តុលាការក្រុងភ្នំពេញ បង្គាប់ឱ្យលោកសម រង្ស៊ី ចូលបំភ្លឺជុំវិញបណ្តឹងរបស់លោក ស ខេង មុនថ្ងៃ៩ ខែវិច្ឆិកា

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្កាប់ឱ្យអតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ចូលបំភ្លឺនៅថ្ងៃទី៧ ខែវិច្ឆិកា ពីរថ្ងៃមុនគម្រោងការវិលត្រឡប់ចូលប្រទេសកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា។

ដីកាបង្កាប់ឱ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ ដែលចេញផ្សាយការពីថ្ងៃទី២១ ខែតុលា ហើយត្រូវបានសមត្ថកិច្ចយកទៅយកទៅបិទនៅរបងផ្ទះរបស់លោក សម រង្ស៉ី ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកនេះ។ ដីកាបង្កាប់ឱ្យចូលខ្លួននោះ បានតម្រូវឲ្យអតីតមេបក្សប្រឆាំងរូបនេះ ចូលបំភ្លឺលើសំណុំរឿងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ            ជាអាទិ៍ ដែលប្តឹងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី ៧ ខែវិច្ឆិកា ខាងមុខនេះ។

ការបង្កាប់ឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី ៧ វិច្ឆិកានេះ ស្របពេលផែនការរបស់លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់របស់ខ្លួនបានកំណត់យកថ្ងៃទី ៩ វិច្ឆិកាដើម្បីចូលមកប្រទេសកម្ពុជា ដោយថាចូលមករកដំណោះស្រាយរួមមួយនៅកម្ពុជា ពិសេសមកយកអំណាចពីលោកហ៊ុន សែន ជូនប្រជាជនកម្ពុជាវិញជាដើម។

កាលពីថ្ងៃទី២ ខែកក្កដា លោក ស ខេង តាមរយៈក្រុមមេធាវីការពារក្តីរបស់ខ្លួនបានដាក់ពាក្យប្តឹងលោក សម រង្ស៊ី  ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ការប្តឹងនេះលោក ស ខេង ថាជាលើកទី១ហើយក្នុងជីវិតនយោបាយរបស់ខ្លួនដែលប្តឹងជនរួមជាតិឯង ដើម្បីជាការព្រមានដល់អ្នកនយោបាយទាំងអស់ឱ្យបំពេញការងារឬ ធ្វើនយោបាយកុំបីមានភាពអាត្មានិយម និងប្រកាន់ភ្ជាប់ភាពត្រឹមត្រូវជាដើម។

ការប្តឹងនោះ ធ្វើឡើងក្រោយពេលលោក សម រង្ស៊ី បានបង្ហោះសារលើទំព័រ Facebook របស់ខ្លួន កាលពីថ្ងៃទី២ និងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ដោយចោទប្រកាន់លោក ហ៊ុន សែន ថាជាមេខ្លោងនៅពីក្រោយខ្នងនៃការសម្លាប់ដន្លងរបស់ខ្លួន និងជាអតីតអគ្គស្នងការនគរបាលជាតិ លោក  ហុក ឡង់ឌី ។

លើសពីនេះ អតីតប្រធានគណបក្សប្រឆាំងដដែល ក៏បានលើកឡើងទៀតថា កូនបង្កើតលោក ហុង ឡង់ឌី គឺ លោក ឌី វិជ្ជា ដែលជាអគ្គស្នងការរងនគរបាលជាតិ និងជាកូនប្រសាររបស់លោក ហ៊ុន សែន បច្ចុប្បន្នផង កំពុងរៀបចំផែនការជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង ដើម្បីកម្ចាត់លោក ហ៊ុន សែន ពីអំណាចដើម្បីសងសឹកឱ្យឪពុកវិញ។

បច្ចុប្បន្នលោក សម រង្ស៊ី រងបណ្តឹងប្រមាណ១០មកហើយ ដែលប្តឹងដោយលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់ខ្លួន ប៉ុន្តែលោកសម រង្ស៊ី អះអាងថាលោកមិនចាប់អារម្មណ៍នឹងបណ្តឹងទាំងនោះឡើយ ព្រោះតុលាការកម្ពុជា ជាតុលាការអាយ៉ងរបស់លោក ហ៊ុន សែន ប៉ុណ្ណោះ ដោយធ្វើការគ្មានឯករាជ្យ គ្មានយុត្តិធម៌ និងក្រោមសម្ពាធនយោបាយផងដែរ៕ 

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.