28 C
Phnom Penh

ឯកអគ្គរាជទូតថ្មីរបស់អាមេរិក បង្ហាញភាពវិជ្ជមានថានឹងកើតឡើងក្នុងពេលឆាប់ៗនេះ ដើម្បីពង្រឹងទំនាក់ទំនងជាមួយកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy អះអាងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែ ខាងមុខទៀតនេះ សហរដ្ឋអាមេរិកនឹងពង្រឹងទំនាក់ទំនងដ៏សំខាន់ សម្រាប់ភាពរុងរឿង ប្រជាធិបតេយ្យ និងអធិបតេយ្យភាពរបស់កម្ពុជា។

ទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា កាលពីថ្ងៃម្សិលមិញបានលើកឡើងថា លោក Patrick Murphy បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព ហើយបានពិភាក្សាគ្នាអំពីការគាំទ្រដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក ចំពោះប្រជាពលរដ្ឋកម្ពុជា និងសម្រាប់កម្ពុជា ដើម្បីភាពរុងរឿង ប្រជាធិបតេយ្យ និងអធិបតេយ្យភាព។

លោក Patrick Murphy បានបញ្ជាក់ពីក្តីសង្ឃឹមចំពោះជំហានបន្តបន្ទាប់ ពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក លើការពង្រឹងទំនាក់ទំនងជាមួយកម្ពុជាលើវិស័យទាំងនេះ និងវិស័យផ្សេងទៀត។

កាលពីថ្ងៃម្សិលមិញនោះ លោក ហ៊ុន សែន ក៏បានប្តេជ្ញាបន្តពង្រីក និងពង្រឹងទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិកឱ្យកាន់តែប្រសើរថែមទៀត។

លោក ហ៊ុន សែន អះអាងថា មូលហេតុដែលកម្ពុជាត្រូវពង្រីក និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ដោយសារកន្លងមកប្រទេសទាំងពីរមានកិច្ចសហការជាមួយគ្នាលើគ្រប់វិស័យ។

ក្រុមអ្នកវិភាគមួយចំនួនមើលឃើញថា ចរន្តន៍នយោបាយរបស់អាមេរិកអាចនឹងមានការប្រែប្រែលសម្រាប់កម្ពុជា ក្រោយពេលការសម្រេចបញ្ជូនមនុស្សសំខាន់ៗ និងជាមន្ត្រីដែលមានបទពិសោធន៍ផ្នែកការទូត ដូចជា លោក Patrick Murphy មកកាន់ដំណែងជាឯកអគ្គរដ្ឋទូតនៅប្រទេសតូចមួយនៅតំបន់អាស៊ានមួយនេះ។

ការតែងតាំង លោក Murphy នៅពេលនេះ ក៏ចំពេលទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក មានភាពល្អក់កករនឹងគ្នាកាន់តែខ្លាំង ក្រោយពីមានការសង្ស័យថាកម្ពុជាបានផ្តល់ទឹកដីរបស់ខ្លួនទៅឱ្យចិនដើម្បីតាំងមូលដ្ឋានយោធាជើងទឹកក្នុងខេត្តព្រះសីហនុ និងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង រវាងប្រទេសក្នុងតំបន់អាស៊ានមួយចំនួន ជាមួយចិន ផងដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស