35 C
Phnom Penh

លោក ហ៊ុន សែន ប្តេជ្ញាបន្តពង្រីកនិងពង្រឹងទំនាក់ទំនងកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឱ្យកាន់តែប្រសើរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា កម្ពុជា នឹងបន្តពង្រីក និងពង្រឹងនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកឱ្យកាន់តែប្រសើរថែមទៀត។ ការប្តេជ្ញានេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោកហ៊ុន សែន ជាមួយ ឯកអគ្គរដ្ឋទូតថ្មីរបស់ សហរដ្ឋអាមេរិកប្រចាំកម្ពុជា គឺលោក Patrick Murphy នៅរសៀលនេះនាទីស្តីការគណៈរដ្ឋមន្ត្រី។

ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នៅរសៀលនេះបានលើកឡើងថា មូលហេតុដែលកម្ពុជាត្រូវពង្រីក និងពង្រឹងទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ព្រោះកន្លងមកប្រទេសទាំងពីរមានកិច្ចសហការគ្នាលើគ្រប់វិស័យ ពិសេសកន្លងមកប្រទេសទាំងពីរមានចំណុចដែលបានឯកភាពគ្នាច្រើន ហើយនឹងបន្តសហការគ្នាជាបន្តបន្ទាប់ទៀត។

ការលើកឡើងរបស់លោកហ៊ុន សែន នេះ ក្រោយពេលគេមើលឃើញថាទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក កាន់តែអាក្រក់ បន្ទាប់ពីសហរដ្ឋអាមេរិកបានចេញមុខថ្កោលទោសចំពោះការរៀបចំការបោះឆ្នោត និងលទ្ធផលឆ្នោតកាលពីឆ្នាំ២០១៨ ពីព្រោះជាការបោះឆ្នោតដែលផាត់ចោលគណបក្សសង្រ្គោះជាតិដែលជាបក្សប្រឆាំងធំជាងគេ។

បន្ថែមពីនេះ សហរដ្ឋអាមេរិក ក៏ជាប្រទេសឈានមុខក្នុងការថ្កោលទោសចំពោះការចាប់ និងឃុំខ្លួនប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា រយៈពេលជាង២ឆ្នាំ ដោយគ្មានការជំនុំជម្រះ គ្មានការបង្ហាញភស្តុតាងជាក់លាក់ និងជារឿងអយុត្តិធម៌។ អាមេរិកក៏បានចេញមុខជំរុញរដ្ឋាភិបាលលោកហ៊ុន សែន ម្តងហើយម្តងទៀត ឱ្យដោះលែងលោក កឹម សុខា និងអ្នកជាប់ឃុំនយោបាយផ្សេងទៀត ព្រមទាំងស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សជាដើម។ 

ក្រៅពីនេះ ភាពតានតឹងមួយទៀត ក្រោយពេលមន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យរដ្ឋភិបាលលោក ផៃ ស៊ីផាន បានជេរប្រមាថទៅលើមន្ត្រីស្ថានទូតអាមេរិកមុនពេលលោក Murphy ចូលមកដល់ ថាជាក្រុមមនុស្សព្រៃ មិនចេះធ្វើការក្នុងប្រទេសស៊ីវិល័យ និងបណ្តេញមន្ត្រីទូតទាំងនោះចេញពីកម្ពុជា ប្រសិនបើពួកគេមិនពេញចិត្តការដឹកនាំរបស់លោកហ៊ុន សែន។

លោក Patrick Murphy បានក្លាយជាឯកអគ្គរដ្ឋទូតថ្មីរបស់ សហរដ្ឋអាមេរិកប្រចាំកម្ពុជាជាផ្លូវការ ក្រោយពេលលោកបានចូលថ្វាយសារតាំងជូនព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី កាលពីថ្ងៃទី ១៩តុលា។

លោក Patrick Murphy ត្រូវបានរដ្ឋបាលលោកប្រធានធិបតី ដូណាល់ ត្រាំ សម្រេចតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា ហើយលោកទើបមកដល់ទឹកដីកម្ពុជាកាលពីខែកញ្ញា។ឯកអគ្គរដ្ឋទូតថ្មីរូបនេះ ជាមនុស្សដែលមានបទពិសោធន៍ខ្ពស់ក្នុងរឿងទំនាក់ទំនងការទូត និងកិច្ចការអន្តរជាតិទាំងក្នុងតំបន់ និងកម្រិតពិភពលោក។

មុនការមកដល់របស់ ឯកអគ្គរដ្ឋទូតរូបនេះ លោក Patrick Murphy         ក៏បានប្តេជ្ញាពង្រឹងទំនាក់ទំនងកម្ពុជាឱ្យកាន់តែប្រសើរ ពិសេសពង្រឹងប្រជាធិបតេយ្យ និងឯករាជ្យភាពរបស់កម្ពុជាផងដែរ។ ក្រោយជួប លោក ហ៊ុន សែន នៅថ្ងៃនេះ លោក Patrick Murphy នឹងជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃស្អែកនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស