34 C
Phnom Penh

កាសែតបរទេស បានបង្ហាញពីសែស្រឡាយ លោកហ៊ុន សែន បានសុំសញ្ជាតិពីប្រទេសមួយក្នុងទឹកដីអឺរ៉ុបជាបន្តបន្ទាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មានបរទេសបានបង្ហើបពីសែស្រឡាយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានស្រវ៉ារកសញ្ជាតិនៅប្រទេសមួយក្នុងតំបន់អឺរ៉ុប និងមានទ្រព្យសម្បត្តិរាប់សិនដុល្លារសហរដ្ឋអាមេរិក ទិញផ្ទះសម្បែង ព្រមទាំងរកស៊ីនៅក្រៅប្រទេសផងដែរ។

សារព័ត៌មានរ៉យទ័រ (Reuters)  បានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃម្សិលមិញ បានលើកឡើងថាពីស្រែស្រឡាយលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់លោក បានបោះទុនរកស៊ីនៅប្រទេសមួយចំនួននៅអឺរ៉ុប ជាថ្នូរនឹងការបានសញ្ជាតិដោយស្វ័យប្រវត្តិ ព្រមទាំងកំពុងស្វែងរកសញ្ជាតិនៅបរទេសទៀតផង។

សារព័ត៌មានរ៉យទ័រ (Reuters)  បញ្ជាក់ថា សាច់ឈាមរបស់លោក ហ៊ុន សែន រួមមាន អ្នកស្រីហ៊ុន គឹមឡេង ជាកូនបង្កើតរបស់លោក ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់លោក ហ៊ុន សែន មានទ្រព្យសម្បត្តិរាប់លានដុល្លារនៅទីក្រុងឡុងដ៍និងសាំងហ្គាពួរប្រទេសសិង្ហបុរី  ព្រមទាំងទទួលបានសញ្ជាតិពីប្រទេសស៊ីព្រុស ដែលជាប្រទេសដែនកោះមួយក្នុងទឹកដីអឺរ៉ុបកាលពីឆ្នាំ ២០១៦ ។

ស្វាមី របស់អ្នកស្រី ហ៊ុន គឹមឡេង គឺអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានស្វែងរកសញ្ជាតិស៊ីព្រុស រួមជាមួយកូនស្រីពីរនាក់របស់គាត់កាលពីឆ្នាំ ២០១៧ ។

ប្រភពដដែល លើកឡើងថា កូនស្រីម្នាក់ក្នុងចំណោមកូនស្រីរបស់លោក នេត សាវឿន និងអ្នកស្រី ហ៊ុន គឹមឡេង ឈ្មោះ នេត វិជូណា បានស្វែងរកសញ្ជាតិស៊ីព្រុស ដោយផ្អែកទៅលើទ្រព្យសម្បត្តិម្តាយរបស់នាង ទោះបីជានាងបានចំណាយប្រមាណ៦លានដុល្លារ ទៅលើផ្ទះរបស់ខ្លួននៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេសក៏ដោយ។

បន្ថែមពីនេះ អ្នកជំនួញដ៏មានឥទ្ធិពលម្នាក់និងជាមិត្តជិតស្និទ្ធរបស់ភរិយានាយករដ្ឋមន្រ្តី និងជាអ្នកបានចាក់ដីចូលឆ្នេរសមុទ្រខែ្មរនៅខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ គឺ អ្នកស្រី ជឹង សុភាព បានវិនិយោគយ៉ាងហោចណាស់ជាង ២លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងសណ្ឋាគារ Radisson Blu នៅប្រទេសស៊ីព្រុស ក្នុងឆ្នាំ ២០១៧ ហើយស្រ្តីរូបនេះក៏ទទួលបានសញ្ជាតិស៊ីព្រុសនៅឆ្នាំដដែលនោះ។

ចំណែកស្វាមី របស់អ្នកស្រី ជឹង សុភាព និងជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លោក ឡៅ ម៉េងឃីន ព្រមទាំងសមាជិកគ្រួសាររបស់លោក ៥នាក់ផ្សេងទៀត ក៏បានព្យាយាមស្វែងរកសញ្ជាតិស៊ីព្រុសនៅឆ្នាំ ២០១៦ និង ២០១៧ផងដែរ ។

រ៉យទ័រ ក៏បានលើកឡើងពីករណីឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងជាទីប្រឹក្សារបស់លោកហ៊ុន សែន គឺ លោក អូន ព័ន្ធមុន្នីរ័ត្ន ក៏បានស្វែងរកសញ្ជាតិស៊ីព្រុសកាលពីឆ្នាំ២០១៧។ ដោយឡែកប្រពន្ធរបស់លោក អូន ព័ន្ធមុន្នីរ័ត្ន គឺ អ្នកស្រី អ៊ឹម ប៉ូលីកា ដែលជាកូនអតីតរដ្ឋមន្ត្រីក្រសួងអប់រំ លោក អ៊ឹម សិទ្ធី បានបោះទុនវិនិយោគនៅប្រទេសស៊ីព្រុសលើទឹកប្រាក់ជាង ២ លានដុល្លារសហរដ្ឋអាមេរិក ទៅលើសណ្ឋាគារ Radisson Blu កាលពីឆ្នាំ ២០១៧ ហើយអ្នកស្រី ក៏បានទទួលសញ្ជាតិស៊ីព្រុស នៅឆ្នាំ២០១៧ដដែលនោះ។

បន្ថែមពីនេះ កូនស្រីរបស់លោក ហ៊ុន ណេង មួយរូបទៀត គឺ អ្នកស្រី ហ៊ុន ចន្ថា ជាក្មួយស្រីរបស់លោក ហ៊ុន សែន គឺជាសហម្ចាស់ទ្រព្យសម្បត្តិនៅទីក្រុងឡុងដ៍ ដែលមានទំហំទឹកប្រាក់រាប់សិបលានដុល្លារសហរដ្ឋអាមេរិក។

កាលពីពេលកន្លងមក លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានជំរុញឱ្យសហរដ្ឋអាមេរិកពន្លឿនក្នុងការដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិរបស់លោក និងមន្ត្រីខ្លួននៅក្រៅប្រទេសឱ្យបានឆាប់ ដោយថា លោកគ្មានទ្រព្យសម្បត្តិផ្ញើនៅក្រៅប្រទេសឡើយ។

លោកបានស្រែកក្តែងៗថា មានតែមនុស្សល្ងង់ប៉ុណ្ណោះដែលបានយកលុយទៅទុក និងរកស៊ីនៅក្រៅប្រទេស ហើយការឈានទៅបង្កកទ្រព្យសម្បត្តិណាមួយពីសហគមន៍អន្តរជាតិ នឹងមិនបះពាល់លោកជាដាច់ខាត។

កាលពីកន្លងមក អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ធ្លាប់បានបង្ហាញពីការសុំសញ្ជាតិរបស់គ្រួសារលោកនេត សាវឿន និងទឹកប្រាក់របស់គ្រួសារលោក រាប់សិបលានដុល្លារ ដោយលោកថាមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលលោកហ៊ុន សែន កំពុងភិតភ័យ ហើយត្រៀមដោះដៃចេញពីលោកហ៊ុន សែន តែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស