27 C
Phnom Penh

សហគមន៍ការពារព្រៃឡង់ខេត្តកំពង់ធំ ថាបទល្មើសកាប់ឈើនៅតែកើតមានឥតឈប់ឈរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាសហគមន៍ការពារព្រៃឡង់នៅខេត្តកំពង់ធំ បានលើកឡើងថា ទោះបីសម្លេង រណាយន្តដែលអារឈើក្នុងព្រៃបានស្ងាត់នៅពេលពួកគេចុះល្បាតក៏ពិតមែន ប៉ុន្តែបទល្មើសកាប់ឈើនៅតែកើតមានឡើងឥតឈប់ឈរដដែល។ ការលើកឡើងនេះ ក្រោយពេលប្រជាសហគមន៍ការពារព្រៃឡង់ក្នុងខេត្តនេះ បានចុះល្បាតព្រៃរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា កន្លងមក។

អ្នកសម្របសម្រួលបណ្តាញស្នូលការពារព្រៃឡង់ខេត្តកំពង់ធំ លោក ហឿន សុភាព បានអះអាងថា ការចុះល្បាតក្នុងព្រៃអភិរក្សលើកនេះ សម្លេងម៉ាស៊ីនអាឈើហាក់ស្ងប់ស្ងាត់ក៏ពិតមែន ប៉ុន្តែឈើនៅតែមានគេលួចអារដួលរហូត។ លោកបន្តថា ក្រៅពីឃើញឈើអារដាច់គល់ និងច្រៀកនៅលើដី ក្រុមរបស់លោកក៏ចាប់បានម៉ាស៊ីនអារឈើមួយគ្រឿងប្រគល់ឱ្យទៅមន្ត្រីជំនាញដើម្បីបន្តនីតិវិធីផងដែរ។

ប្រជាសហគមន៍នៅទីនោះអះអាងថា ចំណុចមានបទល្មើសកាប់ឈើក្នុងតំបន់ព្រៃឡង់នោះ គឺនៅចំណុច ដំណាក់សាង និងចំណុចអូរព្រះផ្ដៅ  ដែលស្ថិតនៅមិនឆ្ងាយពីទីស្នាក់ការរបស់មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានច្រកព្រះអាទិត្យនោះឡើយ។

កាលពីខែកក្កដា ក្នុងប្រតិបត្តិការរបស់គណៈកម្មាធិការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់លោក សៅ សុខា បាន                បង្ក្រាបឈ្មួញឈើនៅតំបន់ភូមិភាគឦសាន្ត ហើយបានឈានទៅចាប់ខ្លួនឧកញ៉ាចំនួន២រូប រួមមានឧកញ៉ា ស៊ឹង សំអុល ហៅអុល និងឧកញ៉ា គង់ គ្រឹង ព្រមទាំងបក្ខពួករបស់ពួកគេផងដែរ។ លើសពីនេះ ក៏មានឧកញ៉ាមួយចំនួនទៀត ត្រូវបានមន្ត្រីតុលាការខេត្តមណ្ឌលគិរី ប្រាប់កាសែតក្នុងស្រុកថា បានរត់គេចខ្លួនបាត់ ក្រោយពេលតុលាការចេញដីកាបង្គាប់ឱ្យពួកគេចូលបំភ្លឺពាក់ព័ន្ធបទល្មើសព្រៃឈើ។

ប្រតិបត្តិការនេះ មិនត្រឹមតែបានចាប់ខ្លួនមនុស្សមួយចំនួននោះទេ ប៉ុន្តែសមត្ថកិច្ចថែមទាំងបានបំផ្លាញរថយន្តដឹកឈើជាច្រើនគ្រឿង ព្រមទាំងរឹបអូសបានវត្ថុតាងជាច្រើនផ្សេងទៀត។ យ៉ាងណាក៏ដោយប្រតិបត្តិការនេះ បានតែមួយប្រាវក៏ស្ងាត់សូន្យទៅវិញ ដោយឡែកបទល្មើសរត់ពន្ធឈើនៅប្រទេសវៀតណាមនៅតែកើតមាន រីឯបទល្មើសព្រៃឈើ ពិសេសនៅតំបន់ព្រៃឡង់ក៏កើតឡើងឥតឈបឈរដដែល។

សកម្មជនព្រៃឈើលើកឡើងថា ការងាររបស់ក្រុមលោក សៅ សុខា ធ្វើឡើងគ្រាន់តែល្អមើលប៉ុណ្ណោះ ដោយមិនសូវមានប្រសិទ្ធភាពនោះឡើយ។

ពួកគេថា ដើម្បីឱ្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើមានប្រសិទ្ធភាព សមត្ថកិច្ចត្រូវចាប់ខ្លួនអ្នកពាក់ព័ន្ធការរកស៊ីឈើធំៗកន្លងមក ជាច្រើនទៀតដូចជាឧកញ៉ាទ្រី ភាព ឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា និងឧកញ៉ាមួយចំនួនទៀតដែលកំពុងរត់គេចខ្លួន។

បន្ថែមពីនេះ រដ្ឋាភិបាលគប្បីបញ្ឈប់ការផ្តល់លិខិតអនុញ្ញាតបើកអាជីវកម្មកែច្នៃឈើ ឬស្តុកទុកឈើ និងការដឹកជញ្ជូនឈើ ពិសេសត្រូវបិទអាជីវកម្មទាំងនោះទាំងស្រុងតែម្តង ហើយរដ្ឋាភិបាលត្រូវតែបិទឬ ដកហូតអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងអស់ នៅពេលរកឃើញថាក្រុមហ៊ុនទាំងនោះមិនបានគោរពច្បាប់ និងបានឃុបឃិតបំផ្លាញព្រៃឈើរបស់ខ្មែរនោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស