នៅខែមករា ឆ្នាំ២០២០ ឆ្នាំក្រោយនេះ គឺជាការព្រឹត្តិការណ៍ដ៏អស្ចារ្យថ្មីទៀត នៃដែនដីកោះតៃវ៉ាន់ ដែលចិនគំរាមចង់ត្របាកលេបនោះ គឺព្រឹត្តិការណ៍នៃការបោះឆ្នោតប្រធានាធិបតី។
ក្រុមអ្នកឃ្លាំមើលនិយាយថា ខណៈការបោះឆ្នោតកាន់តែជិតចូលមកដល់ រដ្ឋាភិបាលបក្សកុម្មុយនិស្តចិន កាន់តែគំរាមកំហែង លើដែនដីកោះមួយនេះជាខ្លាំង។ ការណ៍នេះទំនងក្រុងប៉េកាំង គិតថាការបោះឆ្នោតប្រធានាធិបតីកោះតៃវ៉ាន់លើកនេះ អាចទទួលជ័យជម្នះបានទៅលើ លោកស្រី ប្រធានាធិបតីសាយ អ៊ឹងវែន ដែលកំពុងមានប្រជាប្រិយភាពជាខ្លាំង។
ជាក់ស្ដែង កាលពីថ្ងៃទី២១ តុលា រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe បានថ្លែងថា ការដោះស្រាយក្នុងការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ គឺជាផលប្រយោជន៍ជាតិធំណាស់ សម្រាប់ប្រទេសចិន។ តែនៅពេលជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងព្រមានថា នៅលើលោកនេះ គ្មានកម្លាំងណាមួយអាចរារាំងការបង្រួបបង្រួមរបស់ចិនបានឡើយ។
លោក Wei Fenghe បានព្រមានដូចនេះក្នុងឱកាសលោកថ្លែងបើកវេទិកា «សិទិ្ធសញ្ញាសៀងសាន -ប៉េកាំង លើកទី ៩» កាលពីថ្ងៃទី២១ ខែតុលាឆ្នាំ២០១៩នេះ។ លោករដ្ឋមន្ត្រីរូបនេះ បន្តគំរាមថា សកម្មភាពបំបែកខ្លួនគ្រប់យ៉ាង គ្រប់រូបភាពណាទាំងអស់ នឹងត្រូវធ្វើអោយបរាជ័យ។ សំដីរបស់លោក Wei Fenghe ដូច្នេះ ត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន អង់គ្លេស Reuters នៅថ្ងៃនេះ។
ដោយថ្លែងក្នុងនាម ជាគណៈអធិបតី និងជាប្រទេសដ៏ធំជាងគេ ដែលមានកងទ័ពរាប់សិបលាននាក់ លោករដ្ឋមន្ត្រី Wei Fenghe ប្រាប់ពិភពលោកថា ការដោះស្រាយបញ្ហាតៃវ៉ាន់គឺដើម្បីធ្វើឲ្យមានការបង្រួបបង្រួមពេញក្រមខ័ណ្ឌ ជាមួយចិន ដែលលោកថា ត្រូវតែកើតមាន។
លោក ព្រមានទៀតថា គ្មាន កម្លាំងណាមួយ អាចបញ្ឈប់ការបង្រួបបង្រួមទឹកដីទាំងស្រុងរបស់ចិនបានឡើយបើ ប្រទេសចិនតាំងចិត្តយ៉ាងមុតមាំហើយនោះ។
ទោះ ចិន ជាប្រទេសធំក្ដី តែប្រទេសនេះ ត្រូវបានគេមើលឃើញថា បានត្រឹមតែគំរាមលេបត្របាក់តៃវ៉ាន់តែប៉ុណ្ណោះ។ តែយ៉ាងណា គេកត់សំគាល់ថា ភាពតានតឹងរវាងចិននិងតៃវ៉ាន់ ដែលឡើងកម្តៅកាន់តែខ្លាំងនៅពេលនេះ គឺមុនការបោះឆ្នោត ប្រធានាធិបតីតៃវ៉ាន់នៅថ្ងៃទី១១ខែមករាឆ្នាំ២០២០ ។
តៃវ៉ាន់ធ្លាប់ត្រូវគេហៅថា ជាសាធារណរដ្ឋចិន កាលដែលដែនដីកោះមួយនេះ បានចូលសមាជិកអង្គការសហប្រជាជាតិ បានម្ដង ហើយត្រូវចិន ប៉េកាំង ទាមទារអោយបញ្ចប់ សមាជិកភាពរបស់តៃវ៉ាន់នៅឆ្នាំ១៩៧៤នៅពេលចិន លើកទ័ពចូលលុកលុយដែនកោះប៉ារ៉ាហ្សែលនៅសមុទ្រចិនខាងត្បូង ដែលវៀតណាមកាន់កាប់រាប់រយឆ្នាំមកហើយ។
យោងតាមលទ្ធផលស្ទង់មតិរបស់ក្រុមប្រឹក្សាកិច្ចការបរទេសកោះតៃវ៉ាន់កាលពីមួយខែមុននេះ បានបង្ហាញថា ជាង៨៧%នៃប្រជាជនកោះតៃវ៉ាន់ ចំនួន២៣លាននាក់ ជឿជាក់ថា អនាគតកោះតៃវ៉ាន់ នឹងក្លាយជាដែនកោះមួយ ដែលមានការគ្រប់គ្រងដាច់ដោយឡែកពីចិន ហើយរាល់ការធ្វើសេចក្តីសម្រេច គឺមិនស្ថិតនៅក្រោមឥទ្ធិពលរបស់ក្រុងប៉េកាំងឡើយ ។
គោលនយោបាយ ប្រទេសមួយ ប្រព័ន្ធ២ បានអនុម័តតាំងពីសម័យ ប្រធានាធិបតី តេង សាវ ភីងនៅឆ្នាំ១៩៨៩ ហើយមកដល់អាណត្តិរបស់ប្រធានាធិបតី ស៊ី ជីនភីង បក្សកុំម្មុយនីស្តចិនបានអនុម័តគោលនយោបាយនេះឡើងវិញ ដោយប្រាប់ទៅកោះតៃវ៉ាន់ ឲ្យត្រៀមខ្លួនទទួលយកគោលនយោបាយមួយនេះ។
លោក ស៊ី ជីនភីង បានថ្លែងថា លោកមិនចង់ប្រើកម្លាំងទ័ព ដើម្បីចូលកាន់កាប់កោះតៃវ៉ាន់នោះទេ។ លោកថា កោះតៃវ៉ាន់ គឺជាខេត្តមួយរបស់ចិន ហើយអាចជ្រកក្រោមដំបូលរបស់ទីក្រុងប៉េកាំង ក្រោមគោលនយោបាយប្រទេសមួយប្រព័ន្ធ២ គឺដូចជាទីក្រុង ហុងកុង និងកោះម៉ាកាវ។
នៅក្នុងដែនដីតៃវ៉ាន់ សព្វថ្ងៃ ប្រជាជនតៃវ៉ាន់ ភាគច្រើនគាំទ្របក្សជម្រើនជឿនលឿន របស់លោកស្រី ប្រធានាធិបតីសាយអ៊ឺងវែង ដែលលោកស្រីបាន ប្រកាសថា តៃវ៉ាន់ ជារដ្ឋអធិបតេយ្យមួយ ទោះជាមិនមានទាន់ទទួលបានឯករាជ្យពេញលេញក៏ដោយ។
លោកស្រី សាយ អ៊ឺងវេន បានប្រកាសថា តៃវ៉ាន់មិនអាច ទទួលយកគោលនយោបាយ របស់ទីក្រុងប៉ាកាំងបានឡើយ។ លោកស្រីប្រកាសថាតៃវ៉ាន់ពេលនេះក្លាយជាតំបន់មួយដែលមានសេរីភាព ស្របតាមគោលការណ៏ប្រជាធិបតេយ្យរបស់ប្រទេស។
អ្នកសង្កេតការណ៍យល់ថាការស្ទង់មតិដែលបញ្ជាក់ថា ប្រជាជនកោះតៃវ៉ាន់ប្រមាណ ៨០%មិនចង់រស់នៅក្រោមប្រទេសចិននោះទេ។ តួលេខនេះអាចនឹងឆ្លុះបញ្ចាំងអំពីការបោះឆ្នោតប្រធានាធិបតីនៅខែមករា ឆ្នាំ២០២០ខាងមុខនេះ។
គេរំពឹងថា គណបក្សប្រជាធិតេយ្យជឿនលឿន របស់លោកស្រី សាយអ៊ឺងវេនអាចនឹងទទួលបានការគាំទ្រច្រើន ជាងគណបក្ស គុប មីងតាំង ដែលមាននិន្នាការទៅរកប្រទេសចិន។
ប៉ុន្តែសំណួរសួរថាតើនៅពេលណាទើបចិនអាចត្របាក់លេបកោះតៃវ៉ាបានដោយដណ្ដើមយកមកធ្វើជាខេត្តរបស់ខ្លួនវិញបន្ទាប់ពីដែនដីកោះនេះបានបាត់ពីចិនដោយសារសង្រ្គាមស៊ីវិលឆ្នាំ១៩៤៩ ខណៈ
ក្រុងតៃប៉ិះ បានកំពុងប្រែក្លាយ អតីតខេត្តរបស់ចិនមួយនេះជាដែនដី ប្រើប្រាស់សុទ្ធតែសព្វាវុធទំនើបៗរបស់អាមេរិក ហើយមានទាំងអ្នកជំនាញការយោធារបស់ប្រទេសមហាអំណាចនេះទៀតផង៕