លោក ហ៊ុន សែន បានបន្តវត្តមានរបស់ខ្លួនជួបជាមួយមេដឹកនាំប្រទេសមួយចំនួនជាសមាជិកសហភាពអឺរ៉ុប ដើម្បីជំរុញប្រទេសទាំងនោះឱ្យជួយគាំទ្រកម្ពុជា ក្នុងការរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប។
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានលើកឡើងជាបន្តបន្ទាប់ ដែលចាប់ផ្តើមពីដំណើរទស្សនកិច្ចនៅប្រទេស Czech ដោយលោកហ៊ុន សែន ក៏បានលើកឡើងពីជំហចង់រក្សា EBA។ ក្នុងសន្និសីទរួមគ្នាជាមួយមេដឹកនាំប្រទេស Czech ដែលជាសម្ព័ន្ធមិត្តកុម្មុយនីស្តចាស់របស់កម្ពុជានោះ លោក ហ៊ុន សែន បានបញ្ជាក់ថាអ្វីដែលកម្ពុជាចង់បាន គឺចង់ឲ្យសហភាពអឺរ៉ុបមានការសម្រេចចិត្តលើដំណើរការជុំវិញបញ្ហា EBA និងប្រព្រឹត្តទៅដោយយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា។
ក្រោយ ដំណើរទស្សនកិច្ចនៅប្រទេសឆែកត្រូវបានបញ្ចប់ លោកក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ខ្លួនទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី ដែលជាសម្ព័ន្ធមិត្តចាស់ប្លុកលោកកុម្មុនីស្តបន្ត។
កាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន ក៏បានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបានស្នើទៅប្រធានាធិបតីហុងគ្រី លោក ជេណូស អាឌឺ (Janos ADER) ឲ្យបន្តគាំទ្រកម្ពុជាពាក់ព័ន្ធបញ្ហារក្សាEBA ផងដែរ។
លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងប្រាប់មេដឹកនាំប្រទេសហុងគ្រី ស្រដៀងគ្នាទៅនឹងការលើកឡើងប្រាប់មេដឹកនាំប្រទេស Czech ដែរ គឺថា កម្ពុជាចង់ឲ្យសហភាពអឺរ៉ុបមានការសម្រេចចិត្តលើដំណើរការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA គឺប្រព្រឹត្តទៅដោយភាពយុត្តិធម៌។
កាលពីដើមខែកុម្ភៈ សហភាពអឺរ៉ុបបានសម្រេចលើវិធានការបន្តនីតិវិធីដើម្បីឈានទៅដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA របស់ខ្លួនពីកម្ពុជា ក្រោយពេលអឺរ៉ុបបានរកឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន បានបំផ្លាញមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ និងមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ក្នុងរយៈពេលប្រមាណ២ឆ្នាំចុងក្រោយ។
លើសពីនេះអឺរ៉ុប ក៏បានរកឃើញទៀតថា សំណើររបស់ពួកគេដើម្បីឱ្យកម្ពុជាវិលត្រឡប់ទៅគោរពលក្ខខណ្ឌសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនោះ កម្ពុជានៅតែមិនបានអនុវត្តតាមឱ្យបានប្រសើរនៅឡើយទេ។
ក្រោយពេលបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី លោក ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូរបស់ខ្លួនទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឆេកូស្លូវ៉ាគី ដែលជាអតីតសម្ព័ន្ធមិត្តប្លុកលោកកុម្មុយនីស្តមួយទៀត មុននឹងត្រឡប់មកកម្ពុជាវិញ៕