26 C
Phnom Penh

សកម្មជនព្រៃឈើថា ចំណូលព្រៃឈើកម្ពុជាបានតិចតួច ខណៈទំហំកាប់បំផ្លាញព្រៃឈើនៅតែធំធេង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនព្រៃឈើនៅកម្ពុជា បានលើកឡើងថា ចំណូលថវិកាដែលបានមកពីវិស័យព្រៃឈើរបស់កម្ពុជា មានចំនួនតិចតួចបំផុត ស្របពេលទំហំនៃការបាត់បង់ ព្រៃឈើនៅកម្ពុជា មានសភាពគួរឱ្យបារម្ភ។

ការលើកឡើងនេះ ជាការឆ្លើយតបរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលចេញផ្សាយនៅថ្ងៃទី ២៩ តុលា បង្ហាញថាក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៩ ក្រសួងកសិកម្មទទួលបានចំណូលពីវិស័យព្រៃឈើនៅកម្ពុជាមានចំនួនជាង ៥ លានដុល្លារសហរដ្ឋអាមេរិក។

សកម្មជនព្រៃឈើ លោក ហេង ស្រស់ បានលើកឡើងថាចំនួនទឹកប្រាក់នេះ មានតិចតួចបំផុត ប៉ុន្តែទំហំនៃការបាត់បង់ព្រៃឈើនៅកម្ពុជាគឺមានទំហំធំធេង ។ លោកថា គ្រាន់តែពីចុងឆ្នាំ២០១៨ ដល់ដើមឆ្នាំ២០១៩ ទំហំនៃការកាប់ឈើកម្ពុជារាប់សែនម៉ែត្រគូប ប៉ុន្តែចំណូលជាតិបានជាង៥លានដុល្លារអាមេរិកទៅវិញ។

 លោកបន្តថា បើប្រៀបធៀបទៅនឹងវៀតណាមដែលជាប្រទេសនាំឈើចូលពីកម្ពុជាសោះ ប៉ុន្តែគេអាចរកចំណូលចូលរដ្ឋពីការនាំឈើកែច្នៃទៅក្រៅប្រទេស ដោយគ្រាន់តែ៦ខែដើមឆ្នាំ២០១៩ គឺមានទំហំទឹកប្រាក់ជាង ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយព្រៃឈើគេមិនបាត់បង់ឡើយ។

សកម្មជនព្រៃឈើដដែល មើលឃើញថា ស្ថានភាពព្រៃឈើនៅកម្ពុជាបច្ចុប្បន្នកំពុងប្រឈមការកាប់បំផ្លាញ ហើយកាន់តែប្រឈមការកាប់បំផ្លាញកាន់តែធ្ងន់ធ្ងរនៅរដូវប្រាំងខាងមុខ ដែលនឹងអាចឈានទៅរកភាពវិនាសជាបណ្តើរៗ។

លោក ហេង ស្រស់ យល់ថាមូលហេតុទំហំនៃការបាត់បង់ព្រៃឈើធំធេង ប៉ុន្តែចំណូលចូលរដ្ឋបានតិចតួច  ដោយសារអំពើពុករលួយ ដែលកើតឡើងពីការឃុបឃិតគ្នារវាង ឈ្មួញរកស៊ីឈើ ហើយបង់ប្រាក់សំណូកទៅឱ្យមន្ត្រីមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីតាមព្រំដែនមួយចំនួន ជាថ្នូរនឹងការបើកដៃចូលមកកាប់ឈើ និងដឹកជញ្ជូនឈើទៅក្រៅប្រទេស ពិសេសចេញទៅប្រទេសវៀតណាមដោយខុសច្បាប់ គ្មានការបង់ពន្ធចូលរដ្ឋជាដើម។

កាលពីខែកក្កដា សារព័ត៌មានវៀតណាមមួយ បានចុះផ្សាយថាគ្រាន់តែ៦ខែដើមឆ្នាំ ២០១៩ រដ្ឋវៀតណាមរកចំណូលពីការនាំផលិតផលឈើកែច្នៃចេញទៅក្រៅប្រទេសបានចំនួនជាង៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយវៀតណាមរំពឹងថាឆ្នាំ២០១៩នេះ ពួកគេនឹងរកចំណូលពីវិស័យមួយនេះ បានប្រមាណ១១ពាន់លានដុល្លារសហរដ្ឋអាមេរិកទៀតផង។

កាលពីថ្ងៃទី ១៩ កក្កដា ខ្សែអាត់សំឡេងរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក សៅ សុខា ដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកបានបានលើកឡើងថា លោកមានអារម្មណ៍ខ្មាស់អៀនជាខ្លាំង នៅពេលព្រៃឈើនៅកម្ពុជាបាត់បង់កាន់តែច្រើន ប៉ុន្តែលុយចូលជាតិគ្មាន។ លោកថាខ្មាសប្រទេសជិតខាង ដោយទំនងសំដៅទៅប្រទេសវៀតណាម ថាប្រទេសគេព្រៃឈើនៅរក្សាសល់ជាង ៦០ភាគរយនៃផ្ទៃប្រទេស ប៉ុន្តែគេអាចរកចំណូលពីវិស័យព្រៃឈើបានរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកទៅវិញ៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស