33 C
Phnom Penh

ពលរដ្ឋរាប់រយនាក់ ប្រារព្ធខួប២៨ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអង្គការសង្គមស៊ីវិល សមាគម សហជីព អ្នកវិភាគ និងកម្មកររាប់រយនាក់នាំគ្នាប្រារព្ធខួបលើកទី២៨ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ក្រោមប្រធានបទ “២៣ តុលា នាំមកនូវការរួបរួមជាតិ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ”។ ការប្រារពន្ធពិធីនេះ ត្រូវបានរៀបចំឡើងនៅទីលានប្រជាធិបតេយ្យថ្មី ស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនាព្រឹកនេះ។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ បានថ្លែងក្នុងពិធីនោះថា ស្មារតីនៃកិច្ចព្រមព្រៀងនេះនៅតែមានសារសំខាន់សម្រាប់កម្ពុជា និងប្រជាជាតិខ្មែរ។ លោកបន្តថា ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះហើយ ដែលនាំមកនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍពិតប្រាកដដល់កម្ពុជា។

ចំណែកអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក ប៉ា ច័ន្ទរឿន បានថ្លែងក្នុងឱកាសនោះថា  ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និង ការបញ្ចប់ជម្លោះនយោបាយខ្មែរនិងខ្មែរ ទាំងស្រុងនៅឆ្នាំ១៩៩៨ បន្ទាប់ពីសមាហរន្តកម្មក្រុមខ្មែរក្រហម ជាមួយរដ្ឋាភិបាល កម្ពុជាកាន់តែមាននីតិរដ្ឋ ដោយឱ្យតម្លៃទៅលើយុត្តិធម៌ ដែលនាំឱ្យកម្ពុជាមានការអភិវឌ្ឍជាបន្តបន្ទាប់។

លោកបន្តថា ការរៀបចំកម្ពុជាឱ្យមានឯកភាពជាតិ បូរណៈភាពទឹកដី សន្តិភាព ពិសេសការផ្តល់ជំនួយពីបរទេសដើម្បីអភិវឌ្ឍន៍ប្រទេសតាំងពីឆ្នាំ ១៩៩១ មកទល់ពេលបច្ចុប្បន្ន កើតឡើងមិនមែនជារឿងចៃដន្យឡើយ។ ប៉ុន្តែលោកថាជាការទទួលខុសត្រូវពីបណ្តាប្រទេសជា                ហត្ថលេខី ទាំងផ្នែកសីលធម៌ និងផ្លូវច្បាប់ដើម្បីជួយប្រទេសកម្ពុជា។

សកម្មជននៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ន់ ស្រ៊ន បានលើកឡើងថារឿងរួបរួមជាតិ ឯកភាពជាតិ អធិបតេយ្យភាព បូរណភាពទឹកដី គឺជារឿងសំខាន់របស់ជាតិ និងជារឿងដែលពលរដ្ឋខ្មែរត្រូវចូលរួមឈឺឆ្អើលទាំងអស់គ្នា ដោយយកគោលការណ៍ច្បាប់     និងជាតិជាធំ មិនមែនយកបក្សជាធំទេ។

សម្រាប់លោក ស្រ៊ន់ ស្រ៊ន ព្រឹត្តិការណ៍២៣ តុលា ឆ្នាំ ១៩៩១ ស្តីពីការចុះហត្ថលេខានៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺ ជាឯករាជ្យបរិបូរណ៌សម្រាប់ជាតិខ្មែរ ព្រោះមានតំណាងអន្តរជាតិចូលរួម ពិសេសប្រទេសទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចូលរួមផងដែរ។ លោកថា ស្មារតីនៃកិច្ចព្រមព្រៀងនេះ មានតម្លៃតាំងដំណើរការបង្កើត រហូតដល់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

កាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន បានបញ្ជាក់នៅមុខនិស្សិតនិងមន្ត្រីរាជការរាប់រាយនាក់ថា បច្ចុប្បន្នជាពេលវេលាកម្ពុជា អនុវត្តតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយមិនមែនជាការគោរពលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនោះឡើយ។ 

លោក ហ៊ុន សែន អះអាងថាបើកម្ពុជាត្រូវអនុវត្តកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ត្រូវដោះលែងមេដឹកនាំខ្មែរក្រហម គឺលោក ខៀវ សំផន ដែលកំពុងជាប់ឃុំ ហើយរំលាយតុលាការកូនកាត់ខ្មែរក្រហមចោលតែម្តង។ លើសពីនេះ លោកថា បើកម្ពុជាអនុវត្តកិច្ចស្មារតីនៃកិច្ចព្រមព្រៀងនេះ វត្តមានព្រះប្រមុខរដ្ឋ ឬ ព្រះមហាក្សត្រ នឹងត្រូវបានបញ្ចប់ ដោយមិនត្រូវ មានទៀតឡើយ។

យ៉ាងនេះក្តី អ្នកវិភាគនយោបាយដែលកំពុងរស់នៅក្រៅប្រទេស លោក គឹម សុខ បានលើកឡើងនៅថ្ងៃនេះ សហរដ្ឋអាមេរិក សហគមន៍អន្តរជាតិ ប្រជារាស្ត្រខ្មែរទូទៅ នៅតែទទួលស្គាល់២៣តុលា១៩៩១ ជាស្មារតីជាតិកម្ពុជារស់ឡើងវិញ ខុសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោក គឹម សុខហៅថាជាមេដឹកនាំផ្ដាច់ការ។

 អ្នកវិភាគរូបនេះ អះអាងថា មូលហេតុកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅតែមានជីវិតរហូត ព្រោះតែពុំមានមាត្រាណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះ ចែងអំពីលក្ខខណ្ឌនៃការអស់សុពលភាព ចំពោះឯកសារដ៏សំខាន់ស្មើនឹងអាយុជីវិតជាតិកម្ពុជានេះឡើយ។

លោក គឹម សុខ ថា ដោយសារតែហេតុផលការពារអំណាចផ្ដាច់ការ គ្រួសារនិយម របស់ខ្លួន លោក ហ៊ុន សែន បានបន្តព្យាយាមបំភ័ន្តការពិត ហើយភូតភរប្រជាពលរដ្ឋខ្មែរ ដោយប្រកាសថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ បានស្លាប់បាត់ទៅហើយ។ ប៉ុន្តែសម្រាប់ប្រជារាស្ត្រខ្មែរ និងសហគមន៍អន្តរជាតិ នៅតែបង្ហាញការពិត ដោយថា កិច្ចព្រមព្រៀងនេះនៅតែមានជីវិត និងមានសុពលភាពដដែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស