នៅទីបំផុតមហាអំណាចចិន បានសម្រេចដកចេញវិញ នូវនាវាស្ទង់អណ្ដូងប្រេងកាតរបស់ខ្លួន ដោយបើកចេញពីដែនទឹកវៀតណាម នៅក្នុងដែនទឹកសមុទ្រចិនខាងត្បូងបន្ទាប់ពី បានស្ថិតនៅជាង៣ខែ ដែលក្រុងហាណូយបានស្វះស្វែងជាខ្លាំង រកការគាំទ្រ ពីសម្ព័ន្ធមិត្ត ប្រឆាំងនឹងចិន។
សាព័ត៌មាន សិង្ហបុរី Channel News Asia ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៤តុលានេះថា នាវារបស់ចិនមួយគ្រឿងនេះ មានឈ្មោះថា Haiyang Dizhi 8, បានបើកយ៉ាងលឿនចេញពី ពីដែនទឹកនៃតំបន់សេដ្ឋកិច្ចពិសេស របស់វៀតណាម នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ ដោយមាននាវាពិឃាត២គ្រឿង អមដំណើរត្រឡប់ទៅវិញថែមទៀត។
តំបន់សមុទ្រ ចិនខាងត្បូងដែលមហាអំណាចចិន កំពុងចូលកាន់កាប់ គឺមានកោះរាប់សិប ប៉ុន្តែតំបន់ ប្រជុំកោះធំពីរគឺកោះប៉ារ៉ាហ្សែល និងស្ព្រាតលី កំពុងស្ថិតក្នុងជំលោះ រវាង ប្រទេសក្នុងសមាគមអាស៊ាន ចំនួន៤ ឈ្លោះជាមួយចិន គឺក្នុងនោះ មាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ ។ ចំណែកកោះតៃវ៉ាន់ក៏បានអះអាងថា ខ្លួនមានចំណែកមួយដែរនៅតំបន់នោះ ។
ភាពតានតឹងរវាង ក្រុងហាណូយនឹង ក្រុងប៉េកាំង បានកើនឡើង នៅពេលដែលចិន បានបញ្ជូនវានា នេះ មកស្ទង់រកអណ្ដូងប្រេងកាត តាំងពីដើមខែកក្កដា ឆ្នាំ២០១៩នេះដែលធ្វើអោយវៀតណាម មានកំហឹងជាខ្លាំង។ ដោយសាររឿងនេះ ពលរដ្ឋវៀតណាម ច្រើនពាន់នាក់បានធ្វើបាតុកម្ម ដោយទាមទារអោយចិនដកនាវានោះត្រឡប់ទៅវិញ ព្រោះថាទីនោះ ជាដែនទឹករបស់ វៀតណាម។
នៅក្នុងបាតុកម្ម របស់ពលរដ្ឋវៀតណាម កាលពីចុងខែសីហា ធ្វើឡើងនៅខាងមុខស្ថានទូតចិន នៅក្រុងហាណូយ ប៉ូលិសវៀតណាមមិន បានប្រើហិង្សាទៅលើពលរដ្ឋរបស់នោះទេ ប៉ុន្តែបានសុំអោយ បំបែកការប្រមូលផ្ដុំ។ អ្នកវិភាគម្នាក់ មកពីវិទ្យាស្ថាន អន្តរជាតិ សិក្សាអំពីយុទ្ធសាស្ត្រ នៃតំបន់ជម្លោះសមុទ្រចិនខាងត្បូងដែលមានមូលដ្ឋាននៅសិង្ហបុរី មើលឃើញថា ចិនមិនចង់អោយក្រុមហ៊ុនរុករកប្រេងណាមួយខុសពី សមាគមអាស៊ាន មកស្រាវជ្រាវកំណត់ប្រេងនិងឧស្ម័ននៅតំបន់សមុទ្រចិនខាងត្បូងនោះទេ។
អ្នកវិភាគលោក Ha Hoang Hop និយាយថាចិនបាន សម្រេចដកនាវានេះត្រឡប់វិញ ភ្លាមៗ បន្ទាប់ពី បានបញ្ចប់ការខួងរកអណ្ដូងប្រេងកាត នៅប្លុក ៦ចុច១ ដែលចិន យកក្រុមហ៊ុនប្រេងឈ្មោះ Rosneft ពីប្រទេសរុស្សី មកជួយបច្ចេកទេស។
គេនៅចាំបានថា កាលអំឡុងឆ្នាំ១៩៧៤ ចិនបានលើកកងទ័ពជាច្រើនកងពលចូលកាន់កាប់ ប្រជុំកោះប៉ារ៉ាហ្សែល ដែលវៀតណាម កាន់កាប់ ។ នៅពេលនេះ ទ័ពចិន និងទ័ពវៀតណាម បានប៉ះទង្កិចគ្នាដោយបង្ហូរឈាម។ តែទំបំផុត ចិនកាន់កាប់កោះ មួយចំនួននៅតំបន់នោះ ។
សង្រ្គាម ជើងទឹករវាងចិន និងវៀតណាម ធ្លាប់កើតឡើងម្តងរួចមកហើយនៅឆ្នាំ១៩៧៤ ចំពេលដែលវៀតណាម ខាងជើង ជារបបកុម្មុនិស្តបាន ធ្វើសង្រ្គាមជាមួយវៀតណាមខាងត្បូងដែលអាមេរិក គាំទ្រ ។សង្រ្គាម ពេលនោះ គឺ វៀតណាមចុះខ្សោយកម្លាំងទ័ពជាខ្លាំង ហើយចិន ក៏បានកាន់កាប់បានតំបន់កោះនៅទីនោះមួយចំនួន។
ក្រសួងការបរទេសវៀតណាម បានចោទប្រទេសចិន ថាបានរំលោភទាំងស្រុងនៃដែនទឹកប្រវត្តិសាស្ត្ររបស់ខ្លួន ហើយបានទាមទារអោយ ចិន ដកនាវារបស់ចិនពីតំបន់នោះជាបន្ទាន់ បើពុំនោះទេ ក្រុងហាណូយនឹង ប្ដឹងចិនទៅ កាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
កាលពីចុងសប្ដាហ៍មកនេះ ប្រធានាធិបតី និងជា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong លោកបានអំពាវនាវ សុំអោយភាគីចិន និងវៀតណាម មានការសន្ទនាគ្នា ដោយឈរលើភាពអត់ធ្មត់ និងយោគយល់គ្នាឡើងវិញ។
លោកថាវៀតណាម មិនចង់ ធ្វើអ្វីមួយធ្ងន់ជាងនេះទេ ចំពោះចិន ។ ទោះជាចិន ដកនាវារបស់ខ្លួនត្រឡប់ទៅវិញក៏ដោយ សម្រាប់ លោករដ្ឋមន្ត្រីការពារជាតិនៃប្រទេសចិន លោក Wei Fenghe និយាយថា តំបន់សមុទ្រចិនខាងត្បូង គឺជាដែនទឹកប្រវត្តិសាស្ត្រ របស់ចិន ដែល ចិននឹងមិនបណ្ដោយអោយ ទីនោះ ក្លាយជារបស់អ្នកដទៃឡើយ។
តំបន់សមុទ្រចិនខាងត្បូងដែលមាន ផ្ទៃក្រឡា ៣លាន គីឡូម៉ែត្រក្រឡា មិនត្រឹមតែមានភាពតានតឹងជាមួយ ក្រុមប្រទេស ជាសមាគមអាស៊ាននោះ ទេ តែសម្រាប់អាមេរិក ឥណ្ឌា ជប៉ុន អង់គ្លេស អូស្ត្រាលី បារាំង អាល្លឺម៉ង់ ក៏បានអះអាងថា ទីនោះ គឺជាផ្លូវនាវាចរណ៍អន្តរជាតិ ដែលចិន មិនមានសិទិ្ធផ្ដាច់មុខនោះឡើយ។ សហរដ្ឋអាមេរិក តែងតែ នាំនាវាចម្បាំង បើកកាត់ និងធ្វើសមយុទ្ធទ័ពជើងទឹករបស់ខ្លួន ជាមួយប្រទេស ក្នុងសមាគមអាស៊ាន ដែលនាំអោយចិន ខឹងសម្បាជាខ្លាំង៕