នាំ។ អត្រាកំណើន GDP ៤,៣ភាគរយ ហើយផលិតផលសំខាន់ៗគិតជាភាគរយ(GDP) ក្នុងនោះផ្នែកសេវា ៥៩,២ភាគរយ ឧស្សាហកម្ម ៣៨ភាគរយ និងកសិកម្ម២,៨ភាគរយ។
សាធារណរដ្ឋឆែកជាប្រទេសមានការនាំចេញ នូវផលិតផលសំខាន់ៗមួយចំនួនដូចជាគ្រឿងម៉ាស៊ីន ឧបករណ៍ដឹកជញ្ជូន វត្ថុធាតុដើម ប្រេងឥន្ធន: និងសារធាតុគីមីជាដើម។
កម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូត ជាមួយអតីតសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី នៅថ្ងៃទី១៨ ខែឧសភាឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៧៥ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ ក្រោយរបបនេះដួលរលំ កម្ពុជាបានភ្ជាប់ទំនងទំនងជាមួយនឹងសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគីនៅឆ្នាំ១៩៧៩។ ហើយទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក ត្រូវបានបង្កើតឡើងវិញ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៦ បន្ទាប់ពីប្រទេសឆេកូស្លូវ៉ាគី បែងចែកជាពីរប្រទេស។ កម្ពុជា និងសាធារណរដ្ឋ Czech នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២១ខាងមុខ។ នេះបើតាមសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕