ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសប៊ុលហ្ការី កាលពី ម្សិលមិញ លោក ហ៊ុន សែន បានស្នើទៅប្រធានាធិបតីសាធារណរដ្ឋ ប៊ុលហ្ការីលោក រ៉ូមែន រ៉ាដេវ ដែលជាសមាជិកមួយនៃសហភាពអឺរ៉ុប ជួយផ្តល់យុត្តិធម៌សម្រាប់កម្ពុជាលើបញ្ហាពាក់ព័ន្ធ EBA។
លើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន អះអាងប្រាប់មេដឹកនាំអតីតសម្ព័ន្ធមិត្តប្លុកកុម្មុយនីស្តមួយនេះថា បច្ចុប្បន្នដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជា មិនមានដំណើរការថយក្រោយនោះទេ។
លោកថា ជាក់ស្តែងការបោះឆ្នោតឆ្នាំ២០១៨កន្លងទៅឆ្នាំដែលបានផាត់ចេញគណបក្សសង្រ្គោះជាតិមុនការបោះឆ្នោតមកដល់នោះ លោក ហ៊ុន សែន ថាបានដំណើរការទៅយ៉ាងល្អបំផុតដោយសារដែលមានគណបក្សចូលរួមច្រើន និងមានអ្នកចេញទៅបោះឆ្នោតរហូតដល់ទៅជាង ៨៣ភាគរយ។
ប្រភពដដែល ចំពោះបញ្ហា EBA នេះ ប្រធានាធិបតីប៊ុលហ្គារី បានឆ្លើយតបថា ប្រទេសខ្លួន គឺផ្សារភ្ជាប់និងទំនាក់ទំនងជាមួយប្រទេសកម្ពុជា។
នេះ ជាប្រទេសអតីតសម្ព័ន្ធមិត្តប្លុកកុម្មុនីស្តចាស់ទី៣ហើយ ដែលជាសមាជិកសហភាពអឺរ៉ុប ត្រូវបានលោកហ៊ុន សែន ស្នើឱ្យជួយគាំទ្រលើបញ្ហាដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA។ ប្រទេសដែលលោកហ៊ុន សែន ឱ្យជួយផ្តល់យុត្តិធម៌ ពីរមុន រួមមានប្រទេសសាធារណរដ្ឋឆែក និងប្រទេស ហុងគ្រី។
អ្នកវិភាគនៅក្រៅប្រទេសលោក គឹម សុខ ធ្លាប់បានលើកឡើងថា ដំណើរដឹកនាំប្រទេសរបស់លោក ហ៊ុន សែន នាពេលបច្ចុប្បន្ន គឺកំពុងដឹកនាំទៅរកភាពវ័ណ្ឌករខ្លួនឯង តាមរយៈការធ្វើឱ្យប៉ះពាល់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបនិង ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់អាមេរិក។
លោក គឹម សុខ ថា ជាគ្រោះថ្នាក់សម្រាប់ជាតិធំណាស់ ប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធទាំងពីរនេះ ត្រូវបានបាត់បង់ ដោយវានឹងធ្វើឱ្យពលរដ្ឋកម្ពុជាប្រឈមការបាត់បង់ការងារធ្វើរាប់សិបម៉ឺននាក់ដែលប៉ះពាល់ដោយផ្ទាល់ និងប៉ះពាល់ពលរដ្ឋដោយប្រយោលរាប់លាននាក់ទៀត។ លោកថា វិបត្តិអត់ការងារធ្វើនឹងធ្វើឱ្យកើតមានជាវិបត្តិសង្គម ហើយឈានទៅរកភាពចលាចលសង្គមផងដែរ។ កាលពីខែកញ្ញា សហរដ្ឋអាមេរិកបាន ចេញសេចក្តីថ្លែងការណ៍២លើកបន្តបន្ទាប់ ដោយសម្តែងការបារម្ភចំពោះការបំផ្លាញមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាលលោកហ៊ុន សែន។
ជាក់ស្តែងការចាប់ឃុំខ្លួន ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា រយៈពេលជាងពីរឆ្នាំមកនេះ ដោយគ្មានការជំនុំជម្រះ គ្មានការបង្ហាញភស្តុតាង និងជារឿងអយុត្តិធម៌។ ការរំលាយគណបក្សសង្រ្គោះជាតិ ការដាក់បម្រាមមន្ត្រីជាន់ខ្ពស់បក្សនេះជាង១រយនាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ និងការដកហូតតំណាងជាប់ឆ្នោតស្របច្បាប់របស់បក្សប្រឆាំង ជាង៥ពាន់នាក់ផងដែរ។
លើសពីនេះ ការចាប់ខ្លួន សកម្មជនគណបក្សសង្រ្គោះជាតិជាបន្តបន្ទាប់ ដោយអាមេរិកថាជាការចាប់ខ្លួនតាមទំនើងចិត្ត។
អាមេរិកបាន ស្នើឱ្យរដ្ឋាភិបាលលោកហ៊ុន សែន បង្ហាញជំហរជាក់លាក់ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ពិតប្រាកដ ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មសេដ្ឋកិច្ចណាមួយពីប្រទេសលោកសេរី៕