28.4 C
Phnom Penh

អង្គការ Human Right Watch ស្នើឱ្យEU និងរដ្ឋាភិបាលអន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាលលោកហ៊ុន សែន បន្ថែមទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch បានជំរុញទៅរដ្ឋាភិបាលបរទេសម្ចាស់ជំនួយ ពិសេសសហភាពអឺរ៉ុប ឱ្យពិចារណាដាក់សម្ពាធលើរដ្ឋាភិបាលលោកហ៊ុន សែន ឱ្យកាន់តែខ្លាំង ក្រោយពេលរដ្ឋាភិបាលមួយនេះបន្តធ្វើទុក្ខបុកម្នេញអ្នកនយោបាយបក្សប្រឆាំងឥតឈប់ឈរ។ 

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ  ក៏បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយទាំងអស់ ដោយឥតលក្ខខណ្ឌ ព្រោះអង្គការនេះមើលឃើញថាការចោទប្រកាន់ និងការចាប់ឃុំខ្លួនអតីតមន្ត្រី ព្រមទាំងសកម្មជនគណបក្សសង្រ្គោះជាតិជាបន្តបន្ទាប់នោះ គឺគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវ និងជារឿងអយុត្តិធម៌។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីថ្ងៃ២០ តុលា អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បានលើកឡើងថាគិតត្រឹមថ្ងៃ២០ តុលា មានសមាជិកអតីតបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលជិត៦០នាក់ ដែលត្រូវបានចាប់ឃុំខ្លួន ក្រោយពេលពួកគេហ៊ានងើបឡើងរិះគន់រដ្ឋាភិបាលលោកហ៊ុន សែន ក្នុងបណ្ដាញសង្គម និងជួបជុំគ្នាហូបនំបញ្ចុកកន្លងមកជាដើម។

អង្គការអន្តរជាតិមួយនេះ បានលើកឡើងថា រដ្ឋាភិបាលលោកហ៊ុន សែន ក៏បានកែប្រែច្បាប់ដែលមានស្រាប់ សម្រាប់ធ្វើជាឧបករណ៍នយោបាយក្នុងការចាប់ និងឃុំខ្លួនមន្ត្រីបក្សប្រឆាំង តាមទំនើងចិត្ត ចំពោះរាល់ការបញ្ចេញមតិរបស់ពួកគេទាំងសាធារណៈ និងតាមប្រព័ន្ធអ៊ិនធឺណិត ការទាក់ទងជាមួយអ្នកទៃទាំងនៅក្នុងក្រុម ឬការប្រជុំជាសាធារណៈដោយសន្ដិវិធីផងដែរ 

Human Right Watch ចាត់ទុកសកម្មភាពនេះជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជំរុញដល់រដ្ឋាភិបាល ឲ្យបញ្ឈប់សកម្មភាពទាំងនេះ និងដោះលែងអ្នកទាំងនោះទៀតផង។

នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch លោក Phil Robertson លើកឡើងថា ការចាប់ឃុំខ្លួន និងចោទប្រកាន់អតីតមន្ត្រីបក្សប្រឆាំងក្រោមហេតុផលនយោបាយរាប់មិនអស់ ក្នុងរយៈពេលបីខែកន្លងមកនេះគឺបង្ហាញថារដ្ឋាភិបាលលោក ហ៊ុន សែន មិនមានចេតនាស្តារស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា ដែលកំពុងរងភាពខ្មៅងងឹតក្នុងរយៈពេលប្រមាណ២ឆ្នាំចុងក្រោយនេះ ទៅរកភាពប្រសើរនោះឡើយ។

លោក Phil Robertson ក៏បានជំរុញទៅរដ្ឋាភិបាលអន្តរជាតិ និងម្ចាស់ជំនួយទាំងអស់គប្បីមានវិធានការជុំវិញបញ្ហានេះ ហើយជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងអ្នកជាប់ឃុំឃាំងដោយខុសច្បាប់ទាំងអស់ដោយគ្មានលក្ខខណ្ឌ។

កាលពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ តុលា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដឹកនាំប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលធ្វើទស្សនកិច្ចទៅកាន់អតីតប្រទេសម្ព័ន្ធមិត្តកុម្មុយនីស្តចាស់របស់ខ្លួន និងជាប្រទេសសមាជិកសហភាពអឺរ៉ុប រួមមាន ប្រទេសឆែក ហុងគ្រី និង ប៊ុលហ្គារី ក្នុងគោលបំណងស្វែងរកការគាំទ្រកម្ពុជា ដើម្បីបន្តរក្សប្រព័ន្ធអនុគ្រោះពន្ធEBA របស់អឺរ៉ុប។

លោក ហ៊ុន សែន បានប្រាប់អតីតប្រទេស សម្ព័ន្ធទាំង៣នេះ ថា កម្ពុជាសង្ឃឹមថា សហភាពអឺរ៉ុប នឹងផ្តល់យុត្តិធម៌ ដល់កម្ពុជាជុំវិញបញ្ហាដក EBA ដោយលោកអះអាងថាស្ថានភាពគោរពសិទ្ធិមនុស្សនិង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងដើរលើផ្លូវដ៏ត្រឹមត្រូវទៀតផង។

យ៉ាងណាក៏ដោយចុះកាលពីខែមករា សហភាពអឺរ៉ុបបានសម្រេចយកព័ន្ធនាំអង្ករចេញរបស់កម្ពុជា និងប្រទេសម៉ីយ៉ាន់ម៉ា ទៅកាន់សហភាពអឺរ៉ុប ក្រោយពួកគេរកឃើញថាប្រទេសទាំងពីរនេះមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

បន្ថែមពីនេះ នៅខែកុម្ភៈ គណៈកម្មការអឺរ៉ុប បានសម្រេចជាឯកច្ឆន្ទ ក្នុងការបន្តនីតិវិធីឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាតែម្តង ក្រោយពេលពួកគេរកឃើញថារដ្ឋាភិបាលលោកហ៊ុន សែន មិនព្រមងាកមករកគន្លងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស