ព័ត៌មានជាតិ

តុលាការកំពូលសម្រេចលើកពេលប្រកាសសាលក្រមសុំនៅក្រៅឃុំលើសំណុំរឿង លោក គង់ រ៉ៃយ៉ា

By ឌឹ ខេមបូឌា ដេលី

October 29, 2019

តុលាការកំពូល នៅថ្ងៃនេះ បានសម្រេចលើកពេល ប្រកាសសាលក្រមលើសំណុំសុំនៅក្រៅឃុំរបស់យុវជនកែម ឡី និយម គឺលោក គង់ រ៉ៃយ៉ា ទៅសប្តាហ៍ក្រោយវិញ។

ភរិយារបស់លោក គង់ រ៉ៃ យ៉ា គឺ អ្នកស្រី សុខ ស្រីនិច បានឱ្យដឹងថា នៅព្រឹកនេះតុលាការកំពូលសម្រេចលើកថ្ងៃប្រកាសសាលក្រមសំនុំរឿងបណ្ដឹងស្នើសុំនៅក្រៅឃុំករណីស្វាមីអ្នកស្រី ទៅធ្វើនៅថ្ងៃចន្ទទី៤វិច្ឆិកា សប្ដាហ៍ក្រោយវិញ។អ្នកស្រី ស្ទើរតែស្រក់ទឹកភ្នែកនៅពេលដែលឃើញស្វាមីដៃគាត់ជាប់ខ្នោះ ហើយគាត់ព្យាយាមកាន់កូនទាំងដែរដៃជាប់ខ្នោះទាំងសងខាង ដោយបាននិយាយថានឹកកូន ព្រោះខានអោបនិងបីកូនរបស់ខ្លួនយូរណាស់ហើយ។ អ្នកស្រីព្យាយាមទប់ចិត្តមិនអោយស្រក់ទឹកភ្នែកឡើយ ដោយត្រូវរឹងមាំមិនតក់ស្លុត និងទិដ្ឋភាពដែលកំពុងកើតឡើងនេះឡើយ ហើយព្យាយាមលើកទឹកចិត្តស្វាមីគ្រប់ពេលវេលា។អ្នកស្រីសង្ឃឹមថា តុលាការនឹងដោះលែងស្វាមីរបស់អ្នកស្រីឱ្យមានសេរីភាពវិញ ប្រសិនបើតុលាការគោរពតាមឆន្ទៈ និងវិជ្ជាជីវៈរបស់ខ្លួន ក្នុងការសម្រេចក្តីដោយភាពត្រឹមត្រូវ ព្រោះ លោក គង់ រ៉ៃយ៉ាគ្មានកំហុសឡើយ ។

យុវជនកែមឡីនិយម លោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនមុន ចំថ្ងៃប្រារព្ធខួប៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពី១០កក្កដា ហើយតុលាការក៏បានចោទពួកគេទាំងពីរពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាថិ៍ ដោយគ្រាន់តែលោកបានបង្ហោះសារលក់អាវយឺតដែលមានរូប និងទស្សនៈរបស់លោកបណ្ឌិតកែម ឡី ព្រមទាំងព្យាយាមប្រារព្ធខួបរបស់លោកបណ្ឌិតកែម ឡី នៅស្តារម៉ាតស្តុបបូកគោ ពេលនោះ។

លោក គង់ រ៉ៃយ៉ា បានប្រាប់អ្នកសារព័ត៌មាននៅពេលលោកត្រូវបានបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកក្កដា ថា លោកមិនព្រួយបារម្ភ និងតក់ស្លុតចំពោះការចាប់ឃុំខ្លួនលោកនោះឡើយ ប៉ុន្តែលោកថាក្រុមអ្នកធ្វើបាបលោកទៅវិញទេ ដែលកំពុងដេកភិតភ័យដោយសារអំពើអាក្រក់របស់ពួកគេ។

លោក គង់ រ៉ៃយ៉ា ត្រូវបានអាជ្ញាធរចាប់ និងឃុំខ្លួននៅពន្ធនាគារអស់រយៈពេល ១៨ឆ្នាំ ម្តងរួចមកហើយ កាលពីចន្លោះឆ្នាំ២០១៥ ដល់២០១៧ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីអាជ្ញាធរថាបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកអំពាវនាវឲ្យមានការចូលរួមធ្វើ«បដិវត្តន៍ពណ៌»កាលពីឆ្នាំ២០១៥នោះ៕