គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP លើកឡើងពីគន្លឹះសំខាន់ៗចំនួន៣ចំណុច ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធEBA របស់សហភាពអឺរ៉ុប ក្នុងនោះក៏មានការលើកឡើងពីការដោះលែងប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ផងដែរ។ គណបក្សនេះក៏បានជំរុញទៅរដ្ឋាភិបាលឱ្យស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ដោយថា វាជាគន្លឹះដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធEBA របស់អឺរ៉ុប។
GDP បានលើកឡើងអំពីគន្លឹះសំខាន់ៗទាំង ៣រួមមានការដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំខ្លួនក្នុងផ្ទះ និងអ្នកនយោបាយផ្សេងទៀត។ លើសពីនេះ ការបើកលំហសេរីភាពដល់គណបក្សនយោបាយ សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ឱ្យមានសេរីភាពពេញលេញក្នុងការបំពេញការងាររបស់ខ្លួន ហើយត្រូវធានាឱ្យមានការបោះឆ្នោតនៅឆ្នាំ២០២២ និង២០២៣ ដោយសេរី និងយុត្តិធម៌ ដែលមានការចូលរួមប្រកបដោយប្រសិទ្ធភាពពីសហភាពអឺរ៉ុប ភ្នាក់ងារជាតិ និងអន្តរជាតិផ្សេងទៀត។
សេគណបក្សប្រជាធិបតេយ្យមូលដ្ឋានយល់ថា ការកែលម្អស្ថានភាពតាមរយៈវិធានការសំខាន់ៗទាំង ៣ដូចនេះ ជាការចាប់ផ្ដើមដ៏ល្អក្នុងការពង្រឹងកិច្ចសហការគ្នារវាងកម្ពុជា និងសហភាពអឺរ៉ុប និងដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជា។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន អះអាងថាគន្លឹះទាំង ៣ចំណុចនេះហើយ គឺជាដំណោះស្រាយសម្រាប់រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបនោះឯង។
កាលពីខែកុម្ភៈ សហភាពអឺរ៉ុបបានសម្រេចឯកច្ឆន្ទៈ ក្នុងការបន្តនីតិវិធីឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ហើយអឺរ៉ុបក៏បានបញ្ចប់នីតិវិធីរបស់ខ្លួនដំណាក់កាលទី២ កាលពីពេលថ្មីៗនេះផងដែរ។
បញ្ហាEBAនេះ ទាំងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង មន្ត្រីជាន់ខ្ពស់របស់ខ្លួនបានប្រកាសម្តងហើយម្តងទៀត ដោយមិនអោនក្បាលចំពោះបរទេស ជាថ្នូរនឹងការអនុគ្រោះអ្វីនោះឡើយ។ លោកហ៊ុន សែន ក៏ធ្លាប់បានដាក់ចេញនូវកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង ពិសេសលើកទឹកចិត្តដល់វិស័យឯកជន ដើម្បីត្រៀមទប់ទល់នឹងការដកប្រព័ន្ធអនុគ្រោះពន្ធណាមួយកើតឡើង។
លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យមន្ត្រីរបស់ខ្លួនប្រើលេសដកប្រព័ន្ធអនុគ្រោះពន្ធនេះ ដើម្បីសំរុកក្នុងការកម្ទេចរចនាសម្ព័ន្ធរបស់គណបក្សសង្រ្គោះជាតិឱ្យអស់ ដោយមិនឱ្យក្រុមនេះអាចមានជីវិតចូលរួមការបោះឆ្នោតខាងមុខឡើយ។ ទោះបីជាជាមាត់របស់លោកហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់ខ្លួនប្រកាសមិនខ្លាចរអានឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដោយ ប៉ុន្តែកាយវិការបស់លោក និងមន្ត្រីខ្លួនបង្ហាញពីការព្រួយបារម្ភចំពោះបញ្ហាEBAនេះជាខ្លាំង។ ជាក់ស្តែងដំណើរទស្សនកិច្ចផ្លូវការ ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៧ ខែតុលា របស់លោកហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់ខ្លួនទៅកាន់ប្រទេសជាអតីតសម្ព័ន្ធមិត្តចាស់ៗចំនួន៣ រួមមាន ប្រទេសឆែក ប្រទេសហុងគ្រី និងប្រទេសប៊ុលហ្គារី លោក ហ៊ុន សែន ក៏បានស្នើឱ្យប្រទេសទាំងនេះជួយគាំទ្រកម្ពុជា ក្នុងការបន្តរក្សាប្រព័ន្ធអនុគ្រោះ EBA ។ លោកហ៊ុន បានជំរុញឲ្យប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងបីនេះថា កម្ពុជា សង្ឃឹមថាអឺរ៉ុប នឹងផ្តល់យុត្តិធម៌ដល់ខ្លួន លើបញ្ហាសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ។
ក្រុមអ្នកវិភាគធ្លាប់បានព្រមានពីហានិភ័យធ្ងន់ធ្ងរប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធនេះត្រូវបានបាត់បង់ដែលនឹងធ្វើឱ្យកម្មករជិត១លាននាក់បាត់បង់ការងារធ្វើ ហើយនឹងនាំប្រទេសធ្លាក់ទៅក្នុងវិបត្តិសង្គមធ្ងន់ធ្ងរ៕