27 C
Phnom Penh

របបផ្ដាច់ការម៉ាឌូរ៉ូនៅវេណេហ្សូអេឡា ឈ្នះសង្រ្គាមការទូត លើអាមេរិក តែប្រឈមនឹងការទម្លាក់ពីអំណាចនៅតែធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុងការបោះឆ្នោត ដែលគេមិននឹកស្មានដល់ ស្រាប់តែបេក្ខភាពនៃប្រទេសវេណេហ្សូអេឡា បានឈ្នះបេក្ខភាពរបស់ប្រទេស កូស្តារិកា នៅក្នុងការបោះឆ្នោតសំងាត់ដោយសំឡេងឆ្នោត របស់ប្រតិភូទាំង១៩៣ប្រទេសនៃសមាជិក អង្គការសហប្រជាជាតិ។

នៅក្នុងការបោះឆ្នោតនៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៧តុលា  វេណេហ្សូអេឡា បានសំឡេង ១០៥ ជាបេក្ខជនឈ្នះក្នុងការបោះឆ្នោតដើម្បីបានទៅអង្គុយក្នុងអាសនៈរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលមានសមាជិកសរុប ៤៧ ប្រទេស។ 

ប្រទេសកូស្តារិកាដែលចាញ់ វេណេហ្សូអេឡា ទទួលបាន៩៦សំឡេង គឺចាញ់តែ៩សំឡេងប៉ុណ្ណោះនាំអោយប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកមួយនេះ ខកខានមិនអាចកាន់កាប់អាសនៈនៅ ក្រុមប្រឹក្សាសិទ្ធិមនុស្សបានឡើយ។

ក្រុមអ្នកឃ្លាំមើលនិយាយថា របបមួយដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ បែរជា មានការគាំទ្រ លើឆាកអន្តរជាតិ ដូចនេះ គឺជាការឆ្លុះបញ្ជាំងអំពី បរាជ័យរបស់ក្រុមសិទ្ធិមនុស្ស និងប្រទេសប្រជាធិបតេយ្យជឿនលឿន ជាពិសេស សហរដ្ឋអាមេរិក ដែលកំពុងអូសទាញ អោយអន្តរជាតិ ស្អប់ខ្ពើមរបបលោកប្រជាធាធិបតី នីកូឡាស់ម៉ាឌូ ជាមេដឹកនាំផ្ដាច់ការ មួយនៅអាមេរិកខាងត្បូង។

តាមបណ្ដាញផ្សាយព័ត៌មាន របស់អាល្លឺម៉ង់ DW បានចុះផ្សាយថាលោករដ្ឋមន្ត្រីការបរទេស វេណេហ្សូអេឡា Jorge Arreaza បានថ្លែងអរគុណ ដល់ប្រទេសដែលបានគាំទ្រ វេណេហ្សូអេឡា បានទៅអង្គុយនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ។ លោក Jorge Arreaza បានហៅជ័យជម្នះរបស់ប្រទេសលោកគឺជា ការកើតចេញពីការសាមគ្គី ដ៏រឹងមាំមួយនៃប្រទេស ស្រឡាញ់យុត្តិធម៌ និងសន្តិភាព។

ទោះជាយ៉ាងណាក៏ដោយនៅមុនការបោះឆ្នោត  គេសង្កេតឃើញ អង្គការអន្តរជាតិជាង៥០ ដែលលើកស្ទួយសិទ្ធិមនុស្ស បានចេញសេចក្ដីថ្លែងការណ៍វាយប្រហារជាខ្លាំងលើការដឹកនាំរបស់លោកម៉ាឌូរ៉ូ។ ពួកគេរិះគន់ថា ប្រព័ន្ធគ្រប់គ្រងរដ្ឋរបស់ប្រទេសវេណេហ្សូអេឡា ជាប្រព័ន្ធធ្វើទារុណកម្ម ចាប់ពង្រត់ការបំបិទសំឡេងប្រឆាំង និងជារបបផ្ដាច់ការដែលមិនត្រូវផ្ដល់ឱកាសអោយតំណាងរបស់ប្រទេសមានអាសនៈនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាតិនោះឡើយ។ 

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានឈានមុខគេ ក្នុងការទប់ស្កាត់សំឡេង របស់អ្នកបោះឆ្នោតនៃសមាជិកអង្គការសហប្រជាជាតិ។ អនុប្រធានអង្គការ Human Rights Watch  លោក Philippe Bolopion បានហៅ ជ័យជម្នះរបស់វេណេហ្សូអេឡា គឺការវាយសំពងទៅលើ អ្នកតស៊ូសិទ្ធិមនុស្ស និងសេរីភាព។

ជាងនេះទៅទៀត សហរដ្ឋអាមេរិក តាមរយៈឯកអគ្គរដ្ឋទូត របស់ខ្លួននៅ អង្កការសហប្រជាជាតិ បានស្វែងរកការគាំទ្រ ប្រទេសកូស្តារិកា ដើម្បីទាត់ចោល វេណេហ្សូអេឡា។

ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកទៅកាន់អង្កការសហប្រជាជាតិអ្នកស្រី Kelly Craft បានប្រតិកម្មជាខ្លាំង និងសំដែងការខកចិត្ត ដែលនឹកស្មានមិនដល់សោះថា របបផ្ដាច់ការមួយ ដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបែរជាមានការគាំទ្រ ច្រើនដូចនេះទៅវិញ។

អ្នកស្រីKelly Craft បានហៅ លទ្ធផលនៃការបោះឆ្នោតនេះថាជាការនាំទៅរក សោកនាដកម្មថែមទៀតនៃប្រជាជនវេណេហ្សូអេឡា។ អ្នកស្រីចាត់ទុករបបលោកម៉ាឌូរ៉ូ ជារបបដែលរំលោភសិទិ្ធមនុស្សធ្ងន់ធ្ងរណាស់នៅលើពិភពលោក។

ដោយឡែកតំណាងប្រទេសអ៊ីស្រាអែល ដែលបានទៅចូលរួមបោះឆ្នោតដែរនោះ បានរិះគន់ ក្រុមប្រឹក្សាសិទ្ធិមនុស្ស ថានៅតែជាស្ថាប័ន ការពារជនផ្ដាច់ការ និងការពារ របបឧក្រិដ្ឋកម្ម។ ការបោះឆ្នោត សមាជិកថ្មីចំនួន ១៤ប្រទេស ជំនួសសមាជិកចាស់ដែលអស់អាណត្តិ។

នៅក្នុងចំណោមសមាជិកថ្មីចំនួន ១៤ប្រទេសនេះ គឺវេណេហ្សូអេឡា ត្រូវបានជ្រើសរើសចេញពី ប្លុក អាមេរិកខាងត្បូង ដែលមាន                          ២អាសនៈនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ចំណែកប្រទេសប្រេស៊ីល ជាសម្ព័ន្ធមិត្តអាមេរិក បានសំឡេង រហូតដល់ទៅ ១៥៣ សំឡេង ។ សមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សមាន អាណត្តិរយៈពេល៣ឆ្នាំ នឹងដូរអ្នកថ្មីមកជំនួស។  សមាជិកថ្មីនេះ នឹងចូលបំពេញការងាររបស់ខ្លួន តំណាងឲ្យតំបន់ ចាប់ពីខែមករា ឆ្នាំ២០២០។ នេះជាជ័យជម្នះការទូតជាលើកដំបូងនៃរបបផ្ដាច់ការដឹកនាំដោយលោកម៉ាឌូរ៉ូ នៅឯអង្គការសហប្រជាជាតិ បន្ទាប់ពី ប្រទេសនេះ រងនូវភាពអាម៉ាស់ជាខ្លាំង ដោយសារប្រតិភូមិនបានអង្គុយស្ដាប់ តំណាងរបស់លោកម៉ាឌូរ៉ូ ដែលថ្លែង ទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៤ កាលពីចុងខែកញ្ញា ឆ្នាំ២០១៩នេះឡើយ។

អ្នកសង្កេតការណ៍ មើលឃើញថា  ជ័យជម្នះនេះ ដូចជាជ័យជំនះក្លែងក្លាយ  ខណៈជនផ្ដាច់ការម៉ាឌូរ៉ូ ដឹកនាំប្រទេស ធ្វើអោយប្រជាជនរត់ចោលស្រុក មានជាង៤លាននាក់ ដែលពួកគេមិនអាចទ្រាំរស់នៅ ជាមួយ របបមួយដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនេះបាន។ 

ពួកគេចាត់ទុកថា របបរបស់លោក ម៉ាឌូរ៉ូ ជារបបទៅរកការរំលំរលាយ ដោយសារទណ្ឌកម្ម របស់សហគមន៍អន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក និងជារបបមួយ ដែលពលរដ្ឋខ្លួនឯងសឹងតែលែងគាំទ្រ។

ភ្លាមៗបន្ទាប់ពីដឹងថា របបលោកម៉ាឌូរ៉ូឈ្នះការបោះឆ្នោតនេះ  ប្រទេសសម្ព័ន្ធ Lima  ជាប្រទេស ជិតខាងវេណេហ្សូអេឡា មានប្រេស៊ីល អាហ្សង់ទិន កាណាដា អាមេរិក បេរ៉ូ កូស្តារិកា កូឡំប៊ី បារ៉ាហ្គាយ ឆេលី ជាដើម បានសន្យាឡើងវិញ ក្នុងការធ្វើអោយរបបលោកម៉ាឌូរ៉ូ កាន់តែឯកោ ក្រោមការដាក់ទណ្ឌកម្មរបស់ខ្លួន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស