30 C
Phnom Penh

តំបន់អារ៉ាប់ចាប់ផ្ដើមសា្វគមន៍មហាអំណាចរុស្ស៊ីក្រោយពីអាមេរិកមិនអាចទប់ស្កាត់ការគំរាមកំហែងពីសំណាក់ អ៊ីរ៉ង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចាប់តាំងពីអាមេរិកបញ្ចូនទ័ពមកដាក់នៅមជ្ឈឹមបូព៌ាមក គឺលទ្ធភាពនៃការផ្ទុះសង្គ្រាមនៅលើឈូងសមុទ្រពេក្ស ដែលគេថាសង្រ្គាមរវាងអាមេរិក និងអ៊ីរ៉ង់មើលទៅជៀសមិនរួចឡើយ។

មានការព្យាករណ៍ថា អាមេរិកពិតជាវាយប្រហារលើ អ៊ីរ៉ង់ ដែលជាការបំបាក់ស្មារតី ខ្លាចាស់កំណាចនៅ មជ្ឈឹមបូព៌ានេះ អោយស្គាល់អ្វីទៅចំពោះការប្រមាថលើមហាអំណាច។ ប៉ុន្តែពេលវេលា ចេះតែកន្លងទៅ ពីមួយខែទៅមួយខែ ធ្វើអោយអ៊ីរ៉ង់មានប្រៀប បើទោះជាអ៊ីរ៉ង់រងការដាក់ទណ្ឌកម្មពីអាមេរិកក្ដី។

រឿងរ៉ាវសងសឹកគ្នាវាយប្រហារដោយសព្វាវុធគឺចុងក្រោយបង្អស់លើនាវាដឹកប្រេងរបស់អ៊ីរ៉ងមួយគ្រឿង ឈ្មោះថា SABITI ដោយរងការវាយប្រហារកាលពីដើមខែតុលា។ សហរដ្ឋអាមេរិក មិនបានអះអាងថា ជាការសងសឹកពីអារ៉ាប់ប៊ីសាអូឌីត នោះឡើយ។ តែសម្រាប់អ៊ីរ៉ង់បានចោទចំទៅលើអារ៉ាប់ប៊ីសាអូឌីតតែម្ដង។

គេនៅចាំបានថានៅពេលដែលអារ៉ាប់ប៊ីសាអូឌីតរងការវាយប្រហារកាលពីថ្ងៃទី១៤កញ្ញា  គឺសហគមន៍ អន្ដរជាតិថ្កោលទោសជាខ្លាំងលើអ៊ីរ៉ង់ ហើយអាមេរិកទៅមុខថយក្រោយចង់វាយអ៊ីរ៉ង់ណាស់ ក៏ប៉ុន្ដែខ្លួនហាក់គិតគូរលើរឿងវិនាសកម្ម ហិរញ្ញវត្ថុនៃទំហំសង្គ្រាមដ៏ធំមួយដែលអាចកើតឡើង ហើយក៏ចង់ឱ្យអារ៉ាប់ប៊ីសាអូឌីតមួយទៀត ដូចអ៊ីស្រាអែល មករាប់ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ខ្លួនរួមគ្នាដើម្បីបង្កើនឥទ្ធិពលនយោបាយ បង្កើនកម្លាំងសហប្រតិបត្តិការយោធា និង រួមគ្នាដោយកាត់បន្ថយផលខូចខាត ពីជម្លោះសង្គ្រាមជាក់ស្ដែងណាមួយ។

ដោយ អាមេរិកបានត្រឹមតែគិតបណ្ដោយឲ្យអស់ពេលជាយូរ តំបន់អារ៉ាប់ដែល មាន៨ប្រទេស  នៅពេលនេះ អារ៉ាប់ប៊ីសាអូឌីត  ដែលមើលទៅដូចជាភ័យខ្លាចក្រែអ៊ីរ៉ង់សងសឹកវិញ ក៏បែរជា ខិតទៅរករុស្ស៊ីអោយជួយខ្លួន។ ដូចបំណងមែន ស្រាប់តែពេលនេះ មេដឹកនាំរុស្ស៊ីផ្លាឌីមៀពូទីន បានមកជាន់ដីតំបន់អារ៉ាប់ដ៏គួរអោយភ្ញាក់ផ្អើលព្រោះនេះ ជាលើកដំបូងហើយ ដែលបុរសខ្លាំងក្រឹមឡាំងរូបនេះ ស្គាល់ តំបន់ហែកហួរដោយអំពើភេរវកម្ម។ ក្នុងដំណើរទស្សនកិច្ចនេះ លោកពូទីន បានស្វាគមន៍យ៉ាងកក់ក្ដៅពី មេដឹកនាំប្រទេស អារ៉ាប់ប៊ីសាអូឌីត និងអារ៉ាប់អ៊ីមីរ៉េតដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។

ជាមួយនឹងអារ៉ាប់ប៊ីសាអូឌីត គឺមេដឹកនាំរុស្ស៊ីបានប្ដេជ្ញាជម្រុញកិច្ចសហប្រតិបត្តិលើគ្រប់វិស័យរួមទាំងផ្នែកយោធាផងដែរ ដែលអាមេរិកពិតជាស្រឡាំងកាំង។ ជាមួយគ្នានេះ លោកពូទីនបានបន្តទៅជាន់ដីអារ៉ាប់អ៊ីមីរ៉េតដែលលោកនឹកស្មានមិនដល់។

រុស្ស៊ីប្រើឥទិ្ធពលសេដ្ឋកិច្ចនិងយោធា លើតំបន់អារ៉ាប់

ក្នុងដំណើររបស់មេដឹកនាំរុស្ស៊ីលើកដំបូងនេះ លោកពូទីនបានយកទៅជាមួយនូវទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីលួងចិត្តអារ៉ាប់ប៊ីសាអូឌីតដែលសម្ព័ន្ធមិត្តអ៊ីរ៉ង់របស់ខ្លួនបានធ្វើអោយខកចិត្ត។

លោកពូទីនគ្រោងនឹងចំណាយទុន មួយពាន់លានដុល្លារជួយកសាងរោងចក្រចម្រាញ់ប្រេងឡើងវិញឱ្យអារ៉ាប់ប៊ីសាអូឌីតដើម្បីជម្រុញពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។ នេះបើតាមសារព័ត៌មានជាតិរុស្ស៊ីRT ។ ការប្ដេជ្ញាចិត្តរបស់ក្រុងម៉ូស្គូ សម្រាប់សមាជិក OPECក្រុមប្រទេសនាំចេញប្រេងលើ ពិភពលោក  លោកពូទីនថា លោកចាត់ទុករដ្ឋមួយនេះជាប្រជាជាតិដ៏ជិតស្និទ្ធនឹងខ្លួន ហើយសន្យារួមគ្នាដោះស្រាយអស្ថេរភាព និងភាពភ័យខ្លាចនៃបណ្ដាប្រទេសអារ៉ាប់។

លោកពូទីនសង្កត់ធ្ងន់ថា បើនរណាមួយគិតថាការរឹបអូសនាវាឬក៏វាយប្រហារលើមូលដ្ឋានប្រេងប៉ះពាល់ដល់ទំនាក់ទំនងរុស្ស៊ីនិងមិត្តអារ៉ាប់តាំ ឬក៏ចង់មកបំបែកបំបាក់កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងOPECគឺពួកគេធ្វើខុសហើយព្រោះយើងនឹងមានចំណងកាន់តែរឹងមាំនឹងគ្នាក្នុងគោលបំណងរក្សាទីផ្សារថាមពលពិភពលោក។

ក្រៅតែនិយាយពីមុខជំនួញប្រេងនិងថាមពល គឺរុស្ស៊ីបានពង្រឹងកិច្ចសហប្រតិបត្តិការយោធាក្នុងពេលជាមួយគ្នានោះដែរ។

រដ្ឋាភិបាលក្រុងមូស្គូសន្យាថានឹងមានគំរោងសកម្មភាពរួមគ្នាលើវិស័យកិច្ចការពារជាតិជាមួយនឹងក្រុងរីយាដនាពេលឆាប់ៗនេះ។

ដោយឡែកបណ្ដាញផ្សាយព័ត៌មានរបស់អាល្លឺម៉ង់ DW បានធ្វើការចាប់អារម្មណ៍ចំពោះទំនាក់ទំនងក្រុងមូស្គូ និងក្រុងរីយ៉ាដ ព្រោះពេលនេះមូស្គូបានដើរតួជាអ្នកមានអំណាចដើម្បីសម្របសម្រួលរឿងរ៉ាវរីយ៉ាដនិងក្រុងតេហេរ៉ង់។

ជាការកត់សម្គាល់គឺក្នុងជំនួបជាមួយពូទីន គឺ មហាក្សត្រ Mohammad bin salman  មានបន្ទូលថានឹងទិញប្រព័ន្ធការពារមីស៊ីល S-40០ ពីរុស្ស៊ី។យ៉ាងណារដ្ឋាភិបាលក្រុងរីយ៉ាំដថាខ្លួមិនជឿថាគ្រាន់តែមានទំនាក់ទំនងជិតស្និទ្ធនឹងរុស្ស៊ីធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងនឹងអាមេរិកឡើយ ព្រោះរីយ៉ាដអាចមានយុទ្ធវិធីនិងភាពរឹងមាំជាមួយសហរដ្ឋអាមេរិកហើយសម្រាប អារ៉ាប់ប៊ីសាអូឌីត ក៏ត្រូវការការអភិវឌ្ឍចំណងមិត្តភាពនឹងប្រទេសរុស្ស៊ីដូចអាមេរិកដែរ។

ចំណែកឯ រាជាណាចក្រអារ៉ាប់រួម ឬអារ៉ាប់អេមេរ៉េតវិញ ពូទីនបានពាំនាំនូវវប្បធម៌ថ្មីដល់ប្រទេសនេះគឺជាជំនួយមួយនៃបេសកកម្មទៅស្ថានីយ៍អវកាសអន្ដរជាតិទៅអោយអារ៉ាប់អ៊ីមីរ៉េតក្នុងទឹកប្រាក់មួយពាន់លាន៣សែនដុល្លារ។ ទាំងអារ៉ាប់ប៊ីសាអូឌីត និងអារ៉ាប់អ៊ីមីរ៉េត សុទ្ធតែជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិកនិងសុទ្ធតែបានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅដល់មេដឹកនាំរុស្ស៊ី។

តែយ៉ាងណា ក្រោយពីប្រទេសដែលរុស្ស៊ីមានអណ្ដូងប្រេងច្រើនជាងគេដូចជាវេណេហ្សូអេឡានៃរបបដឹកនាំដែលខ្លួនជួយទ្រទ្រង់សឹងដួលរលំ គឺរុស្ស៊ីបានព្យាយាមបណ្ដោយឱ្យស្ថានការណ៍ប្រទេសនេះធ្លាក់ក្នុងដៃក្រុមប្រឆាំង។

ចំណែកអ៊ីរ៉ង់គឺរុស្ស៊ីមានទំនាក់ទំនងមិនជាចំហក៏ពិតមែនតែគេអាចដឹងថារុស្ស៊ីតែងការពារសម្លេងរបស់អ៊ីរ៉ង់នៅអង្គការសហប្រជាជាតិផងដែរ ស្របពេលដែលរុស្ស៊ីនៅក្រោយរបបអាសាដអូសបន្លាយការដឹកនាំដ៏គ្រោះថ្នាក់ជាច្រើនឆ្នាំមកហើយខណៈទាហានឃឺដហាក់អស់ជំនឿនឹងសហរដ្ឋអាមេរិកដែលបានដកទ័ពចេញ ដោយបណ្ដោយឱ្យទួកគីវាយសម្លាប់រង្គាលលើទឹកដីខ្លួន។

ស្ថិតក្នុងស្ថានការណ៍ដ៏ចម្រូងចម្រាស់នៅមជ្ឈឹមបូព៌ា បានក្លាយជាកាលានុវត្តភាពរបស់រុស្ស៊ីក្នុងការបង្កើនឥទ្ធិពលបង្កើតយុទ្ធសាស្រ្ដថ្មី ហើយហាក់ដូចជាទាមទារឱ្យតំបន់អារ៉ាប់ពិចារណាជោគវាសនាសន្ដិភាពខ្លួនឯង ក្នុងភាពចំនុះឱ្យតំបន់មជ្ឈឹមបូព៌ាដើម្បីកុំឱ្យធ្លាក់ក្នុងជម្លោះគ្នាឯងច្រើនពេក។

បែបនេះ មេដឹកនាំរុស្ស៊ី ត្រឡប់ទៅក្រុងមូស្គូវិញ ទំនង បិទមាត់មិនជិតពីការចោមរោមចោទសួរពីអ្នកសារព័ត៌មាន អន្តរជាតិ និងរុស្ស៊ីដែលកំពុងរង់ចាំការវិលមកវិញរបស់បុរសខ្លាំងម្នាក់នេះ ដែលជាអតីតកម្មាភិបាល កុម្មុយនិស្ត សហភាពសូវៀត ជាអ្នកហ៊ានធ្វើសេចក្ដីសម្រេចគ្រប់យ៉ាងដើម្បីរុស្ស៊ីកាន់តែខ្លាំងទៅថ្ងៃខាងមុខ ដែលគេថាមិនដូចលោកប្រធានាធិបតីដូណាល់ត្រាំ ចេញបញ្ជាអោយកងទ័ពអាមេរិកវាយប្រហារលើអ៊ីរ៉ង់ហើយបែរជាដប់នាទីក្រោយមក បញ្ជាអោយផ្អាកសកម្មភាពយោធាភ្លាមនោះទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស