31 C
Phnom Penh

សកម្មជនអង្គការចលនាមាតាធម្មជាតិ នៅតែបន្តធ្វើធម្មយាត្រា ទោះបីជាអាជ្ញាធរខេត្តព្រះសីហនុចេញលិខិតបំភ្លឺជុំវិញសំណង់កាស៊ីណូជីងទីងក្តី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសកម្មជនអង្គការចលនាមាតាធម្មជាតិ ព្រមទាំងព្រះសង្ឃ នៅតែបន្តធ្វើធម្មយាត្រារបស់ខ្លួន ឆ្ពោះទៅគោលដៅខេត្តព្រះសីហនុ ដោយមិនបានបញ្ឈប់ត្រឹមការចេញលិខិត បំភ្លឺពាក់ព័ន្ធសំណង់ខុសច្បាប់របស់កាស៊ីណូឈ្មោះ ជីង ទីង នៅកោះរ៉ុងសន្លឹម ពីសំណាក់អាជ្ញាធរនោះឡើយ។

កាលពីថ្ងៃទី ៤តុលា អភិបាលក្រុងកោះរ៉ុង បានផ្ញើលិខិតមួយទៅកាន់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ឱ្យដឹងថា ម្ចាស់សំណង់អាគារកាស៊ីណូឈ្មោះ ជីន ទីង បានស្នើសុំពន្យាពេលរុះរើសំណង់អាគាររបស់ខ្លួន ដើម្បីរក្សាសម្ភារៈក្នុងអគារជាបណ្តោះអាសន្ន ដោយរង់ចាំរកទីតាំងថ្មីសាងសង់អគារថ្មីជាមុនសិន។

លិខិតដដែលអះអាងថា មជ្ឈមណ្ឌលកម្សាន្ត និងកាស៊ីណូជីងទីង ត្រូវបានអាជ្ញាធរបិទទាំងស្រុងកាលពីខែឧសភា ឆ្នាំ២០១៩ ក្រោយរកឃើញថាសំណង់នេះកសាងឡើងដោយខុសច្បាប់ និងធ្វើឱ្យប៉ះពាល់បរិស្ថានតំបន់ឆ្នេរទៀតផង។

អភិបាលក្រុងកោះរ៉ុង លោក នួន ប៊ុនថុល បញ្ជាក់ក្នុងលិខិតនោះថា  ក្រោយការបិទទីតាំងកាស៊ីណូមួយនេះ មិនបានធ្វើសកម្មភាព ឬលែងល្បែងទៀតនោះទេ ហើយអាជ្ញាធរក៏បានដាក់កម្លាំងឃ្លាំមើលទៀតផង។

យ៉ាងនេះក្តី កាលពីពេលថ្មីៗនេះសកម្មជន អង្គការចលនាមាតាធម្មជាតិ បានរកឃើញថាក្រោយអាជ្ញាធបិទ ទីតាំងល្បែងស៊ីសង់មួយនេះ នៅតែបន្តបើកអាជីវកម្មល្បែងរបស់ខ្លួនបានដដែល។

លិខិតរបស់អភិបាលក្រុងកោះរ៉ុងនេះ ត្រូវបានផ្សព្វផ្សាយឡើង ក្រោយពេលក្រុមយុវជនចលនាមាតាធម្មជាតិ កំពុងធ្វើធម្មយាត្រាពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដើម្បីទាមទារឱ្យអាជ្ញាធរខេត្តអនុវត្តនីតិវិធីច្បាប់ឱ្យបានរឹងរ៉ឹងចំពោះរាល់សំណង់រំលោភតំបន់ឆ្នេរ និងទាមទារឱ្យអាជ្ញាធររុះរើសំណង់កាស៊ីណូជីន ទីងតែម្តង។

សកម្មជនអង្គការចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា បានលើកឡើងថា ពួកគាត់ រួមទាំងព្រះសង្ឃផង នៅតែបន្តធ្វើធម្មយាត្រា ទៅខេត្តជាប់មាត់សមុទ្រមួយនេះ តាមគោលបំណង និងផែនការដែលបានគ្រោងទុក។

លោកបន្តថា លិខិតរបស់អាជ្ញាធរខេត្តនេះ មិនបានបញ្ជាក់ពីភាពជាក់លាក់នៃការរុះរើសំណង់កាស៊ីណូឈ្មោះជីងទីងនោះឡើយ ហើយអាជ្ញាធរក៏មិនបានបញ្ជាក់ពីវិធានការផ្លូវច្បាប់ចំពោះម្ចាស់អគារនោះដែរ ទោះបីជាច្បាប់បានចែងពីការដាក់ទោសទណ្ឌដល់អ្នកទាំងឡាយណាដែលសាងសង់សំណង់អាគាររំលោភតំបន់ឆ្នេរ ពី១ឆ្នាំទៅដល់ ៥ ឆ្នាំ ព្រមទាំងពិន័យជាប្រាក់មួយចំនួនក៏ដោយ។

លោកថា ផ្ទុយពីអ្វីដែលអាជ្ញាធររដ្ឋអនុវត្តលើក្រុមសកម្មជនអង្គការចលនាមាតាធម្មជាតិ ដែលបំពេញការងារការពារធនធានធម្មជាតិកន្លងមក។ ជាក់ស្តែងករណី លោក ឌឹម គុណឌី និងលោក ឌឹម វណ្ណៈ  ដែលបានថតសាឡង់ដឹកខ្សាច់ខុសច្បាប់នៅខេត្តកោះកុង ប៉ុន្តែត្រូវបានតុលាការដាក់ទោសទណ្ឌឱ្យជាប់ពន្ធនាគារជាច្រើនខែ និងពិន័យជាប្រាក់មួយចំនួនទៀតផង។ 

ថ្ងៃនេះ ជាថ្ងៃទី៦ នៃដំណើរធម្មយាត្រា របស់សកម្មជនបរិស្ថាន និងព្រះសង្ឃ ដោយពួកគេធ្វើដំណើរជិតដល់រមណីយដ្ឋានយាយម៉ៅ ពេជ្រ និល។

គោលបំណងនៃធម្មយាតានេះ គឺ ទាមទារឲ្យមន្រ្តីអាជ្ញាធរខេត្តព្រះសីហនុ ចុះរុះរើអាគារសំណង់ខុសច្បាប់ ជីង ទីង និងអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះសំណង់អនាធិបតេយ្យនានាដែលសាងសង់រំលោភឆ្នេរសមុទ្រ។
លើសពីនេះ ជានិមន្តរូបបង្ហាញពីក្ដីស្រលាញ់សម្បត្តិធម្មជាតិទៅកាន់ប្រជាពលរដ្ឋខ្មែរ ឱ្យហ៊ានចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិ និង ជានិមិត្តរូបដាស់ស្មារតីយុវជនទាំងបច្ចុប្បន្ន និងជំនាន់ក្រោយផងដែរ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស