មន្ត្រីនគរបាលខេត្តកំពត សហការជាមួយសមត្ថកិច្ចខេត្តព្រះសីហនុ បានចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីរំលោភបូកលើស្ត្រីភ្ញៀវទេសចរជាជនជាតិបារាំងម្នាក់ នៅខេត្តកំពត។ ស្នងការនគរបាលខេត្តកំពតលោក ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់សារព័ត៌មានសំឡេងប្រជាធិបតេយ្យវីអូឌីនៅរសៀលនេះថា ជនសង្ស័យទាំង៣នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃនេះ ពាក់ព័ន្ធការរំលោភបូកលើស្ត្រីជនជាតិបារាំងម្នាក់នៅខេត្តកំពតកាលពីថ្ងៃទី១១ ខែតុលា។
ប្រភពដដែល ឲ្យដឹងទៀតថា ចំណាត់ការស្រាវជ្រាវឈានទៅចាប់ខ្លួនជនសង្ស័យនេះ ធ្វើឡើងក្រោយសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះបន្ទាប់ពីកើតហេតុភ្លាម។ សមត្ថកិច្ចដំបូងឡើយ បានចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សេង ស្រ៊ុន អាយុ៣៧ឆ្នាំ មានមុខរបររត់ឡានឈ្នួល រស់នៅឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្រោយពេលបុរសរូបនេះសារភាព សមត្ថកិច្ចក៏បានស្រាវជ្រាវឈានទៅចាប់ជនសង្ស័យពីរនាក់នៅរសៀលនេះ បន្ទាប់ពីពួកគេទាំង២នាក់នោះបានព្យាយាមរត់គេចខ្លួន។
ទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពតនៅថ្ងៃនេះបានឱ្យដឹងថា ជនសង្ស័យ២នាក់ដែលចាប់បានចុងក្រោយនៅថ្ងៃនេះ មានមុខរបរជាកម្មករតទឹកនៅលើភ្នំបូកគោ និងមានឈ្មោះ ពុំ លីវី អាយុ ១៩ឆ្នាំ មកពីស្រុកបរសេដ ខេត្តកំពង់ស្ពឺ និងឈ្មោះ ង៉ែត នភា អាយុ ២៣ឆ្នាំ មកពីស្រុកឈូក ខេត្តកំពត។
កាលពីទាបភ្លឺថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ស្ដ្រីជនជាតិបារាំងម្នាក់ត្រូវបានមនុស្ស៣នាក់ ចាប់បង្ខំរុញចូលរថយន្តយកទៅចាប់រំលោភក្នុងឡាន ក្នុងព្រៃស្ងាត់មួយកន្លែង នៅម្តុំឆ្នេរមាត់ព្រែកកំពត ក្រុងកំពត។
ក្រមព្រហ្មទណ្ឌនៃប្រទេសកម្ពុជា មាត្រា ២៤០ បានចែងពីស្ថានទម្ងន់ទោស នៃបទល្មើសរំលោភសេពសន្ថវៈប្រព្រឹត្តដោយមានគ្នាច្រើននាក់ ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត ឬ អ្នកសមគំនិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ ឆ្នាំទៅ ១៥ ឆ្នាំ។
អ្នកឃ្លាំមើលបញ្ហាសង្គម ធ្លាប់លើកឡើងអំពីបញ្ហាដែលបង្កឱ្យភ្ញៀវទេសចរធ្លាក់ចុះ ក្នុងការមកលេងកម្សាន្តនៅតំបន់ទេសចរណ៍នៅ កម្ពុជា បណ្តាលមកពីបញ្ហាជាច្រើន ប៉ុន្តែបញ្ហាសំខាន់មួយក្នុងចំណោមនោះ គឺបញ្ហាសន្តិសុខសុវត្ថិភាពតែម្តង។
ជាក់ស្តែងក្នុងទំព័រកាសែតក្នុងស្រុក និងលើបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងពីបញ្ហាអសន្តិសុខតែងកើតមានឡើង ដូចជាការឆក់កាបូបឬសម្ភារៈភ្ញៀវទេសចរ ករណីរំលោភ និងករណីឃាតកម្មជា ដើម៕