29 C
Phnom Penh

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លើកឡើងថាការកសាងជំនឿទុកចិត្ត កើតឡើងតាមរយៈការផ្តល់យុត្តិធម៌ឱ្យគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមួយរូប ដែលកំពុងរស់នៅក្រៅប្រទេសបានលើកឡើងថា នៅពេលខ្មែរបាត់បង់ទំនុកចិត្តរវាងខ្មែរគ្នាឯង នោះនឹងជួយឱ្យមហិច្ឆតាបរទេសគេឆ្លៀតឆក់ឱកាសដើម្បីបានប្រយោជន៍។

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក យ៉ែម ប៉ុញ្ញារិទ្ធិ បានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញថា ប្រធានគណបក្សប្រឆាំងដែលកំពុងជាប់ឃុំក្នុងផ្ទះ លោក កឹម សុខា ជាអ្នកអហិង្សានិយម ធ្លាប់បានលើឡើងថា “ខ្មែរត្រូវការផ្សះផ្សាជាតិ ឯកភាពជាតិ។

លោកបន្តថា ដើម្បីឱ្យទ្រឹស្តីនេះ  សម្រេចបាន ខ្មែរត្រូវកសាងទំនុកចិត្តរវាងខ្មែរ និងខ្មែរឡើវិញ ដោយថាការកសាងទំនុកចិត្តនេះកើតឡើងតាមរយៈការផ្តល់នូវយុត្តិធម៌ឱ្យគ្នា ហើយចាប់ផ្តើមពីអ្នកដែលប្រាថ្នារួមរស់ដោយសុខដុមរមនាក្នុងដំបូលផ្ទះខ្មែរតែមួយ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់អះអាងថាកម្ពុជាមានសុខសន្តិភាពយ៉ាងពេញលេញ ហើយគ្មានជម្លោះឬ វិបត្តិនយោបាយទេ គឺមានតែអ្នកនយោបាយមានទោស និងមានតែអ្នកនយោបាយដែលត្រូវចាត់វិធានការតាមច្បាប់ប៉ុណ្ណោះ។

កាលពីថ្ងៃទី ២កញ្ញា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំក្នុងផ្ទះ លោក កឹម សុខា បានស្នើឲ្យខ្មែរគ្រប់និន្នាកាបញ្ឈប់នូវនយោបាយ យកឈ្នះចាញ់ខ្មែរគ្នាឯង ដោយយកប្រជាពលរដ្ឋនិងជោគវាសនាប្រទេសជាតិជាឈ្នាន់ឬជារបាំងតទៅទៀត ព្រោះថាខ្មែរគ្រប់ស្រទាប់វណ្ណៈបានឈឺចាប់គ្រប់គ្រាន់ហើយ។

លោកបានលើកឡើងពីភាពឈឺចាប់ក្នុងការចាប់ឃុំខ្លួនលោកកាលពីឆ្នាំ២០១៧ ប៉ុន្តែប្រធានបក្សប្រឆាំងរូបនេះ ស្ម័គ្រចិត្តធ្វើពលីកម្មជូនជាតិនេះ មិនមែនលោកមិនចេះខ្លាច មិនមែនលោកមិនដឹងពីគ្រោះថ្នាក់ ឬ មិនមែនព្រោះតែលោកល្ងង់នោះទេ។  តែលោកថានេះជា តួនាទីអ្នកដឹកនាំ គឺខុសពីចៅហ្វាយ ឬថៅកែ។

លោកថា ចៅហ្វាយឬថៅកែគេជាអ្នកចាំយកលទ្ធផលពីការងាររបស់យើង តែអ្នកដឹកនាំគឺជាអ្នកដែលលះបង់មុនគេនិងច្រើនជាងគេ ដើម្បីជាគម្រូដល់អ្នកគាំទ្រ។ អ្នកដឹកនាំដែលមានគុណធម៌ មិនដែលរុញច្រានឲ្យអ្នកគាំទ្រខ្លួនធ្វើអ្វីដែលខ្លួនមិនហ៊ានធ្វើឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស