ប្រធានចលនាយុវជនគណបក្សសង្រ្គោះជាតិ នៅប្រទេសកូរ៉េខាងត្បូង បានលើកឡើងថា ចរន្តរ៍គណបក្សប្រឆាំងមួយនេះ បានចាប់ផ្តើមប្រទាញប្រទង់គ្នាឥតឈប់ឈរតាមរយៈប៉ូលពីរគឺ ប៉ូល កឹម សុខា និង សម រង្ស៊ី។
ក្នុងលិខិតចំហមួយរបស់ប្រធានចលនាយុវជនគណបក្សសង្រ្គោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន បានលើកឡើងថា គណបក្សសង្រ្គោះជាតិត្រូវតែមានមហឬរិទ្ធិខ្លាំងក្លា ដោយមិនអាចទន់ខ្សោយបានឡើយ។ លោកថា ការបែកបាក់ផ្ទៃក្នុងរបស់ខ្លួន នឹងធ្វើឱ្យសង្គ្រោះជាតិទន់ខ្សោយ។
ក្នុងលិខិតចំហនោះ បានដាក់ជាសំណួរថា នៅពេលសង្រ្គោះជាតិទន់ខ្សោយដូចបច្ចុប្បន្ន តើសមជាគណបក្សដែលជាក្តីសង្ឃឹមរបស់ពលរដ្ឋស្លូតត្រង់ ពលរដ្ឋទន់ខ្សោយ និងងាយរងគ្រោះនៅទូទាំងប្រទេសដែរឬទេ?
ប្រធានចលនាយុវជនដដែល បានលើកឡើងទៀតថា គណបក្សសង្រ្គោះជាតិ ត្រូវជាគណបក្សមានរិទ្ធិអំណាចខ្លាំងក្លា ដោយចាប់ផ្តើមពីសមាជិកម្នាក់ៗ តាំងចិត្តសាមគ្គីគ្នាជាថ្លុងមួយ និងថ្កោលទោសរាល់ការបំបែកបំបាក់។
លោក យឹម ស៊ីណន បានទទូចឱ្យគណបក្សមួយនេះ មានប្រព័ន្ធឯកភាពបញ្ជា និងប្រព័ន្ធការងារច្បាស់លាស់ ដោយសមាជិកម្នាក់ៗត្រូវប្រើវិចារណញ្ញាណនិងត្រូវមានស្មារតីរឹងមាំឈជាម្ចាស់ជោគវាសនាគណបក្ស ដោយផ្តើមចេញពីការដាក់សម្ពាធឱ្យបណ្តាសមាជិកគណៈកម្មការអចិន្ត្រៃយ៍ទាំងអស់ ប្រញាប់មកចូលរួមធ្វើការងារជាមួយគ្នាវិញ។
កាលពីឆ្នាំ ២០១២ គណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី បានសម្រេចរួបរួមគ្នាបង្កើតបានជាគណបក្សមួយឈ្មោះ គណបក្សសង្រ្គោះជាតិ។
មេដឹកនាំគណបក្សនេះ ដោយមានលោក សម រង្ស៊ី និង លោក កឹម សុខា បានអះអាងម្តងហើយម្តងទៀតប្រាប់ទៅអ្នកគាំទ្ររបស់ខ្លួន ថាពួកគេនឹងគ្មានថ្ងៃបែកបាក់គ្នាឡើយ ដោយថា កឹម សុខា-សម រង្ស៊ី ជាមនុស្សតែមួយ។
សារបង្រួបបង្រួមគ្នានេះ នៅតែប្រើរហូតមកទល់ពេលបច្ចុប្បន្ន ប៉ុន្តែសម្រាប់សមាជិកផ្ទៃក្នុងវិញ ក៏ចាប់ផ្តើមចោទគ្នាទៅវិញទៅមក ហើយក្បាលម៉ាស៊ីនវិញ ក៏ចាប់ផ្តើមធ្វើការងារចាកឆ្ងាយពីគ្នាបន្តិចម្តងៗ។
លោកនាយរដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់លើកឡើងថា លោកមិនមែនជាអ្នកចូលរួមបំបែកបំបាក់គណបក្សសង្រ្គោះជាតិនោះឡើយ ហើយថាការបែកបាក់ផ្ទៃក្នុងបក្សនេះ គឺដោយសារតែខ្លួនឯងមិនរឹងមាំប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ បានលើកឡើងថា នៅពេលគណបក្សសង្រ្គោះជាតិបែកបាក់ពិតប្រាដក ជីវិតនយោបាយ ទាំងសម រង្ស៊ី និង កឹម សុខា ក៏ត្រូវបានបញ្ចប់។ ប្រសិនបើមានថ្ងៃបញ្ចប់នេះ នោះពួកគេនឹង គ្មានឱកាសអាចឈ្នះសមរភូមិនយោបាយ ទៅលើគណបក្សប្រជាជនកម្ពុជា ឬ ឈ្នះលោក ហ៊ុន សែន បាននោះឡើយ៕