ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានប្រកាសវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារដើម្បីបង្កើនសមត្ថភាពយោធានៅលើទឹកដី ភាគខាងជើងនៃប្រទេសអូស្ត្រាលី ក្នុងគោលដៅទប់ទល់នឹងឥទិ្ធពលរបស់ប្រទេសចិនដែលកំពុងដាក់ពង្រាយកងទ័ពនៅលើ ប្រទេសដែនដីកោះនៃតំបន់មហាសមុទ្រអាស៊ីប៉ាស៊ីហ្វិច។ សារព័ត៌មានរុស្ស៊ី Sputnik បានចុះផ្សាយដូចនេះកាលពីថ្ងៃទី២២ ខែតុលា ដោយស្រង់ប្រភពព័ត៌មាន របស់ក្រសួងការពារជាតិអូស្រ្ដាលី។
ប្រភពដដែលឲ្យដឹងទៀតថា នៅប៉ុន្មានខែខាងមុខទៀតនេះដែនដីភាគខាងជើងនៃប្រទេសអូស្រ្ដាលីនឹងមានការដាក់តាំង នូវនាវាមុជទឹកនិងយន្ដហោះចម្បាំងរបស់អាមេរិកជាច្រើនបន្ថែមទៀត។
ព្រឹទ្ធសភាអាមេរិកលោក Sam McMahon បានបញ្ជាក់បន្ថែមលើក្រសួងការពារជាតិអូស្ត្រាលីដែលថា ក្រុងវ៉ាស៊ីនតោន និងកង់បេរ៉ា នឹងពង្រីកការវិនិយោគវិស័យយោធាដោយបន្ថែមនូវយន្ដហោះចម្បាំងទំនើបជាច្រើនគ្រឿងទៀតព្រមទាំងគាំទ្រដល់ ការហ្វឹកហាត់ក្នុងតំបន់ បន្ថែមទៀតដល់កងទ័ពនៃប្រទេសអូស្ត្រាលី។
ការថ្លែងរបស់ ព្រឹទ្ធសភា Sam McMahon ដូច្នេះធ្វើឡើង នៅចំពោះមុខយោធានិងអ្នកសារព័ត៌មានជាច្រើននៅឯមូលដ្ឋានកងទ័ពជើងគោក អូស្រ្ដាលីនៅមូលដ្ឋាន Base Darwin។
ក្រសួងការពារជាតិអូស្រ្ដាលីឲ្យដឹងថា ចំនួនទឹកប្រាក់ដែលយកទៅវិនិយោគលើវិស័យយោធា អាមេរិក នៅអូស្ត្រាលីស្មើនឹងកោះតៃវ៉ាន់ទៅហើយដែលបានស្នើទិញយន្ដហោះពីអាមេរិក ចំនួន៨ពាន់លាន ដុល្លារអាមេរិក។ ការវិនិយោគនោះ គឺទៅលើមូលដ្ឋានទ័ពអាមេរិក លើទឹកដីអូស្ត្រាលី នៅភាគខាងជើងទីក្រុង កង់បេរ៉ា ចម្ងាយជិត៣ពាន់គីឡូម៉ែត្រ ជិតឆកមហាសមុទ្រប៉ាស៊ីហ្វិច និងសមុទ្រឥណ្ឌា។
ក្រោយជំនួបរវាងមន្ត្រីជាន់ខ្ពស់ អាមេរិកនិងរដ្ឋមន្រ្ដីការពារជាតិប្រទេសអូស្ត្រាលី គេឃើញមានសេចក្ដីប្រកាសព័ត៌មានមួយដែលបញ្ជាក់អំពីភាពជឿនលឿននៃយុទ្ធសាស្រ្ដរបស់អូស្រ្ដាលី ដើម្បីពង្រឹងសន្តិសុខក្នុងតំបន់ និងអន្ដរប្រតិបត្តិការដ៏ស៊ីជម្រៅរវាងកងកម្លាំងការពារជាតិអូស្ដ្រាលី និងអាមេរិកដើម្បីហ្វឹកហ្វឺនក្នុងការទប់ស្កាត់ស្ថានការណ៍គ្រោះអាសន្នធម្មជាតិ។
តាំងពីឆ្នាំ២០១១ មក មូលដ្ឋានកងទ័ពជើងទឹកអាមេរិកឈ្មោះថា Darwin មិនបានប្រើប្រាស់ដែនដីភាគខាងជើងរបស់អូស្រ្ដាលីនេះយ៉ាងសកម្មទេក្នុងការ ទប់ទល់ឥទ្ធិពលប្រឆាំង នឹងចិន ដែលកំពុងពង្រីកកំលាំងទ័ពរបស់ខ្លួនយ៉ាងធំ ហើយដែលជាការំគំរាមកំហែងសន្តិសុខសមុទ្រប៉ាស៊ីហ្វិក ។
ក្រសួងកាពាជាតិ អាមេរិក និងអូស្ត្រាលី បានពង្រីកការហ្វឹកហាត់យោធានឹងនាវាមុជទឹកប្រមាណជា ២០០គ្រឿង ហើយទៅថ្ងៃខាងមុខនឹងអាចឈានដល់ ២ពាន់ ៥រយ គ្រឿងដែលធ្វើឡើង តាមគោលបំណងអតីតប្រធានាធិបតី បារ៉ាក់អូបាម៉ា ហើយមិនត្រឹមតែនាវាមុជទឹកទេ កងទ័ពអាមេរិក ក៏នឹងពង្រីកខ្លួន បន្ថែមនៅទីនោះដែរ។
ការវិនិយោគវិស័យយោធារវាងទាំងពីរប្រទេសនេះ កើតឡើងបន្ទាប់ ពីសារព័ត៌មានជាច្រើនចុះផ្សាយថាទឹកដីអាស៊ីប៉ាស៊ីហ្វិច ជាពិសេស ដែនកោះភាគខាងត្បូងនៃតំបន់នេះកំពុងលង់ខ្លួនទទួលយកចិនជាសម្ព័ន្ធមិត្តដើម្បីពង្រីកវិស័យយោធាតំណាលគ្នានឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្រោមជំនួយរបស់ ចិនរាប់ពាន់លានដុល្លារក្នុងផែនការផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។
ស្របពេលដែលចិន ពង្រីកមាឌកងទ័ព លើប្រទេសដែនកោះតូចៗនៃ តំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយះប្រាក់កម្ចី ទៅអោយប្រទេស ទាំងនោះ គឺជាក់ស្ដែងកាលពីខែកញ្ញា ប្រទេសកោះចំនួនពីរគឺកោះគីរីបាទីនិង កោះសូលូម៉ុនបានផ្ដាច់ទំនាក់ទំនងការទូតជាមួយនឹងកោះតៃវ៉ាន់ដែលជាសម្ព័ន្ធមិត្ត នឹងគ្នា យូរលង់មកហើយ។
កោះសូលូម៉ុន មិនត្រឹមតែជាមិត្តជិតស្និទ្ធរបស់តៃវ៉ាន់ប៉ុណ្ណោះទេ តែធ្លាប់ជាមិត្តរបស់អាមេរិកផងដែរ។ ឥឡូវ ដែនដីកោះ ទាំងពីរនេះបានប្រកាសបើកទំនាក់ទំនងភ្លាមៗជាមួយចិន ហើយ។ បើតាមព័ត៌មាន កោះសូលូម៉ុនបានឱ្យចិនដាក់មូលដ្ឋានទ័ព។ ចំណែកកោះគីរីបាទី បានអនុញ្ញាតឱ្យចិនដាក់ប្រព័ន្ធរ៉ាដាចាប់កាំជ្រួច។
បើតាមសារព័ត៌មានអូស្រ្ដាលី Starstripes កោះសូលូម៉ុនប្រគល់ខ្លួនទាំងស្រុងជួលឱ្យប្រទេសចិនដើម្បីដាក់កងទ័ព ស្របពេលដែល កោះ Manus របស់ប្រទេស ប៉ាពូញ៉ូហ្គូនៀ ក៏ចិនកំពុងចែចូវផងដែរ។
ដោយឡែកសារព័ត៌មានស៊ើបអង្កេត របស់អាមេរិក The National Interests បានធ្វើការវិភាគ ដោយប្រាប់ទៅសហរដ្ឋអាមេរិកថាត្រូវតែ បង្កើនយុទ្ធសាស្រ្ដលើទឹកដីអាស៊ីប៉ាស៊ីហ្វិច ទប់ទល់នឹងចិនជាបន្ទាន់ និងសកម្មជាងមុន។
The National Interests មើលឃើញទៀតថា ប្រការនេះ គឺអាមេរិកត្រូវបានបន្ដចាប់ដៃជាមួយនឹងប្រទេសប្រជាធិបតតេយ្យជឿនលឿន គឺដូចជាប្រទេស អូស្រ្ដាលីក្នុងការពង្រីកវិស័យយោធាបន្ថែមទៀត៕