31.4 C
Phnom Penh

កងទ័ពអាមេរិកទំលាក់គ្រាប់បែកលើមូលដ្ឋានរបស់ខ្លួននៅស៊ីរីបន្ទាប់ពីដកកងទ័ពចេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងទ័ពអាមេរិកចាប់ផ្ដើមទម្លាក់គ្រាប់បែក លើអតីតមូលដ្ឋានរបស់ខ្លួននៅភាគឦសាននៃប្រទេសស៊ីរី ភ្លាមៗបន្ទាប់ពីលោកប្រធានាធិបតីដូណាល់ ត្រាំ បញ្ជាឲ្យដកទ័ពអាមេរិកចេញទាំងតក់ក្រហល់ដែលបណ្ដាលអោយ តួកគី លើកទ័ពចូលលុកលុតវាយប្រហារលើពួកអំបូរឃើដ ដែលអាមេរិកគាំទ្រ។

ទីភ្នាក់ងារ សារព័ត៌មាន ស៊ីរី SANA ចុះផ្សាយថា កងទ័ពអាកាស           អាមេរិក បានបើកប្រតិបត្តិការវាយប្រហារតាម អាកាសទៅលើមូលដ្ឋានទ័ព Al-Qulaib ដែលស្ថិតក្នុងខេត្ត Al-Hasakah ភាគជើងនៃប្រទេសស៊ីរី។

មូលដ្ឋានទ័ពរបស់អាមេរិកនេះទើបតែត្រូវបានកងទ័ពអាមេរិកបោះបង់ចោល ក្រោយពេលលោក ដូណាល់ ត្រាំបានចេញបញ្ជាឲ្យដកទ័ពចេញពីតំបន់នោះ។ ការវាយប្រហារដោយកងទ័ពអាកាសរបស់          អាមេរិកធ្វើឡើង ចំពេលកងទ័ពតួកគី បន្តបើកប្រតិបត្តិការវាយកំទេចពួកឃើដ។

តែយ៉ាងណា ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក មិនឃើញចេញមកបកស្រាយជុំវិញព័ត៌មានអំពី ការទម្លាក់គ្រាប់បែកលើអតីតមូលដ្ឋានទ័ពរបស់ខ្លួន ដែលត្រូវបានបោះបង់ចោលនោះឡើយ។

ក្រុមអ្នកសង្កេតការណ៍គិតថាអាមេរិកធ្វើដូច្នេះ អាចជាវិធានការ ដើម្បីបង្ការកុំឲ្យបរិក្ខាយោធានិង សំណង់ដែលបន្សល់ទុកនៅទីនោះ ធ្លាក់ទៅក្នុងដៃកងទ័ពស៊ីរី ឬក៏កងទ័ពរុស្ស៊ី។ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសអំពីការដកទ័ពរបស់ខ្លួនចេញពីភាគខាងជើងប្រទេសស៊ីរី គឺមុន ប៉ុន្មានថ្ងៃប៉ុណ្ណោះនៃការចាប់ផ្តើម បើកប្រតិបត្តិការយោធារបស់                 តួកគីលើអំបូរ ឃើដ។

តែនៅពេលជាមួយគ្នានេះ សហរដ្ឋអាមេរិក និងតួកគីបើកការចរចានឹងគ្នា នៅលើទឹកដីតួកគី ដើម្បីឱ្យតួកគីផ្អាកសង្គ្រាមរយៈពេល៥ថ្ងៃ ជាមួយកងទ័ពឃើដ តែបែបជាមកបញ្ជាឱ្យកងទ័ពឃើដត្រូវដកចេញពីតំបន់នោះជាបន្ទាន់ ដែលក្រុមអ្នកឃ្លាំមើលនិយាយថា ទង្វើនេះហាក់ដូចជាអាមេរិកកំពុងចែកទឹកដីស៊ីរីភាគខាងជើងឱ្យតួកគីអញ្ចឹងដែរ។ ក៏ប៉ុន្ដែតួកគីថាអ្វីដែលខ្លួនធ្វើគឺដើម្បីរក្សាតំបន់នោះអោយមានសុវត្ថិភាពសម្រាប់ជនភៀសខ្លួនស៊ីរីជាង២លាននាក់ដែលកំពុងរស់នៅយ៉ាងវេទនា នៅ តាមព្រំដែនប្រទេសស៊ីរី និងតួកគី តែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីការពារជាតិអាមេរិក Mark Esper  បញ្ជាក់ថា កងទ័ពអាមេរិកដែលចាកចេញពីទឹកដី ស៊ីរី នឹងត្រូវផ្លាស់ទៅកាន់ភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់វិញ។ នៅដើមទសវត្សទី២១ នេះ គឺជាបេសកកម្មលើកទី២ហើយដែលអ៊ីរ៉ាក់ត្រូវបាន អាមេរិកកំណត់ជាតំបន់ប្រតិបត្តិការ ក្រោយឆ្នាំ ២០០៣ សង្គ្រាមអ៊ីរ៉ាក់-អាមេរិក ដ៏ស្វិតស្វាញជម្រុញឱ្យមានការស្លាប់មេដឹកនាំផ្ដាច់ការសាដាម                ហូសេន។ Esper និយាយថា បេសកកម្មលើកទី២ នេះគឺដើម្បី ជួយការពារអ៊ីរ៉ាក់ពីការវាយប្រហារពីសំណាក់ក្រុមសកម្មប្រយុទ្ធ Isis   ។

បច្ចុប្បន្ននេះសហរដ្ឋអាមេរិកនៅតែដាក់ទ័ពនៅអ៊ីរ៉ាក់ជាង៥ពាននាក់ ក្រោយពីដកទ័ពមួយភាគធំក្នុងឆ្នាំ២០១១ ក្រោយពីមានការចុះកិច្ចព្រមព្រៀងរវាងរបបសាដាមហូសេន និងសហរដ្ឋអាមេរិក។ លោក Mark Esper  បញ្ជាក់ថាលោកនឹងបន្ត ជជែកគ្នាជាមួយក្រុមណាតូដើម្បីអាចសុំជំនួយរបស់ទ័ពក្រុមនេះមកជួយអ៊ីរ៉ាក់។

ចំណែកស្ថានការណ៍នៅប្រទេសអ៊ីរ៉ាក់ក៏ មិនទាន់ស្ងប់ដែរ ស្របពេលដែល បាតុករនៅតែបន្ដធ្វើបាតុកម្មបិទផ្លូវនៅរដ្ឋធានីបាដាដខណៈពួកគេទាមទារឱ្យនាយករដ្ឋមន្រ្ដី Adil Abdul-Mahdi ចុះចេញពីតំណែងដោយសារក្រុមបាតុកររកឃើញថាអំពើពុករលួយ ក្នុងជួររដ្ឋាភិបាលនៅតែធ្ងន់ធ្ងរ។

ខណៈដែលកងទ័ពអាមេរិកបានចល័តទ័ពបណ្ដើរៗមកកាន់អ៊ីរ៉ង់ គេឃើញទ័ពអាមេរិក នៅស្ទើរពេញប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ា ហាក់ឡោមព័ទ្ធប្រទេសអ៊ីរ៉ង់ដែលជាសត្រូវរបស់ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស