33 C
Phnom Penh

សកម្មជនបរិស្ថាន ធ្វើធម្មយាត្រាដោយថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដើម្បីទាមទារឱ្យអាជ្ញាធររុះរើសំណង់ខុសច្បាប់នៅតំបន់ឆ្នេរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនបរិស្ថាន និងសកម្មជនអង្គការចលនាមាតាធម្មជាតិ ព្រមទាំងមានព្រះសង្ឃផង បាននាំគ្នា ធ្វើធម្មយាត្រាដើរពីភ្នំពេញទៅក្រុងព្រះសីហនុ ដើម្បីផ្ញើសារទៅរដ្ឋាភិបាលលោកហ៊ុន សែន ឱ្យចាត់វិធានការ រុះរើសំណង់អាគារខុសច្បាប់ ពិសេសសំណង់កាស៊ីណូចិនមួយកន្លែងនៅកោះរ៉ុងសន្លឹម ឈ្មោះ ជីងទីង ដែលបានសាងសង់ឡើងដោយគ្មានច្បាប់អនុញ្ញាត។ សកម្មជនបរិស្ថាននិងជាសកម្មជនអង្គការចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា បានលើកឡើងនៅថ្ងៃនេះថា ធម្មយាត្រារបស់ពួកលោក បានចាប់ធ្វើឡើងកាលពីថ្ងៃម្សិលមិញ ដោយចាប់ផ្តើមចេញដំណើរដោយថ្មើរជើងចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ នៅថ្ងៃនេះ លោកថា ជាថ្ងៃទី២ហើយ នៃធម្មយាត្រាដោយថ្មើរជើងរបស់ពួកគាត់។

សកម្មជនបរិស្ថានដដែលបញ្ជាក់លើគណនីហ្វេសប៊ុករបស់ខ្លួនថា  ធម្មយាត្រាដោយថ្មើរជើង ពីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ គឺមានគោលបំណង ផ្ញើសារដល់មន្រ្ដីពាក់ព័ន្ធ ឲ្យអនុវត្ដច្បាប់តឹងរ៉ឹងទៅលើសំណង់ទាំងឡាយដែលសាងសង់អនាធិបតេយ្យ និងរំលោភដីតំបន់ឆ្នេរសមុទ្រកម្ពុជា ជាពិសេស កាស៊ីណូមួយឈ្មោះជីងទីងនៅកោះរ៉ុងសន្លឹម។

លោកបន្តថា ធម្មយាត្រានេះ ក៏ជានិមិត្ដរូបបង្ហាញឲ្យពលរដ្ឋ ចូលរួមថែរក្សា និងអភិរក្សដល់ឆ្នេរសមុទ្ររបស់កម្ពុជា។ ជាងនេះថែមទៀត វាជានិមិត្ដរូបសម្រាប់ដាស់ស្មារតី ដល់យុវជនជំនាន់ក្រោយ ឲ្យហ៊ានចូលរួមការពារធនធានធម្មជាតិរបស់យើងផងដែរ។

ធម្មយាត្រានេះនឹងត្រូវចំណាយពេល១០ថ្ងៃ ដោយចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៥ ខែតុលា។  ក្នុងវីដេអូដែលចែកចាយលើទំព័រហ្វេសប៊ុកអង្គការចលនាមាតាធម្មជាតិបានបង្ហាញថា  អ្នកចូលរួមធម្មយាត្រានេះ មានគ្នាប្រមាណ ១០អង្គ និងនាក់។ 

ក្រុមយុវជនអង្គការចលនាមាតាធម្មជាតិ កាលពីថ្ងៃទី២៣ ខែកញ្ញា បានដាក់ញ្ញាត្តិទៅ អភិបាលខេត្តព្រះសីហនុថ្មីគឺ លោក គួច ចំរើន ដើម្បីទាមទារឱ្យអាជ្ញាធរខេត្តជាប់សមុទ្រមួយនេះ ចុះរុះរើសំណង់អាគារកាស៊ីណូជនជាតិចិនឈ្មោះ ជីង ទីង នៅកោះរ៉ុងសន្លឹម ប៉ុន្តែមកទល់ពេលនេះអាជ្ញាធរនៅមិនទាន់មានវិធានការរុះរើសំណង់កាស៊ីណូខុសច្បាប់នោះនៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស