ភរិយា លោក គង់ រ៉ៃយ៉ា គឺអ្នកស្រី សុខ ស្រនិច បានលើកឡើងដោយសង្ឃឹមថា ស្វាមីខ្លួននិងមានសេរីភាពវិញ ប្រសិនបើតុលាការប្រើប្រាស់វិជ្ជាជីវៈកាត់ក្តីសំណុំរឿងនេះដោយភាពត្រឹមត្រូវ និងយុត្តិធម៌នោះ។ អ្នកស្រី សុខ ស្រីនិច បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ ថា ស្វាមីខ្លួន ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសរ គឺគាត់មានសុខភាពធម្មតាទេ។
អ្នកស្រីបន្តថា លោក គង់ រ៉ៃយ៉ា បានស្នើសុំដល់អង្គការសិទ្ធិមនុស្សមួយចំនួនអោយជួយផ្តល់ជាមេធាវីដើម្បីការពារក្ដីដល់អ្នកជាប់ឃុំមនសិការមួយចំនួន ដោយពួកគេកំពុងខ្វះខាត និងមិនមានមេធាវីជួយការពារសំណុំរឿងរបស់ពួកគាត់ឡើយ។
លោក គង់ រ៉ៃយ៉ា បានប្រាប់ភរិយាខ្លួនថា ការជួយលើកទឹកចិត្តអោយបានច្រើនដល់អ្នកទោសមនសិការជាតិទាំងនោះ គឺប្រៀបដូចជាការលើកទឹកចិត្តនិងផ្តល់កម្លាំងចិត្តឱ្យពួកគាត់មានសង្ឃឹមយ៉ាងដូច្នោះដែរ។
យុវជនកែមឡីនិយម លោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនមុន និងចំថ្ងៃប្រារព្ធខួប ៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពី១០កក្កដា ហើយតុលាការក៏បានចោទពួកគេទាំងពីរពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាថិ៍ ដោយគ្រាន់តែលោកបានបង្ហោះសារលក់អាវយឺតដែលមានរូប និងទស្សនៈរបស់លោកបណ្ឌិតកែម ឡី ព្រមទាំងព្យាយាមប្រារព្ធខួបរបស់លោកបណ្ឌិតកែម ឡី នៅស្តារម៉ាតស្តុបបូកគោ ពេលនោះ។
លោក គង់ រ៉ៃយ៉ា បានប្រាប់អ្នកសារព័ត៌មាននៅពេលលោកត្រូវបានបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកក្កដា ថា លោកមិនព្រួយបារម្ភ និងតក់ស្លុតចំពោះការចាប់ឃុំខ្លួនលោកនោះឡើយ ប៉ុន្តែលោកថាក្រុមអ្នកធ្វើបាបលោកទៅវិញទេ ដែលកំពុងដេកភិតភ័យដោយសារអំពើអាក្រក់របស់ពួកគេ។
លោក គង់ រ៉ៃយ៉ា ដែលត្រូវបានអាជ្ញាធរចាប់ និងឃុំខ្លួននៅពន្ធនាគារអស់រយៈពេល ១៨ឆ្នាំ ម្តងរួចមកហើយ កាលពីចន្លោះឆ្នាំ២០១៥ ដល់២០១៧ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីអាជ្ញាធរថាបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកអំពាវនាវឲ្យមានការចូលរួមធ្វើ«បដិវត្តន៍ពណ៌»កាលពីឆ្នាំ២០១៥នោះ៕