27 C
Phnom Penh

ក្រុមអ្នកវិភាគនិយាយថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាយ័ន្តទេវតាការពារការឈ្លានពានទឹកដីពីប្រទេសជិតខាង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលនិយាយថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា គឺជាយ័ន្តស័ក្តិសិទ្ធក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាការឈ្លានរបស់ប្រទេសជិតខាង។

អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារូ បានអះអាងនៅក្នុងកម្មវិធី Idea Talk របស់សាព័ត៌មាន The Cambodia Daily កាលពីថ្ងៃពុធថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាច្បាប់អន្តរជាតិពិសេសមួយដែលសុពលភាពជានិរន្ត ដើម្បីការពារសន្តិភាព ប្រជាធិបតេយ្យសេរីពហុបក្ស និងការពារទឹកដីកុំឲ្យមានការជ្រៀតជ្រែក ឬរំលោភបំពានពីប្រទេសជិតខាង។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានបង្កើតឡើងដោយមានការចូលរួមពីបណ្តាប្រទេសចំនួន១៩នៅទូទាំងពិភពលោករួមទាំងកម្ពុជាផងដែរ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់សង្គ្រាមបង្ហូរឈាមដ៏រ៉ាំរ៉ៃរវាងខ្មែរ និងខ្មែរ ហើយនាំមកនូវលទ្ធិប្រជាធិបតេយ្យសេរីភាពពហុបក្សដល់ប្រទេសកម្ពុជា។

ប៉ុន្តែកាលពីថ្ងៃអង្គារ លោក ហ៊ុន សែន អះអាងថា បច្ចុប្បន្នកម្ពុជា កំពុងអនុវត្តតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនមែនជាការគោរពលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនោះឡើយ។ 

លោក ហ៊ុន សែន អះអាងថាបើកម្ពុជាត្រូវអនុវត្តកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺមានន័យថា កម្ពុជាត្រូវដោះលែងមេដឹកនាំខ្មែរក្រហម គឺលោក ខៀវ សំផន ដែលកំពុងជាប់ឃុំ ហើយរំលាយតុលាការកូនកាត់ខ្មែរក្រហមចោលតែម្តង។ លើសពីនេះ លោកថា បើកម្ពុជាអនុវត្តកិច្ចស្មារតីនៃកិច្ចព្រមព្រៀងមែន នោះវត្តមានរបស់ព្រះមហាក្សត្រក៏នឹងត្រូវបានបញ្ចប់ដែរ។

ប៉ុន្តែបណ្ឌិត សូ ណារ៉ូ អះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាសន្ធិសញ្ញាអន្តរជាតិមួយដែលគ្មានមាត្រាណាមួយចែងអំពីការបាត់បង់សុពភាព ឬផុតរលត់សុពលភាពនោះឡើយ។ លោកបន្តថាគ្រួសារត្រកូល ហ៊ុន អាចនឹងត្រូវការកិច្ចព្រមព្រៀងនេះជាចាំបាច់ ប្រសិនបើបក្សកាន់អំណាចបច្ចុប្បន្នអាចក្លាយទៅបក្សប្រឆាំងវិញនៅពេលអនាគត ដោយប្រការណាមួយនោះ។

អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ីរូបនេះអះអាងថា ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងលោក ខៀវ សំផន អតីតមេដឹកនាំជាន់ខ្ពស់របបវាលពិឃាត និងរំលាយតុលាការខ្មែរក្រហមមែន នោះតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC អាចបន្តដំណើរការកាត់ទោសក្រុមមេដឹកនាំជាន់ខ្ពស់នៃរបបប្រល័យពូជសាសន៍ទាំងនេះទៅមុខបានយ៉ាងមានប្រសិទ្ធិភាពថែមទៀត។

ចំណែក អ្នកវិភាគនយោបាយសង្គមលោក គឹម សុខ វិញអះអាងថា ដោយសារតែហេតុផលការពារអំណាចផ្ដាច់ការ គ្រួសារនិយម របស់ខ្លួន លោក ហ៊ុន សែន បានបន្តព្យាយាមបំភ័ន្តការពិត ហើយភូតភរប្រជាពលរដ្ឋខ្មែរ ដោយប្រកាសថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ បានស្លាប់បាត់ទៅហើយ។ ប៉ុន្តែសម្រាប់ប្រជារាស្ត្រខ្មែរ និងសហគមន៍អន្តរជាតិ នៅតែបង្ហាញការពិត ដោយថា កិច្ចព្រមព្រៀងនេះនៅតែមានជីវិត និងមានសុពលភាពដដែល៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស