27 C
Phnom Penh

តុលាការក្រុងភ្នំពេញសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី និងមន្ត្រី ៥នាក់ទៀត ឱ្យជាប់ពន្ធនាគារជាង១ឆ្នាំ ពាក់ព័ន្ធបទញុះញង់ឱ្យប្រព្រឹត្តបទល្មើស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការរបស់រដ្ឋាភិបាលលោកហ៊ុន សែន នៅរសៀលថ្ងៃសុក្រ ទី១៨ ខែតុលា នេះ បានសម្រេចផ្តន្ទាទោសអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៉ី និងមន្ត្រីរបស់ខ្លួនមួយចំនួនទៀតរួមមានលោក ហូ វ៉ាន់ និងលោក កាក់ កុម្ភារ ឱ្យជាប់ពន្ធនាគារម្នាក់ៗ រយៈពេល ១ឆ្នាំ ៨ខែ ពីបទផ្តើមគំនិតប្រមាថ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា២៨ មាត្រា៤៩៥ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។

តុលាការក៏បានប្រកាសសាលក្រមមួយករណីផ្សេងទៀត ពាក់ព័ន្ធអតីតសមាជិកគណៈកម្មាធិការប្រតិបត្តិ និងកិច្ចការបោះឆ្នោត ខេត្តស្វាយរៀងពីខាងគណបក្សសង្គ្រោះជាតិ លោក គង់ ម៉ាស់ និងអតីតសកម្មជនបក្សប្រឆាំងមួយរូបទៀតឈ្មោះ វឿន គឹមលន់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ ១ឆ្នាំ ៦ខែ ពីបទប្រមាថ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៥ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ។

កាលពីដើមខែតុលា អតីតមន្ត្រីគណបក្សប្រឆាំងនៅខេត្តស្វាយរៀងលោក គង់ ម៉ាស់ ធ្លាប់បានច្រានចោលរាល់ការចោទប្រកាន់របស់តុលាការមកលើខ្លួនម្តងរួចទៅហើយ។

នៅក្នុងសវនាការនៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ២តុលា ក្នុងពេលសួរដេញដោល និងដាក់បង្ហាញភស្តុតាងនានារួមទាំងសំឡេងសន្ទនារវាងលោកគង់ ម៉ាស់ជាមួយមន្ត្រីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួនផងនោះអតីតមន្ត្រីគណបក្សប្រឆាំងរូបនេះមិនទទួលស្គាល់ខ្លឹមសារសំឡេងដែលលើកឡើងក្នុងសវនាការនោះទេ។

ការបដិសេធនេះ ដោយលោកថា សំឡេងរបស់លោកត្រូវបានគេយកមកកាត់តធ្វើឱ្យបាត់ខ្លឹមសារដើម ក្នុងចេតនាយកមកទម្លាក់កំហុសលើលោកប៉ុណ្ណោះ។

លោក គង់ ម៉ាស់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ហើយត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ក្រោមការចោទប្រកាន់ពីបទប្រមាថ និងបទញុះញង់ឲ្យបង្កចលាចល៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស