31 C
Phnom Penh

គណបក្សប្រជាធិបតេយ្យមូលដ្ឋានថាការរក្សាEBA ជាយន្តការមួយដែលអាចលើកកម្ពស់សេរីភាពនយោបាយ និងឆ្លុះបញ្ចាំងស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP បានលើកឡើងអំពីអនុវត្តកាតព្វកិច្ចរដ្ឋមួយចំនួន ដែលបង្ហាញថារដ្ឋាភិបាល លោក ហ៊ុន សែន គោរព និងមិនគោរពនូវស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី ២៣តុលានេះ GDP បានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ភាគីខ្មែរទាំងបួន និងភាគីអន្តរជាតិដែលពាក់ព័ន្ធបានឯកភាពនាំមកនូវសន្តិភាព ឯកភាពជាតិបូរណភាពទឹកដី និងការកសាងកម្ពុជាតាមគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី និងរបបប្រជាធិបតេយ្យ សេរីពហុបក្ស ដែលក្រោយមកបានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។

បក្សមួយនេះបន្តថា រយៈពេល ២៨ឆ្នាំក្រោយមក កម្ពុជាកំពុងប្រឈមនឹងការដកអនុគ្រោះពន្ធ EBA ពីសភាពអ៊ឺអ៉ុប ហើយក្នុងនោះមានប្រទេសមាជិកចំនួន២ ជាភាគីសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺចក្រភព អង់គ្លេស(UK) និងសាធារណរដ្ឋបារាំង។

សហភាពអ៊ឺរ៉ុប កំពុងពិនិត្យ ពីលទ្ធភាពនៃការព្យួរ ឬ ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទាក់ទងទៅនឹងស្ថានភាពកាន់តែអាក្រក់ ចំពោះការគោរពសិទ្ធិមនុស្ស សេរីភាពនយោបាយ ដែលផ្ទុយពីស្មារតីសំខាន់ៗនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

GDP ថា ឈរលើស្មារតី និងខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា និងសារសំខាន់នៃ ប្រព័ន្ធអនុគ្រោះពន្ធ EBA ក្នុងការកសាងសេដ្ឋកិច្ចកម្ពុជា ដែលផ្សារភ្ជាប់ជាមួយការលើកស្ទួយសិទ្ធិ មនុស្ស និងសេរីភាពនយោបាយ បក្សមួយនេះ អំពាវនាវឱ្យរាជរដ្ឋាភិបាលលោក ហ៊ុន សែន និងសហភាពអ៊ឺរ៉ុប ជាពិសេសរដ្ឋាភិបាលចក្រភពអង់គ្លេស និងសាធារណរដ្ឋ បារាំងស្វែងរកចំណុចកណ្តាលរួមមួយ ដែលអាចឱ្យគ្រប់ភាគីទទួលយកបាន។ 

 ក្នុងសេចក្តីថ្លែងការណ៍ដដែល GDP ក៏ ធ្លាប់បាន លើកពីផ្លូវកណ្តាលក្នុងការរក្សា EBA រួមមាន វិធានការ៣ចំណុច ជាពិសេសការធានា ឱ្យមានសេរីភាពនយោបាយ ពិសេសដោះលែង លោក កឹម សុខា ឱ្យមានសេរីភាព ជាឧទាហរណ៍មួយ។ ប្រព័ន្ធអនុគ្រោះពន្ធ EBA ជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងកម្ពុជា និងសហភាពអ៊ឺរ៉ុប ដែលក្នុងនោះសហភាពអ៊ឺរ៉ុប អនុគ្រោះឱ្យកម្ពុជានាំទំនិញទាំងអស់ លើកលែងតែអាវុធ ចូលទីផ្សារអ៊ឺរ៉ុបដោយមិនបាច់បង់ពន្ធ។

ប្រភពដដែលបន្តថា ជាគោលនយោបាយ របស់សហភាពអ៊ឺរ៉ុបគឺចូលរួមជួយអភិវឌ្ឍប្រទេសក្រីក្រតាមគោលការណ៍ជំនួញ មិនមែនជំនួយ ហើយការចរចាយក ឬមិនយក EBA មិនមែនជារឿងទាក់ទងទៅនឹងការបាត់បង់ អធិបតេយ្យភាពនោះទេ ប៉ុន្តែវាជាសិទ្ធិអំណាចរបស់រាជរដ្ឋាភិបាលលោក ហ៊ុន សែនប៉ុណ្ណោះ។ យ៉ាងណាក៏ដោយមន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់ឆ្លើយតបទៅនឹងអ្នកកាសែតថា ពាក់ព័ន្ធបញ្ហា EBA កម្ពុជាមិនមែនអ្វីឆ្លើយតបទៀតនោះទេ។

ប៉ុន្តែសម្រាប់លោកហ៊ុន សែន ក៏នៅតែមានបំណងរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA នេះដែរ។ ជាក់ស្តែងក្នុងដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសឆែក ហុងគ្រី និងប៊ុលហ្គារី កាលពីថ្ងៃទី ១៣ ដល់ ១៧ តុលា លោកបាន ប្រាប់ទៅមេដឹកនាំរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងនេះឱ្យជួយគាំទ្រកម្ពុជាដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយថាកម្ពុជាចង់ឃើញអឺរ៉ុបផ្តល់យុត្តិធម៌ជូនកម្ពុជា លើការសម្រេចនេះ។

ទោះបីជាយ៉ាងណាក៏ដោយ គណបក្សប្រជាធិបតេយ្យមូលដ្ឋានលើកឡើងទៀតថា ប្រសិនបើ មានការដកអនុគ្រោះពន្ធ EBA កម្ពុជាអាចជួបប្រឈមនឹងហានិភ័យខាង វិស័យការងារ និងហិរញ្ញវត្ថុដូចជាការប៉ះពាល់ដល់ការងារ និងជីវភាពកម្មករ និងគ្រួសារកម្មករ ដែលមានគ្នារាប់សែននាក់ អ្នកប្រកបមុខរបរពាក់ព័ន្ធជាមួយផ្សេងៗ ដូចជាអ្នកលក់ចំណីអាហារ អ្នកជួលផ្ទះ អ្នកដឹកជញ្ជូន ជាដើម។

លើសពីនេះទៀត ផលប៉ះពាល់ប្រយោលមានដូចជាការធ្លាក់ចុះ នៃសមត្ថភាពទិញរបស់ប្រជាពលរដ្ឋ និងសមត្ថភាពសងបំណុលរបស់គ្រួសារកសិករ ដែលកន្លងមក អាស្រ័យលើប្រាក់ខែរបស់កម្មករក្នុងការសងរលោះជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ ផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស