34 C
Phnom Penh

គីមជុងអ៊ុន ជិះសេះស បង្ហាញឬទិ្ធអំណាចមុនការចរចាជាថ្មីដើម្បីផ្លាស់ប្ដូរពិភពលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគជាច្រើនបាននាំគ្នាវិភាគរូបថតរបស់ ថាមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន ដែលជិះសេះសឡើងភ្នំ គឺជាការបង្ហាញពីអំណាចនិងឥទ្ធិពល នៃការដាក់ទិសដៅគោលនយោបាយថ្មីស្ដីពីអាវុធនុយក្លេអ៊ែរ។

រូបភាពដែលត្រូវបានចែកចាយពេញបណ្ដាញផ្សព្វផ្សាយគឺជារូបមេដឹកនាំផ្ដាច់ការវ័យក្មេងដ៏មានឥទិ្ធពល របស់កូរ៉េខាងជើងជិះសេះសឆ្លងកាត់ទេសភាពនៃរដូវរងាក្នុងដំណើរទៅកាន់កិច្ចប្រជុំមួយលើភ្នំ Paektu ដែលជាភ្នំស័ក្កសិទ្ធបំផុតរបស់ប្រជាជនកូរ៉េខាងជើង។ លោកគីម ត្រូវបានរាយការណ៍មកថាលោកបានដាក់ចុះនូវគោលនយោបាយមហិច្ឆតាដ៏ធំបំផុតគឺការផលិតអាវុធនុយក្លេអ៊ែរ។

រូបភាពជាច្រើនដែលលោកគីមជិះសេះសដោយ គ្មានហ្វូងសេះផ្សេងទៀតត្រូវបានបង្ហោះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមកូរ៉េ KCNA។ KCNA បានភ្ជាប់នូវសំណេរដែលគួរឱ្យកត់សម្គាល់មួយគឺថាភាពភ្លឺផ្លេកដ៏អស្ចារ្យស្ថិតក្នុងកែវភ្នែករបស់គីមដែលកំពុងជិះសេះធ្លាក់ព្រិលលើខ្លួនរបស់គាត់ដែលនឹងនាំមកនូវព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រជាជាតិកូរ៉េខាងជើង។

មន្រ្ដីដែលអមដំណើរនឹងលោកគីម បាននិយាយអន្ទោងចិត្តអ្នកកាសែតថា នឹងមានប្រតិបត្តិការដ៏អស្ចារ្យអង្រួនពិភពលោកម្ដងទៀតជាដំណើរឆ្ពោះទៅមុខនៃបដិវត្តកូរ៉េ។

ក្នុងពេលជាមួយគ្នានេះ  អ្នកវិភាគជាច្រើនយល់ថា ការឡើងភ្នំរបស់លោកគីមជុងអ៊ុន គឺជាសញ្ញាណនៃទិសដៅគោលនយោបាយថ្មីមួយសម្រាប់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ អ្នកវិភាគមួយរូបមកពីវិទ្យាស្ថានសិក្សាគោលនយោបាយ Asan គឺលោក Shin Beom-chulនិយាយថា កាលពីមុន លោកគីមធ្លាប់ឡើងភ្នំនេះ ហើយកាលនោះមុនលោកធ្វើសេចក្ដីសម្រេចចិត្តនយោបាយធំៗ។

ចំណែកសារព័ត៌មាន AFPសរសេរថា លោកគីមឡើងដល់កំពូលភ្នំនេះក្នុងឆ្នាំ2017 មុនសម្ពោធដំណើរស្វែងរកដំណោះស្រាយការទូតដែលជាជំនួបកំពូលលើកដំបូងជាមួយនឹងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅប្រទេសសិង្ហបុរី។ ប៉ុន្ដែកិច្ចព្រមព្រៀងបានមកពីការចរចា នោះបានជាប់គាំងតាំងពីជំនួបលោកគីម និងដូណាល់ត្រាំនៅឯក្រុងហាណូយនាខែកុម្ភៈ ឆ្នាំ២០១៩ ហើយភាពតានតឹងដែលកូរ៉េខាងជើងបាញ់មីស៊ីលបង្អួតពិភពលោកកើតមានឡើងដដែលៗ។

ទស្សនីយភាពរបស់មេដឹកនាំកូរ៉េខាងជើងជិះសេះសឡើងកំពូលភ្នំទឹកកកនៃភ្នំ Paektu គឺជាប្រធានបទដែលធ្វើឱ្យគេនឹកឃើញដល់រូបភាព នៃផ្ទាំងផ្សព្វផ្សាយរបស់វីរជនស្នេហាជាតិដែលជាឪពុករបស់លោកគឺ លោក គីម ជុងអ៊ីល និង ជីតារបស់លោក គឺលោក គីម អ៊ីលស៊ុង។

បើតាមសាស្រ្ដាចារ្យនៅសកលវិទ្យាល័យDongseoកូរ៉េខាងត្បូង លោក B.R Myers អ្នកជំនាញអំពីប្រព័ន្ធឃោសនាព័ត៌មានកូរ៉េខាងជើង ថារូបភាពនោះបង្ហាញពីបុព្វហេតុចក្រពត្តិនៃមេដឹកនាំដែលការពារវប្បធម៌ និងភាពបរិសុទ្ធនៃមនោគមន៍វិជ្ជា  ប្រឆាំងប្រតិកិរិយាដែលជាកម្លាំងខាងក្រៅបក្ស។

ក្នុងដំណើរជិះសេះស គីមក៏បានទៅធ្វើទស្សនានៅតំបន់គម្រោងស្ថាបត្យកម្មដ៏ធំមួយជិតតំបន់ Samjiyon ហើយក្នុងពេលទស្សនកិច្ចនោះលោកបានដាក់ការស្ដីបន្ទោសលើទណ្ដកម្មអន្ដរជាតិមកលើ ប្រជាជនរបស់លោក។

សារព័ត៌មាន KCNAស្រង់មកផ្សាយសម្ដីលោកគីមដែលមានន័យថា ស្ថានភាពនៃប្រទេសកូរ៉េខាងជើងគឺលំបាកព្រោះតែទណ្ឌកម្មដាក់មកឥតស្រាកស្រាន្ដ រួមទាំងការបង្ក អរីភាពឱ្យមានផលវិបាកវេទនាជាខ្លាំងដល់ពលរដ្ឋកូរ៉េខាងជើង។

កូរ៉េខាងជើងស្ថិតនៅក្រោមទណ្ឌកម្មជាច្រើនវិស័យពីសំណាក់អង្គការសហប្រជាជាតិក៏ព្រោះតែគម្រោងកម្មវិធីមីស៊ីលនិងអាវុធនុយក្លេអ៊ែររបស់ខ្លួន។

មន្ត្រីជាន់ខ្ពស់ក្រុងព្យុងយ៉ាងនិងក្រុងវ៉ាស៊ីនតោនបានចាប់ផ្ដើមចរចាឡើងវិញនៅខែនេះនៅប្រទេសស៊ុយអ៊ែត តែត្រូវបានបញ្ចប់ជាបន្ទាន់ បន្ទាប់ពីកូរ៉េខាងជើងចោទអាមេរិកថាមិនបោះបង់ឥរិយាបថចាស់របស់ខ្លួន។

កូរ៉េខាងជើងកាលពីខែមុនបានបាញ់សាកល្បងមីស៊ីលផ្លោងពីបាត សមុទ្ររបស់ខ្លួន ហើយ មីស៊ីលនេះ បានហោះធ្លាក់ទៅដល់សមុទ្រជប៉ុន។ នេះជាដំណាក់កាលបង្ហាញសមត្ថភាពថ្មីមួយរបស់កូរ៉េខាងជើងដែលគេជឿថាជារដ្ឋមាននុយក្លែអ៊ែរដ៏មានឥទ្ធិពល។ មជ្ឈដ្ឋានខ្លះមើលឃើញថាកូរ៉េខាងជើងជាអ្នកបង្កដោយសារបានបាញ់សាកល្បងសព្វាវុធជាច្រើនបន្តបន្ទាប់គ្នា តាំងពីឆ្នាំ២០១៨មកក្រោយពីការចរចាកាលពីខែកុម្ភៈ ឆ្នាំ២០១៩ នៅក្រុងហាណូយ ទាំងលោកដូណាល់ត្រាំនិងគីមជុងអ៊ុនមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស